ទន្តពេទ្យជំនាញបានបង្ហើបឱ្យដឹងពីព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការថែរក្សាសុខភាពប្រអប់មាត់ និងធ្មេញ ដូច្នេះចូរសាកល្បងពិនិត្យមើលទៅមើល៍ថា តើរាល់ថ្ងៃនេះ យើងបានដុសសម្អាតធ្មេញត្រឹមត្រូវតាមវិធីដែលទន្តពេទ្យបានប្រាប់ឱ្យដឹងដែរឬទេ?
-ឈប់យកច្រាសដុសធ្មេញដែលច្របាច់ថ្នាំដុសធ្មេញដាក់ពីលើហើយទៅជ្រលក់ក្នុងទឹក ឬឆ្លងកាត់ទឹកមុនយកមកដុសធ្មេញ.. មនុស្សជាច្រើននឹងខ្ពុរមាត់ និងយកច្រាសដុសធ្មេញទៅជ្រលក់ទឹកមុននឹងចាប់ផ្ដើមដុសសម្អាតធ្មេញ ធ្វើដូច្នេះ នៅពេលច្រាសទទឹកទឹក នឹងធ្វើឱ្យមានទឹកនៅក្នុងមាត់ច្រើន ថ្នាំដុសធ្មេញក៏នឹងរលាយយ៉ាងឆាប់រហ័ស ក្លាយជាពពុះពេញក្នុងមាត់។ បន្ទាប់ពីនោះ ក៏នឹងហូរកក្លាក់ចុះមកតាមកដៃមកដល់កែងដៃ រួចក៏ត្រូវប្រញាប់ដុសធ្មេញ និងខ្ពុរមាត់ចេញយ៉ាងលឿន រហូតដល់ចប់ការដុសធ្មេញទាំងមិនដល់ 2នាទីផង។
ដូច្នេះ មុនច្របាច់ថ្នាំដុសធ្មេញដាក់ច្រាស អាចធ្វើការសម្អាតច្រាសដុសធ្មេញដោយទឹកស្អាត ហើយគោះទឹកចេញឱ្យអស់ ឬស្ងួតល្មម មុននឹងដុសសម្អាតធ្មេញ។ ចូរធ្វើការសម្អាតប្រអប់មាត់ត្រួសៗ(ដោយការខ្ពុរមាត់នឹងទឹក) ដើម្បីយកកម្ទេចអាហារដែលជាប់នៅតាមកន្លុកកន្លៀតជើងធ្មេញចេញឱ្យអស់ជាមុនសិន។
-ឈប់ខ្ពុរមាត់បន្ទាប់ពីដុសធ្មេញហើយភ្លាម(គ្រាន់តែស្ដោះពពុះថ្នាំដុសធ្មេញចេញឱ្យអស់ ឬខ្ពុរមាត់ត្រឹមតែ 1ដងក្រោយពេលដុសធ្មេញ)។ បរិមាណថ្នាំដុសធ្មេញដែលនៅសល់បន្តិចបន្តួច(បន្ទាប់ពីស្ដោះចេញ ឬខ្ពុរចេញ 1ដង)ដែលអាចនឹងត្រូវលេបចូលទៅក្នុងពោះនោះ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។
មានការសិក្សាស្រាវជ្រាវរឿងមួយដែលល្បីល្បាញយ៉ាងខ្លាំងកាលពីឆ្នាំ1992 នៅទីក្រុង ណត់ទិងហ៊ែម ប្រទេសអង់គ្លេសបានរកឃើញថា កុមារដែលដុសធ្មេញហើយខ្ពុរមាត់ដោយយកមាត់ទៅហាត្រង់ទឹកចេញពីក្បាលរ៉ូប៊ីណេ(ហើយខ្ពុរមាត់ឃ្លុកៗ)មានធ្មេញពុកតិចជាងកុមារដែលខ្ពុរមាត់ដោយទឹកក្នុងកែវ។ បន្ទាប់ពីនោះ ក៏មានការងារសិក្សាស្រាវជ្រាវផ្សេងៗទៀតតាមមកជាច្រើនដើម្បីពិនិត្យមើល និងបានអះអាងចំពោះរឿងនោះដូចៗគ្នា រហូតដល់ខាងសមាគមទន្តពេទ្យនៃប្រទេសអង់គ្លេសសរុបចេញមកជាការណែនាំថា “មិនត្រូវខ្ពុរមាត់ ក្រោយដុសធ្មេញហើយភ្លាមទេ”។
-កុំអាលញ៉ាំអាហារ ឬញ៉ាំទឹកអ្វី(រួមទាំងទឹកសុទ្ធផង)យ៉ាងហោចណាស់កន្លះម៉ោងបន្ទាប់ពីដុសធ្មេញ គឺដើម្បីឱ្យ ហ្វ្ល័រអូរ៉ាយបានបញ្ចេញឫទ្ធិការពារធ្មេញពុកយ៉ាងពេញទំហឹង៕