នរណាដែលមិនធ្លាប់សោកសៅខ្លះ? ប្រហែលជាគ្មានទេ ព្រោះអារម្មណ៍សោកសៅជាអារម្មណ៍ដែលមាននៅក្នុងខ្លួនមនុស្សគ្រប់រូប និងក្នុងមួយថ្ងៃៗកម្រិតរបស់អារម្មណ៍ក៏មានឡើង មានចុះ និងមានច្រើនបែប ផ្លាស់ប្ដូរគ្រប់ពេលវេលាតាមរឿងរ៉ាវដែលចូលមកប៉ះពាល់អារម្មណ៍ និងការដឹងឮរបស់មនុស្សម្នាក់ៗ។
សោកសៅគឺជាអ្វី?
“សោកសៅ” ខាងវេជ្ជសាស្រ្តហៅថា Clinical Depression មានន័យពីសភាវសោកសៅដែលមានខ្លាំងជាងអារម្មណ៍កម្សត់ ជាសភាវម្យ៉ាងដែលប្រទះឃើញនៅក្នុងជំងឺផ្លូវចិត្តជាច្រើន ជាពិសេសជំងឺខាងអារម្មណ៍ ជំងឺសោកសៅ ជំងឺ Bipolar Disorder និងសារធាតុថ្នាំមួយចំនួនក៏អាចធ្វើឱ្យកើតអាការសោកសៅយ៉ាងធ្ងន់ធ្ងរបានដែរ។
មូលហេតុនៃជំងឺសោកសៅ
ជំងឺសោកសៅ អាចរាប់បានថាជាជំងឺខាងផ្នែកផ្លូវចិត្តដែលប្រទះឃើញច្រើនក្នុងលំដាប់មុខៗគេរបស់ពិភពលោក បណ្ដាលមកពីមូលហេតុចម្បងៗ 2យ៉ាងគឺ បច្ច័យខាងសរីរៈ ឬពូជអម្បូរ និងបច្ច័យផ្នែកផ្លូវចិត្ត ឬបរិស្ថានជុំវិញ។
បច្ច័យខាងសរីរៈ ឬពូជអម្បូរ ដោយសារតែមានការប្រែប្រួលរបស់សារធាតុទំនាក់ទំនងប្រព័ន្ធប្រសាទក្នុងខួរក្បាល ឬភាពច្រឡំបល់របស់កម្រិតអ័រម៉ូនដែលសំខាន់។
ចំណែកបច្ច័យផ្នែកផ្លូវចិត្ត ឬបរិស្ថានជុំវិញដែលហៅថាបច្ច័យខាងអារម្មណ៍ ជាលទ្ធផលបណ្ដាលមកពីស្ថានការណ៍ភាពតានតឹងខាងអារម្មណ៍ ដូចជា បើជាសភាវសោកសៅក្នុងវ័យកុមារ អាចមានមូលហេតុពីភាពតានតឹងក្នុងគ្រួសារ ហេតុការណ៍រំជួលចិត្តយ៉ាងធ្ងន់ធ្ងរ សភាវសោកសៅក្នុងជំងឺសរសៃប្រសាទ ដែលអាចរកឃើញតម្រុយថា ត្រូវបានកៀបសង្កត់យ៉ាងខ្លាំងក្លាកាលនៅក្មេង ហើយផ្ទុះចេញមកក្នុងអំឡុងជីវិតនៅពេលក្រោយៗ។ សភាវសោកសៅព្រោះតែភាពចាស់ជរា មានជីវិតឯកោ និងសភាវរំជួលចិត្តក្រោយចូលនិវត្តន៍(បាត់បង់គុណតម្លៃលើខ្លួនឯង អត់ការងារធ្វើ មានអារម្មណ៍ថា គ្មានសមត្ថភាព)ជាដើម។
សង្កេតអាការ
នៅពេលមនុស្សក្នុងក្រុមគ្រួសារ ឬអ្នកជិតដិតណាម្នាក់ហាក់ដូចជាសោកសៅ គោលការណ៍សង្កេតងាយៗ គឺសង្កេតមើលទង្វើដូចតទៅនេះ៖
- ទង្វើដែលកើតពីការផ្លាស់ប្ដូរខាងការគិត គឺច្រើនតែមានការគិតទៅខាង Negative Thinking ឬការគិតដែលអវិជ្ជមានគ្រប់ពេលវេលា។ ច្រើនតែមានអារម្មណ៍អស់សង្ឃឹម មើលឃើញជុំវិញខ្លួនសុទ្ធរឿងអាក្រក់ មានអារម្មណ៍ថាខុស ថាខ្លួនឯងគ្មានតម្លៃ គ្មានន័យ និងគិតថាគ្មានថ្នាំព្យាបាលឱ្យជា ទីបំផុតក៏គិតចង់បំផ្លាញខ្លួនឯង នឹកឃើញតែរឿងស្លាប់ និងព្យាយាមសម្លាប់ខ្លួន។
- ទង្វើដែលកើតចេញពីការប្រែប្រួលខាងការរៀនយល់ដឹង ឬការធ្វើការងារ មិនខ្វល់នឹងអ្វីៗជុំវិញខ្លួន មានអារម្មណ៍នឿយល្វើយ ធ្វើការងារយឺតយ៉ាវ ការងារចុះខ្សោយ គ្មានសមាធិ ការចងចាំចុះខ្សោយ ការសម្រេចចិត្តក៏យ៉ាប់យ៉ឺន។
- ទង្វើដែលកើតចេញពីផ្លាស់ប្ដូរខាងអារម្មណ៍ គឺច្រើនតែមានអារម្មណ៍សោកសៅ កង្វល់គ្រប់ពេលវេលា ច្រើនតែមួម៉ៅឆេវឆាវ ឆាប់ខឹង នៅមិនសុខ រសាប់រសល់ ជាដើម។
- ទង្វើដែលប្រែប្រួលយ៉ាងមើលឃើញច្បាស់ ដូចជា គេងមិនលក់ ឆាប់ភ្ញាក់ ឬអ្នកខ្លះគេងលក់ខ្លាំងជ្រុលពេក អ្នកខ្លះធុញទ្រាន់ចំណីអាហារ ធ្វើឱ្យស្រកទម្ងន់។ មានអាការខាងរាងកាយ ព្យាបាលដោយថ្នាំធម្មតាមិនបាត់ ដូចជា អាការឈឺក្បាល ណែនក្នុងពោះ ឈឺរ៉ាំរ៉ៃ សម្ព័ន្ធភាពជាមួយអ្នកដទៃកាន់តែមិនល្អ។
ការមើលថែទាំខ្លួនឯងពេលកើតជំងឺសោកសៅ
- កុំតាំងគោលដៅក្នុងការធ្វើការងារ កុំប្រតិបត្តិខ្លួនដែលធ្វើឱ្យលំបាកខ្លាំងជ្រុល ឬទទួលខុសត្រូវច្រើនជ្រុល។
- ញែកបំបែកបញ្ហាធំៗឱ្យទៅជាផ្នែកតូចៗ ព្រមទាំងចាត់រៀងតាមលំដាប់ភាពសំខាន់មុនក្រោយ និងចាប់ផ្ដើមធ្វើតាមដែលអាចធ្វើទៅបាន។
- ព្យាយាមធ្វើកិច្ចការងារផ្សេងៗរួមជាមួយបុគ្គលដទៃ ប្រសើរជាងនៅតែម្នាក់ឯង។
- ជ្រើសរើសធ្វើកិច្ចការងារណាដែលសាងនូវអារម្មណ៍ល្អៗ ឬជក់ចិត្ត និងមិនធ្ងន់ធ្ងរខ្លាំងពេក ដូចជា មើលកុន ហាត់ប្រាណស្រាលៗ និងការចូលរួមធ្វើកិច្ចការងារក្នុងសង្គម ជាដើម។
- កុំសម្រេចចិត្តក្នុងរឿងដែលសំខាន់ចំពោះជីវិតច្រើនពេក ដូចជា ការសុំឈប់ពីការងារ ការរៀបការ ឬការលែងលះ ដោយមិនបានប្រឹក្សាជាមួយជិតដិតដែលស្គាល់គ្នាច្បាស់ និងត្រូវតែបុគ្គលដែលអាចពិចារណាហេតុការណ៍នោះយ៉ាងទៀងត្រង់ មានភាពជាកណ្ដាល និងប្រាសចាកការអគតិដែលកើតពីអារម្មណ៍មកបិទបាំង។ បើអាចទៅរួច និងល្អបំផុតនោះគឺ លើកពេលសម្រេចចិត្តទៅថ្ងៃក្រោយ រហូតទាល់តែសភាវសោកសៅរលាយបាត់ ឬល្អប្រសើរឡើងច្រើនហើយ។
- មិនគួរទិតៀន ឬដាក់ទោសខ្លួនឯងដែលមិនអាចធ្វើបានដូចដែលត្រូវការ ព្រោះមិនមែនជាកំហុសរបស់ខ្លួនឯងទេ និងគួរធ្វើតាមដែលខ្លួនឯងអាចធ្វើបាន។
ការមើលថែទាំអ្នកកើតជំងឺសោកសៅ
- យល់ចិត្ត ៈ ការយល់ដឹងពីជំងឺដែលអ្នកជំងឺកំពុងជួបប្រទះ អាចជួយឱ្យសាច់ញាតិកាត់បន្ថយសេចក្ដីរំពឹង ភាពមួម៉ៅក្ដៅក្រហាយ និងភាពទើសទាល់ក្នុងចិត្តចំពោះអ្នកជំងឺបាន។
- ទទួលស្ដាប់ ៈ ការស្ដាប់អ្នកជំងឺដោយការយល់ចិត្ត យកចិត្តទុកដាក់ និងមិនប្រកាន់ នឹងជួយឱ្យអារម្មណ៍របស់អ្នកជំងឺល្អប្រសើរឡើង។
- ទម្លាយអារម្មណ៍ ៈ នៅពេលអ្នកជំងឺបានទម្លាយគំនិត និងអារម្មណ៍ដែលមិនល្អផ្សេងៗចេញមក ជាពិសេសគំនិតចង់ធ្វើអត្ថឃាតនោះ នឹងជួយបន្ធូរបន្ថយភាពធុញថប់តានតឹងនៅក្នុងចិត្តបាន។
- ហាត់ប្រាណ ៈ ការហាត់ប្រាណ ជួយឱ្យរាងកាយរបស់អ្នកជំងឺរឹងមាំ ចិត្តគំនិតស្រស់ថ្លា។ បើសិនបានហាត់ប្រាណរួមជាមួយអ្នកដទៃផងនោះ នឹងរឹតតែជួយបង្កើនការចូលក្នុងសង្គមមនុស្ស និងមិនមានអារម្មណ៍ថាឯកោ។
- ផ្លាស់ប្ដូរបរិយាកាស ៈ គួរនាំអ្នកជំងឺទៅដើរកម្សាន្តដើម្បីផ្លាស់ប្ដូរបរិយាកាស នឹងជួយឱ្យចិត្តគំនិតរបស់អ្នកជំងឺស្រស់ថ្លាឡើងមួយកម្រិតដែរ។
- ការពារការធ្វើបាបខ្លួនឯង ៈ សាច់ញាតិត្រូវប្រយ័ត្នអ្នកជំងឺធ្វើបាបខ្លួនឯង ដោយត្រូវប្រមូលទុកដាក់ឧបករណ៍ដែលអ្នកជំងឺអាចយកមកធ្វើបាបខ្លួនឯងឱ្យនៅឆ្ងាយពីអ្នកជំងឺ។
- សង្កេតមើលអាការ ៈ ឧស្សាហ៍សង្កេតមើលអាការអ្នកជំងឺថា តើមានរឿងសោកសៅ ធុញថប់ ឬគិតប្រុងធ្វើបាបខ្លួនឯងដែរឬទេ? បើនិយាយណែនាំហើយមិនល្អប្រសើរឡើងនោះ គួរប្រញាប់នាំទៅជួបគ្រូពេទ្យដើម្បីប្រឹក្សាពីអាការ។
- មើលថែទាំកិច្ចការងារប្រចាំថ្ងៃ តាមដានការញ៉ាំថ្នាំ ៈ សាច់ញាតិគួរជួយមើលថែទាំកិច្ចការងារប្រចាំថ្ងៃរបស់អ្នកជំងឺ ដូចជា ញ៉ាំអាហារឱ្យបានសមរម្យ ភ្ញាក់ និងគេងឱ្យបានទៀងពេល រួមទាំងតាមដានការញ៉ាំថ្នាំឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជា និងស៊ូទ្រាំ ព្រោះការព្យាបាលឱ្យទទួលបានលទ្ធផលល្អ ត្រូវប្រើពេលវេលាយូរ៕