នៅព្រឹកថ្ងៃទី13វិច្ឆិកា2020នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា កាលពីម្សិលមិញ ស្ថាប័ននេះមិនបានរកឃើញករណីវិជ្ជមានជាមួយនឹងCovid-19 ទេ បន្ទាប់ពីបានធ្វើតេស្តទៅលើវត្ថុសំណាកចំនួន56 ដែលទាក់ទងនឹងព្រឹត្តិការណ៍3វិច្ឆិកា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងឱ្យដឹងថា គិតចាប់ពីថ្ងៃទី4វិច្ឆិកា ដល់ថ្ងៃទី12វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តទៅលើវត្ថុសំណាករបស់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆកាសរុប បាន2553លើក ក្នុងនោះមានអ្នកបានធ្វើតេស្តលើកទីមួយចំនួន1734នាក់ និងលើកទីពីរបាន819នាក់ ក្នុងនោះដែរក៏មានករណីវិជ្ជមានចំនួន4នាក់។ ចំណែកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកាចំនួន1730នាក់ផ្សេងទៀត ទទួលបានលទ្ធផលអវិជ្ជមាន។
នៅក្នុងថ្ងៃទី12វិច្ចិកា កម្ពុជាមានអ្នកបានជាសះស្បើយពីជំងឺCovid-19 ចំនួន1នាក់។
គិតមកដល់ថ្ងៃទី13វិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប 301នាក់ ក្នុងនោះមាន289នាក់បានជាះស្បើយ និង12នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងទីក្រុងភ្នំពេញ។ កម្ពុជាមិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការណាមួយបញ្ជាក់ថា មានករណីស្លាប់ដោយសារវីរុសCovid-19នៅឡើយ៕