ក្រសួងសុខាភិបាលបានរាយការណ៍ថា ក្នុងអំឡុង24ម៉ោងកន្លងទៅនេះ កម្ពុជាបានធ្វើតេស្តរកឃើញអ្នកផ្ទុកCovid-19 ចំនួន1នាក់បន្ថែមទៀត ប៉ុន្តែនេះគឺជាករណីនាំចូល។
អ្នកជំងឺខាងលើគឺជាស្ត្រីជនជាតិខ្មែរ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ស្ត្រីដែលមានអាយុ49ឆ្នាំរូបនេះ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី16វិច្ឆិកា។ បច្ចុប្បន្ន អ្នកជំងឺនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែ នាទីក្រុងភ្នំពេញ។
ចំណែកមនុស្សចំនួន123នាក់ដែលបានរួមដំណើរជាមួយស្ត្រីខាងលើ ក៏កំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក14ថ្ងៃ នៅសាលាអនុវិទ្យាល័យបុរី100ខ្នង និងសណ្ឋាគារចំនួន4 រួមនឹងស្ថានទូតជប៉ុន នៅភ្នំពេញ។
ដោយឡែក ទាក់ទងនឹងព្រឹត្តិការណ៍3វិច្ឆិកា បច្ចុប្បន្ននៅសល់អ្នកជំងឺ3នាក់ទៀតដែលកំពុងសម្រាកព្យាបាល។ ក្នុងរយៈពេល24ម៉ោងមុននេះ កម្ពុជាក៏មិនបានរកឃើញករណីវិជ្ជមានណាមួយទៀត ទាក់ទិននឹងព្រឹត្តិការណ៍នេះទេ។
គិតមកដល់ថ្ងៃទី18វិច្ឆិកា2020នេះ កម្ពុជាបានរកឃើញអ្នកឆ្លងCovid-19 សរុបចំនួន 304នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង13នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕