កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន1ករណីទៀតដែលកើតឡើងលើបុរសជនជាតិខ្មែរ-អាមេរិកាំង បន្ទាប់ពីបុរសនេះបានធ្វើដំណើរពីសហរដ្ឋអាមេរិកមកកម្ពុជា និងស្នាក់នៅក្នុងបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។
អ្នកជំងឺខាងលើមានអាយុ56ឆ្នាំនេះបានធ្វើដំណើរពីសហរដ្ឋអាមេរិក និងបន្តជើងហោះហើរនៅកោះតៃវ៉ាន់ មុននឹងមកដល់កម្ពុជានៅថ្ងៃទី15វិច្ឆិកា2020។ បច្ចុប្បន្ន ជនជាតិខ្មែរ-អាមេរិកាំងខាងលើកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកដំណើរ164នាក់ផ្សេងទៀតដែលបានរួមដំណើរក្នុងជើងហោះហើរជាមួយអ្នកជំងឺខាងលើ បច្ចុប្បន្នត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន14ថ្ងៃ ក្នុងនោះមាន10នៅវិទ្យាល័យបុរី100ខ្នង ចំណែកអ្នកជំងឺក្រៅពីនេះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅឯសណ្ឋាគារចំនួន4ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន។
ក្រៅពីរកឃើញអ្នកឆ្លងវីរុសCovid-19 ក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ កម្ពុជាក៏មានអ្នកជាសះស្បើយពីជំងឺCovid-19 ចំនួន2នាក់ទៀតផងដែរ ក្នុងនោះមាន ឯកឧត្តម សួស យ៉ារ៉ា អាយុ47ឆ្នាំ ជាសមាជិករដ្ឋសភា ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា និងស្ត្រីជនជាតិខ្មែរ អាយុ31ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់កូរ៉េខាងត្បូង។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប103នាក់ ក្នុងនោះមាន291នាក់បានជាសះស្បើយ និង12នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕