ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យា Tel Aviv នៃប្រទេសអ៊ីស្រាអែល ទើបតែបានប្រកាសលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាព្យាបាលជំងឺមហារីកបែបថ្មីដែលមានឈ្មោះថា “កន្ត្រៃល្អិត” ដែលវាអាចជួយព្យាបាលជំងឺមហារីកឱ្យជាដាច់ និងមិនមានផលប៉ះពាល់អ្វីឡើយ។
ថ្មីៗនេះ សារព័ត៌មាន The Times of Israel របស់ប្រទេសអ៊ីស្រាអែល បានចុះផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសនេះ ទើបតែបានរកឃើញវិធីថ្មីក្នុងការព្យាបាលជំងឺមហារីក ដោយការប្រើប្រាស់វិធីសាស្ត្រ “កន្ត្រៃល្អិត” សំដៅទៅលើការកាត់កោសិកាមហារីកនៅលើសត្វកណ្ដុរក្នុងបន្ទប់ពិសោធន៍ ខណៈដែលវាមិនប៉ះពាល់ដល់កន្លែងផ្សេងៗដែលនៅជុំវិញកោសិកាមហារីកនោះ។
សាស្ត្រាចារ្យ Dan Peer អ្នកឯកទេសផ្នែកជំងឺមហារីកមកពីសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា៖ “នេះគឺជាការសិក្សាស្រាវជ្រាវដំបូងគេបង្អស់ក្នុងពិភពលោកដែលបញ្ជាក់ថា បច្ចេកវិទ្យាកែលម្អហ្សែន CRISPS មានតួនាទី “កាត់” DNA អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីកនៅលើសត្វ”។
លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះ បានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យផ្ទៀងផ្ទាត់ និងត្រូវបានចុះផ្សាយលើទស្សនាវដ្ដីវិទ្យាសាស្ត្រ Science Advance។
សាស្ត្រាចារ្យ Peer ថ្លែងថា៖ “វិធីសាស្ត្រព្យាបាលនេះមិនផ្ដល់ផលវិបាក ហើយយើងខ្ញុំជឿជាក់ថា កោសិកាមហារីកដែលត្រូវបានព្យាបាលដោយវិធីសាស្ត្រនេះនឹងមិនដំណើរការត្រលប់ឡើងវិញឡើយ។ បច្ចេកវិទ្យានេះអាចពន្យារជីវិតរបស់អ្នកជំងឺមហារីក ហើយយើងសង្ឃឹមថា ថ្ងៃណាមួយវានឹងអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយមិនខាន”។
លោក Peer សង្កត់ធ្ងន់ថា៖ “បើសិនយើងអាចប្រើប្រាស់បច្ចេកវិទ្យានេះ នោះការព្យាបាលតែ3លើកប៉ុណ្ណោះ គឺអាចកម្ចាត់សាច់មហារីកបានមួយដុំ។ បច្ចេកទេសនេះអាចកាត់ DNA នៅក្នុងកោសិកាមហារីក ហើយកោសិកាមហារីកទាំងនោះនឹងមិនអាចមានវត្តមានឡើងវិញបានឡើយ”។
សាស្ត្រាចារ្យ Peer បានហៅវាថា ជា “វិធីព្យាបាលពេញលេញជាងមុន” ហើយក៏សង្ឃឹមថា វានឹងជំនួសវិធីព្យាបាលដែលបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមហារីក ព្រោះតែការព្យាបាលនាបច្ចុប្បន្នតែងតែជះឥទ្ធិពលដល់រាងកាយទាំងមូល។
ការស្រាវជ្រាវដែលប្រើប្រាស់បច្ចេកវិទ្យាកែលម្អហ្សែននាបច្ចុប្បន្ន ត្រូវបានគេប្រើប្រាស់សម្រាប់តែការព្យាបាលជំងឺកម្រមួយចំនួន និងនៅលើតែកោសិកាដែលត្រូវបានកម្ចាត់ចេញពីរាងកាយតែប៉ុណ្ណោះ។ វា (DNA) ត្រូវបានកែប្រែដើម្បីកែលម្អ ឬ “លុបបំបាត់” កោសិកាមហារីក។
អត្ថបទដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Science Advance បានឱ្យដឹងអំពីការសាកល្បងប្រើប្រាស់បច្ចេកទេសនេះនៅលើសត្វកណ្ដុររាប់រយក្បាល ដែលក្នុងនោះសាស្ត្រាចារ្យ Peer បានបញ្ជាក់ថា វាអាចត្រូវបានប្រើប្រាស់នៅលើមនុស្សបន្ទាប់ពី2ឆ្នាំទៀត។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កណ្ដុរទាំងឡាយដែលកើតជំងឺមហារីក និងត្រូវបានព្យាបាលដោយវិធីសាស្ត្រខាងលើ មានអាយុវែងជាងទ្វេដងធៀបនឹងក្រុមកណ្ដុរផ្ទុយពីនេះ ហើយអត្រានៃការរស់រានមានជីវិតក៏ខ្ពស់ជាង30%ផងដែរ។
សាស្ត្រាចារ្យ Peer ឱ្យដឹងថា នៅពេលត្រូវបានសម្រួលឱ្យសមស្របជាមួយមនុស្ស វិធីសាស្ត្រព្យាបាលនេះនឹងត្រូវបានធ្វើបដិរូបកម្មដែលអាចប្រើបានទៅតាមលក្ខខណ្ឌអំណោយផលរបស់អ្នកជំងឺម្នាក់ៗ ដោយយោងទៅតាមលទ្ធផលនៃការវាយតម្លៃជាក់ស្ដែង និងត្រូវបានធ្វើឡើងដោយការចាក់ថ្នាំដោយប្រយោល ឬដោយផ្ទាល់ទៅក្នុងដុំសាច់មហារីក ដែលនេះអាស្រ័យទៅតាមប្រភេទដែលសមស្របបំផុត។
“បច្ចេកវិទ្យានេះ ត្រូវការអភិវឌ្ឍន៍បន្ថែមទៀង ប៉ុន្តែប្រការសំខាន់បំផុតនោះគឺថា យើងបានធ្វើការបញ្ជាក់ហើយថា បច្ចេកវិទ្យានេះអាចកម្ចាត់កោសិកាមហារីកបាន” សាស្ត្រាចារ្យ Peer មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។
លោក Peer យល់ថា ថ្នាំចាក់ រួមមានសមាសធាតុចំនួន3៖ ទីមួយគឺ ណាណូ (nano) 1គ្រាប់ដែលត្រូវបានផ្សំឡើងអំពី lipid ទីពីរគឺ RNA ព័ត៌មានដែលត្រូវបានបំប្លែងជាកូដ និងមានតួនាទីជា “កន្ត្រៃល្អិត” ដើម្បីកាត់ DNA និងទីបីគឺប្រព័ន្ធកំណត់ទិសដែលអាចកំណត់អត្តសញ្ញាណរបស់កោសិកាមហារីក។
“នៅពេលដែលយើងខ្ញុំបានលើកឡើងជាលើកដំបូងអំពីវិធីសាស្ត្រព្យាបាលជាមួយនឹង RNA ព័ត៌មាន កាលពី12ឆ្នាំមុន គ្រប់គ្នាគិតថា នោះគឺជាវិទ្យាសាស្ត្របែបប្រឌិត។ ខ្ញុំជឿជាក់ថា នៅក្នុងអនាគតដ៏ខ្លីខាងមុខ យើងនឹងមានវិធីសាស្ត្រព្យាបាលជំងឺដទៃទៀតដែលត្រូវបានធ្វើបដិរូបកម្មដោយយោងទៅលើហ្សែន សម្រាប់អ្នកជំងឺមហារីក និងជំងឺតំណពូជផ្សេងៗទៀត”៕
ប្រភព៖ The Times of Israel