បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ បន្ទាប់ពីការធ្វើតេស្តលើកទី4 ដែលជាលើកចុងក្រោយទៅលើអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា កម្ពុជាក៏បានអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងពិធីជួបជុំផ្សេងៗឡើងវិញ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ (18វិច្ឆិកកា) បានប្រកាសអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី23វិច្ឆិកាខាងមុខ។ ការអនុញ្ញាតនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលបានប្រកាសថា ការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកានឹងត្រូវបិទបញ្ចប់នៅថ្ងៃទី19វិច្ឆិកាចំពោះរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ ព្រៃវែង និងកំពុងធំ ខណៈដែលខេត្តក្រុងមួយចំនួនទៀតនឹងត្រូវបានបិទបញ្ចប់នៅថ្ងៃទី25ខាងមុខ។
សម្ដេចតោជោក៏បានស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ និងពិធីផ្សេងៗទៀតឡើងវិញ ប៉ុន្តែ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការឆ្លងវីរុសCovid-19។
សូមរំលឹកថា កម្ពុជាបានផ្អាកដំណើរការសាលារៀន ទីជួបជុំនានា រួមនឹងព្រឹត្តិការណ៍ផ្សេងៗដែលមានមនុស្ស បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី លោក Peter Szijjarto បានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី3វិច្ឆិកា និងត្រូវគេធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសCovid-19 បន្ទាប់ពីទៅដល់ប្រទេសថៃ។ ក្រោយមក កម្ពុជាក៏បានរកឃើញមនុស្សចំនួន4នាក់បានឆ្លងវីរុសCovid-19 នៅក្នុងចំណោមមនុស្ស 1422នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងCovid-19 សរុបចំនួន 304នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង13នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕