បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ក្នុងអំឡុងពេល 1ឆ្នាំដំបូងហើយ ពេលឆ្លងចូលដល់ឆ្នាំទី 2-3 យើងអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះឱ្យចូលជាមួយនឹងសមត្ថភាពរបស់កុមារ និងបង្កឱ្យកើតជាជំនាញផ្សេងៗដែលចាំបាច់ត្រូវប្រើពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។
នៅក្នុងវ័យនេះ គឺជាអំឡុងពេលមួយសំខាន់ណាស់ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូន ជាពិសេសបំផុតជំនាញផ្សេងៗដែលត្រូវប្រើពេលនៅក្នុងសាលា…តើមានអ្វីខ្លះនោះ? សូមតាមដានដូចតទៅ ៖
- ការចែករំលែក ៈ ដើម្បីឱ្យកូនបានស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេងជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។
- ការចេះជួយខ្លួនឯង ៈ ដូចជាការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង ពាក់ស្បែកជើងដោយខ្លួនឯង ជាដើម។
- ការធ្វើបានតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ ៈ ដូចជាយកសៀវភៅទៅដាក់លើតុ ប្រមូលសៀវភៅដាក់ចូលកាបូប-ល- ។
- ការហាត់ឆ្លើយតប ពេលមានសិស្សដទៃមកនិយាយជាមួយ។
- បង្ហាត់ឱ្យចេះស្តាប់គ្រូ និងឆ្លើយតប។
- អាចនៅជាមួយសាច់ញាតិ ឬអ្នកមើលថែបានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលម្តាយមិននៅ។
- ចេះថែទាំ និងសម្អាតរាងកាយបានដោយខ្លួនឯង។
- ចេះប្រាប់ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ។
- ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេងរបស់ខ្លួនឯងបាន រួមទាំងស្គាល់ឈ្មោះរបស់ឪពុកម្តាយទៀតផង។
- អាចអង្គុយធ្វើកិច្ចការរបស់សាលាយ៉ាងស្ងាត់ស្ងៀមបានច្រើននាទី។
ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹងតាំងពីពេលនៅផ្ទះឱ្យហើយជាស្រេច ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា 3-4 ខែមុនពេលដែលកូនត្រូវចូលសាលារៀនលើកដំបូង ដើម្បីពេលដល់ថ្ងៃកូនចូលរៀនមែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា ច្បាស់ជាគ្មានបញ្ហាអ្វីទាំងអស់ ហើយអ្នកម្ដាយខ្លួនឯងក៏សប្បាយចិត្ត និងមិនមានការបារម្ភ៕