បន្លែផ្លែឈើជាច្រើនប្រភេទដែលយើងតាំងចិត្តចង់ញ៉ាំដើម្បីឱ្យទទួលបានវីតាមីន និងសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយ តែបែរជាមិនបានដឹងខ្លួនឡើយថា បានបំផ្លាញអ្វីល្អៗ មានប្រយោជន៍ជាច្រើនដែលធម្មជាតិផ្ដល់ឱ្យមកចោលអស់ដោយការ “បក ឬចិតសម្បក” ចោលហ្នឹងឯង។
តើមានបន្លែផ្លែឈើប្រភេទណាខ្លះដែលយើងគួរញ៉ាំទាំងសម្បក…តោះ! យើងទៅមើលទាំងអស់គ្នា។
ផ្លែត្របែក : ត្របែកជាផ្លែឈើដែលមានវីតាមីនC ខ្ពស់ និងដែលសម្បករបស់ត្របែកក៏ជាប្រភពនៃវីតាមីនល្អៗជាច្រើនដូចគ្នា ដូច្នេះបើញ៉ាំផ្លែត្របែកទាំងសម្បកបាន នឹងធ្វើឱ្យយើងទទួលបានវីតាមីនដែលមានប្រយោជន៍ចំពោះរាងកាយកាន់តែច្រើនឡើងដូចគ្នាដែរ។
មើមការ៉ុត : មើមការ៉ុតមានសារធាតុបេតាឃែរ៉ូធីនខ្ពស់ និងថែមទាំងមានច្រើននៅនឹងសម្បកទៀតផង។ បើជាការ៉ុតមើមធំៗដែលមានសម្បកអាចនឹងក្រាស់ ឬមិនស្អាតគួរទទួលទានផងនោះ អ្នកខ្លះអាចនឹងមិនចង់ញ៉ាំទាំងសម្បកឡើយ តែបើសិនជាកូនមើមការ៉ុតតូចៗ ឬមើមការ៉ុតខ្ចីៗ តូចៗវិញនោះ ក៏ញ៉ាំទាំងសម្បកតែម្ដងទៅ។
ផ្លែប៉េងប៉ោះ : មុខម្ហូបខ្លះ អាចត្រូវបកសម្បកផ្លែប៉េងប៉ោះចេញ។ ទោះជាសាច់ប៉ងប៉ោះទន់ខ្លាំងប៉ុនណាក៏ដោយ តែចង់ប្រាប់ថា បើយកមកញ៉ាំទាំងឆៅស្រស់ៗ ឬដាក់ចូលទៅស្ងោរ ទៅឆាក្នុងខ្ទះ ឬឆ្នាំងដោយមិនបាច់បកសម្បកបាន ក៏នឹងល្អខ្លាំងណាស់ ព្រោះសម្បករបស់ផ្លែប៉េងប៉ោះជាប្រភពរួមនៃវីតាមីនC បេតាឃែរ៉ូធីន និងឡៃខូពីន ជាពិសេសពេលផ្លែប៉េងប៉ោះទុំ ឡៃខូពីននឹងរឹតតែច្រើនឡើងទៀតផង បើមិនបានញ៉ាំទាំងសម្បក ច្បាស់ជាស្ដាយខ្លាំងណាស់។
ផ្លែសារី : អ្នកខ្លះចូលចិត្តញ៉ាំផ្លែសារីបែបបកសម្បកអស់ តែឡារ៉ែនសូមប្រាប់ថា នៅក្នុងសម្បករបស់ផ្លែសារីមានវីតាមីនC ខ្ពស់ណាស់ និងថែមទាំងមានសារធាតុប្រឆាំងមហារីក និងជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងរាងកាយទៀតផង ដូច្នេះលើកក្រោយ បើញ៉ាំផ្លែសារី គ្រាន់តែលាងឱ្យស្អាត រួចហាន់ជាចំណិត ហើយញ៉ាំតែម្ដងទៅ។
ផ្លែប៉ោម : ផ្លែឈើកំពូលល្បីល្បាញដែលមនុស្សជាច្រើនចិតសម្បកចោលយ៉ាងគ្មានស្ដាយស្រណោះ ព្រោះមិនចូលចិតញ៉ាំសម្បកខ្លះទៅ ឬសម្បកមិនគួរឱ្យញ៉ាំខ្លះទៅក៏មាន តែ ក្រៅពីការចិតសម្បកហើយ នឹងធ្វើឱ្យសាច់ផ្លែប៉ោមឆាប់ឡើងខ្មៅហើយនោះ នៅធ្វើឱ្យផ្លែប៉ោមបាត់បង់វីតាមីនល្អៗអស់ជាច្រើនទៀតផង ដូចជា ឃ្វើស៊ីធីន ដែលជួយការពារជំងឺសរសៃឈាម និងបេះដូង វីតាមីនC និងត្រៃធើរពីនណយដ៍ដែលជួយការពារមហារីក ជាដើម។
ផ្លែត្រប់វែង(ពណ៌ស្វាយ) : សម្បករបស់ផ្លែត្រប់វែងមានសារធាតុដែលហៅថា ណាស៊ូនីន ដែលជួយការពារឱ្យបេះដូងរឹងមាំ ហើយសារធាតុមួយនេះនៅតែមាន ទោះជាឆ្លងកាត់ការចម្អិនដោយកម្ដៅហើយក៏ដោយ ដូច្នេះបើចិត្តសម្បកចោលមុនទទួលទាន ប្រហែលជាមិនទទួលបានសារធាតុអាហារល្អៗបែបនេះឡើយ។
ផ្លែត្រសក់ : មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែត្រសក់បែបចិត្តសម្បកចេញដូចគ្នា។ ការពិតទៅសម្បករបស់ត្រសក់មានជាតិកាកសរសៃខ្ពស់ ជួយឱ្យប្រព័ន្ធបន្ទោបង់ដំណើរការយ៉ាងប្រក្រតី ដែលអាចការពារអាការទល់លាមក និងមហារីកពោះវៀនធំបាន។
មើមដំឡូងបារាំង : 100 ទាំង 100 ចិត្តសម្បកមើមដំឡូងបារាំងចោលទាំងអស់ តែ ដឹងទេថា សម្បករបស់ដំឡូងបារាំងពេញទៅដោយប៉ូតាស្យូម និងសារធាតុដែក ដែលភាគច្រើនស្ថិតនៅក្នុងសម្បកទាំងនោះ។ លើកក្រោយបើសម្បកមើមដំឡូងបារាំងមិនក្រាស់ជ្រុលពេកទេនោះ សាកល្បងទទួលទានទាំងសម្បកមើលម្ដងក៏ល្អម្យ៉ាងដែរ៕