សហរដ្ឋអាមេរិក ជាលើកដំបូងបានកត់ត្រាតួលេខអ្នកស្លាប់ដោយសារCovid-19 ជាង2,000ករណីនៅក្នុងមួយថ្ងៃ រាប់ចាប់ពីខែឧសភា ពោលគឺមានន័យថា រៀងរាល់40វិនាទី មានអ្នកជំងឺCovid-19 ម្នាក់បានបាត់បង់ជីវិត។
សហរដ្ឋអាមេរិកដែលជាសម្បុកវីរុសCovid-19 ធំជាងគេលំដាប់ទីមួយក្នុងពិភពលោក បានរកឃើញអ្នកឆ្លងវីរុសសរុប 13,137,962នាក់ និងស្លាប់សរុប268,219នាក់ ក្នុងនោះមានករណីវិជ្ជមានថ្មីចំនួន186,409នាក់ និងស្លាប់ថ្មីចំនួន2,367នាក់នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី24វិច្ឆិកា សហរដ្ឋអាមេរិកមានអ្នកជំងឺCovid-19 ដល់ទៅ2,157នាក់បានស្លាប់នៅក្នុងអំឡុង24ម៉ោង ពោលគឺមានន័យថា រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់។ នេះគឺជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ជាង2,000នាក់នៅក្នុងមួយថ្ងៃដោយសារCovid-19 បើរាប់ចាប់ពីខែឧសភា។ តួលេខអ្នកជំងឺCovid-19 ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី25វិច្ឆិកាមានចំនួនជាង88,000ករណី ខណៈដែលបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន2.3លាននាក់នៅក្នុងរយៈពេល2សប្ដាហ៍កន្លងទៅ។
នៅទូទាំងពិភពលោក វីរុស Covid-19 បានឆ្លងទៅមនុស្សសរុបចំនួន 60,715,719នាក់ និងបានសម្លាប់មនុស្សចំនួន 1,426,734នាក់ ក្នុងនោះ អ្នកជំងឺបានកើនឡើងជាង575,730នាក់ និងអ្នកស្លាប់កើនឡើង11,486នាក់ ខណៈអ្នកជំងឺ42,028,241នាក់បានជាសះស្បើយ។ ចំណែកអ្នកជំងឺកំពុងព្យាបាលមានចំនួន17,260,744នាក់ ក្នុងនោះមានអ្នកជំងឺ 103,933នាក់កំពុងប្រឈមនឹងការស្លាប់៕
ប្រភព៖ Reuters, Worldometers