នៅក្នុងសកលលោកទាំងមូល ករណីឆ្លងថ្មីជាង620,000នាក់ត្រូវបានរាយការណ៍ក្នុងអំឡុង24ម៉ោងកន្លងទៅ ដែលនេះធ្វើឱ្យតួលេខអ្នកជំងឺCovid-19 សរុបឡើងដល់ជិត 54លាននាក់ ក្នុងនោះមានជាង1.3លាននាក់បានបាត់បង់ជីវិត។
នៅព្រឹកថ្ងៃទី14វិច្ឆិកានេះ ពិភពលោករាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសថ្មីចំនួន 623,783នាក់បន្ថែមទៀតនៅក្នុងថ្ងៃទី13វិច្ឆិកាកន្លងទៅ នាំឱ្យតួលេខអ្នកជំងឺរលាកសួតប្រភេទថ្មីនេះ កើនឡើងដល់ 53,699,511នាក់។ ចំនួនមនុស្សដែលបានស្លាប់ដោយសារCovid-19 បច្ចុប្បន្នឡើងដល់ 1,308,295នាក់ ពោលគឺកើន 9,668នាក់ បើធៀបនឹងម្សិលមិញ។ អ្នកដែលបានជាសះស្បើយ ក៏កើនដល់ 37,469,105នាក់។
សហរដ្ឋអាមេរិកដែលជាសម្បុកវីរុសCovid-19 ធំជាងគេក្នុងពិភពលោក បច្ចុប្បន្នមានអ្នកជំងឺសរុប 11,041,846នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 249,823នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងវីរុសចំនួន161,310នាក់ និងអ្នកស្លាប់1,239នាក់។
ឈរលំដាប់ទីពីរគឺប្រទេសឥណ្ឌា ដោយមានអ្នកជំងឺសរុប 8,773,243នាក់ និងអ្នកស្លាប់សរុប ចំនួន 129,225នាក់។
ចំណែកប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសCovid-19 ច្រើនជាងគេលំដាប់ទីបី គឺប្រេស៊ីល។ ប្រទេសនេះបានរកឃើញអ្នកផ្ទុកCovid-19 សរុបចំនួន 5,819,496នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 164,946នាក់៕
ប្រភព៖ Worldometers