ប្រមុខរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការធ្វើតេស្តរកវីរុសCovid-19 របស់សម្ដេច សម្រាប់លើកទី4នេះ បានបង្ហាញថា អវិជ្ជមាន។
នៅលើទំព័រ Facebook របស់សម្ដេចតេជោ ហ៊ុនសែន កាលពីព្រឹកមិញនេះ បានឱ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកទី4 ដែលជាលើកចុងក្រោយនៅក្នុងការតាមដានស្វែងរកវីរុសCovid-19 ដែលសម្ដេចបានទទួល បង្ហាញថា សម្ដេចមិនបានឆ្លងវីរុសនេះទេ។ ដូច្នេះ ការបំពេញការងាររបស់សម្ដេច នឹងត្រូវបានធ្វើឡើងដូចដើម ចាប់ពីថ្ងៃទី19វិច្ឆិកាតទៅ។
ពាក់ព័ន្ធនឹងបញ្ហាCovid-19 សម្តេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ រួមនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ សម្តេចក៏សូមអរគុណដល់បងប្អូនដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល14ថ្ងៃតាម ការណែនាំរបស់ក្រសួងសុខាភិបាល។
សូមរំលឹកថា គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុបចំនួន 304នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង13នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕