ខួរក្បាល ជាអវយវៈមួយផ្នែកដែលសំខាន់ចំពោះរាងកាយខ្លាំងណាស់ ព្រោះក្រៅពីពេញទៅដោយខ្សែសរសៃប្រសាទដែលមានភាពស្មុគស្មាញរាប់លានសរសៃហើយនោះ បើខួរក្បាលធ្វើការខុសប្រក្រតី នឹងហុចផលប៉ះពាល់ទៅដល់អវយវៈផ្នែកផ្សេងៗក្នុងរាងកាយ និងមិនអាចរកខួរក្បាលថ្មីមកផ្លាស់ប្ដូរ ឬដូរដោះបានឡើយ។
ខួរក្បាល អាចរាប់បានថាជាអវយវៈដ៏សំខាន់របស់រាងកាយ ដោយមានតួនាទីជាមជ្ឈមណ្ឌលកណ្ដាលគ្រប់គ្រងកម្មវិធីផ្សេងៗដែលកើតឡើងក្នុងរាងកាយមនុស្ស មិនថាតែការលោតរបស់បេះដូង ការធ្វើចលនាផ្សេងៗ ឬការដកដង្ហើមជាដើម ដោយខួរក្បាលនឹងគ្រប់គ្រង និងបញ្ជារាងកាយឱ្យធ្វើការតាមការគិត ដើម្បីឱ្យមនុស្សអាចបំពេញការងារក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងប្រក្រតី។ ខួរក្បាលធ្វើការងារគ្រប់ពេលវេលា ដូច្នេះហើយទើបការយកចិត្តទុកដាក់លើទង្វើដែលគួរប្រតិបត្តិ ដើម្បីឱ្យខួរក្បាលធ្វើការបានល្អ គឺជារឿងដែលមនុស្សគ្រប់គ្នាគួរផ្ដល់ភាពសំខាន់ ដើម្បីសុខភាពដ៏ល្អរបស់ខួរក្បាល និងចៀសវាងពីទង្វើអាក្រក់ៗដែលអាចបំផ្លាញខួរក្បាលបាន។
4ទង្វើបំផ្លាញខួរក្បាល
- ភាពធុញថប់តានតឹង ៈ ជាផលអាក្រក់ដល់ស្ថានភាពផ្លូវចិត្ត និងហុចផលប៉ះពាល់ដល់ខួរក្បាល ធ្វើឱ្យខូចសមាធិ ឬអ្នកខ្លះអាចឈានទៅរកសភាវសោកសៅ និងមានបញ្ហាផ្លូវចិត្តបានទៀតផង។
- បរិស្ថានដែលមានខ្យល់អាកាសមិនល្អ ៈ ការស្ថិតនៅក្នុងខ្យល់អាកាសដែលល្អ នឹងធ្វើឱ្យខួរក្បាលបានទទួលអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ ដូច្នេះគួរចៀសវាងការស្នាក់អាស្រ័យនៅក្នុងទីកន្លែងដែលខ្យល់អាកាសមិនបរិសុទ្ធ ឬពេញទៅដោយពិសពុលខាងអាកាសគ្រប់ពេលវេលា។
- ជក់បារី ៈ អ្នកដែលជក់បារីជាប់ជាប្រចាំ ក្រៅពីធ្វើឱ្យកើតរោគមហារីកសួតហើយ នៅធ្វើឱ្យរាងកាយ និងខួរក្បាលបានទទួលអុកស៊ីហ្ស៊ែនកាន់តែតិច និងជាមូលហេតុរបស់ជំងឺសរសៃឈាមខួរក្បាល។
- ជំងឺប្រចាំកាយប្រភេទខ្លះ ដូចជា ៈ ទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាមខ្ពស់ ជាបច្ច័យប្រថុយប្រថានរបស់ជំងឺខួរក្បាលជាច្រើន ដូច្នេះ បើរកឃើញថាខ្លួនឯងមានជំងឺប្រចាំកាយ គួរព្យាបាលតាំងពីដំបូងៗ ដើម្បីការពារមិនឱ្យកើតផលអាក្រក់ ព្រោះការព្យាបាលនៅពេលកើតការបំផ្លាញខួរក្បាលហើយ នឹងមិនអាចធ្វើឱ្យខួរក្បាលត្រឡប់មកធ្វើការបានពេញលេញដូចប្រក្រតីបានឡើយ ហើយផ្លូវចិត្តក៏នឹងធ្វើការខុសប្រក្រតីដែរ។
5វិធីបំប៉នខួរក្បាល
វេជ្ជបណ្ឌិតជំនាញខាងប្រព័ន្ធប្រសាទវិទ្យាបាននិយាយថា ខួរក្បាលមានភាពពាក់ព័ន្ធជាមួយអារម្មណ៍ និងការរៀនយល់ដឹង ដូច្នេះហើយទើបទាំងអស់នេះ មនុស្សគួរបែរមកយកចិត្តទុកដាក់លើទង្វើអភិវឌ្ឍខួរក្បាល ដែលមានទង្វើល្អៗ 5យ៉ាងដូចខាងក្រោម ៈ
- បរិភោគល្អ គឺទទួលទានអាហារដែលមានប្រយោជន៍គ្រប់ទាំង 5ប្រភេទក្រុម កាត់បន្ថយចំណីអាហារប្រភេទខ្លះ ជាពិសេសអាហារដែលមានស្ករច្រើនដែលអាចនឹងប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមខួរក្បាល។
- ហាត់ប្រាណល្អ ការហាត់ប្រាណនឹងធ្វើឱ្យរាងកាយជារួម និងសរសៃឈាមរឹងមាំ គ្មានសភាវលើសទម្ងន់។
- គេងសម្រាកល្អ ការគេងសម្រាកឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យរាងកាយមានពេលសម្រាកដើម្បីជួសជុលខ្លួនឯង ដូច្នេះគួរមានពេលវេលាសម្រាក គេងលក់ឱ្យបានយ៉ាងតិច 6-8ម៉ោងក្នុងមួយថ្ងៃ។
- គិតល្អ ការហ្វឹកហាត់គិត ហ្វឹកហាត់ចាប់ផ្ដើមធ្វើ នឹងជួយឱ្យខួរក្បាលកើតការរៀនយល់ដឹង និងអភិវឌ្ឍកម្មវិធីការគិតឱ្យកាន់តែលឿនឡើង។
- សន្ទនាល្អ ការហ្វឹកហាត់សន្ទនា ជជែកនិយាយជាមួយអ្នកដទៃជាប្រចាំ និងជាប់លាប់ នឹងជួយឱ្យខួរក្បាលមានការហ្វឹកហាត់ក្នុងការចេះកែបញ្ហាល្អ។ ចំណែកឯអ្នកដែលសម្ងំនៅតែឯង មិនចូលចិត្តជួបមនុស្សម្នា គេរកឃើញថា ខួរក្បាលមានកម្មវិធីការធ្វើការលើការកែបញ្ហាផ្សេងៗយឺតយ៉ាវ៕