នៅលើទំព័របណ្ដាញសង្គម សម្ដេចតេជោ បានធ្វើការបដិសេធទៅនឹងការលើកឡើងដែលថា កម្ពុជានឹងមានការបិទប្រទេស ឬខេត្តក្រុង និងតំបន់ណាមួយ។
“ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ” សម្ដេចតេជោ ហ៊ុនសែន បានសរសេរលើទំព័របណ្តាញសង្គមរបស់សម្តេចនាព្រឹកថ្ងៃទី12 វិច្ឆិកាយ៉ាងដូច្នេះ។
សម្តេចបន្ថែមថា “ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ”។
សម្ដេចតេជោ បានបន្ថែមថា ពលរដ្ឋគ្រប់រូបគួរតែការពារខ្លួន ដោយការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតពីគ្នា និងមិនត្រូវមានការជួបជុំ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទាក់ទងនឹងការទប់ស្កាត់វីរុសCovid-19 ដោយការពាក់ម៉ាស់ សម្ដេចតេជោ បានបញ្ជាក់ថា “នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់” ផងដែរ ដោយកាលពីថ្ងៃទី11វិច្ឆិកាកន្លងទៅ សម្ដេច បានបញ្ជាឱ្យបញ្ចេញម៉ាស់ចំនួន2លានបន្ទះពីឃ្លាំងយុទ្ធសាស្ត្រ ដើម្បីយកទៅចែកជូនពលរដ្ឋក្រីក្រ។
ចំណែកពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការតាមដាន និងជួយដោះស្រាយជីវភាពរបស់គ្រួសារក្រីក្រផងដែរ៕