ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ បានឱ្យដឹង បានរកឃើញករណីវិជ្ជមាននឹងCovid-19 ចំនួន1ករណីបន្ថែមទៀត ដែលនេះបាននាំឱ្យតួលេខសរុបកើនដល់307នាក់ ស្របពេលដែលពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសជាង60លាននាក់។
ការឆ្លងថ្មី1ករណីខាងលើនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី24វិច្ឆិកា ហើយអ្នកជំងឺគឺជាបុរសជនជាតិនេប៉ាល អាយុ37ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ បុរសនេះបានធ្វើដំណើរពីប្រទេសនេប៉ាល់ទៅកាន់ដូហា និងបន្តជើងហោះហើរនៅកូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី11វិច្ឆិកា។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបចំនួន307នាក់ ក្នុងនោះមាន298នាក់បានជាសះស្បើយ និង9នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក នៅទូទាំងពិភពលោកវិញ វីរុសCovid-19 បានឆ្លងទៅមនុស្សចំនួន 60,099,771នាក់ ក្នុងនោះមាន1,414,621នាក់បានស្លាប់ និង41,549,934នាក់បានជាសះស្បើយ ខណៈ17,135,216នាក់កំពុងសម្រាកព្យាបាល៕