ផ្ទះអ្នកណាគេដែលនិយមដាំទឹកញ៉ាំ អាចដោយសារតែគ្មានម៉ាស៊ីនចម្រោះទឹក ឬក៏ជឿថា ការដាំទឹកនឹងជួយសម្លាប់មេរោគបាននោះ អាចនឹងមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច នៅពេលបានឮព័ត៌មានថ្មីមួយថា ទឹកដែលដាំពុះច្រើនៗដង អាចប្រថុយប្រថាននឹងជំងឺផ្សេងៗនោះ។ តើការពិតយ៉ាងណា ទំព័រសុខភាពនៃទស្សនាវដ្តី ឡារ៉ែន មានចម្លើយមកជម្រាបជូន។
ទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?
អ្នកវិទ្យាសាស្រ្តដែលជំនាញខាងចំណីអាហារ និងថ្នាំ បានបញ្ជាក់ប្រាប់ពីការយកទឹកឆៅពីក្បាលរ៉ូប៊ីណេ(ទឹកម៉ាស៊ីន)មកដាំឱ្យពុះច្រើនៗដងដោយមិនផ្លាស់ទឹកថ្មីនោះដូចតទៅ ៖
“តាមដែលមានការផ្សព្វផ្សាយព័ត៌មានថា ការយកទឹកចេញពីក្បាលរ៉ូប៊ីណេមកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មីនោះ នឹងធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ក្នុងទឹកម៉ាស៊ីននោះ ក្លាយទៅជាសារធាតុ ស៊ីលវើណៃត្រៃត៍ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ រឿងនេះមិនមែនជារឿងពិតឡើយ ព្រោះនៅក្នុងទឹកម៉ាស៊ីនគ្មានសារធាតុ ស៊ីលវើរណៃត្រេត នេះទេ ហើយការដាំទឹកឱ្យពុះក៏មិនធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ប្រែទៅជា ស៊ីលវើរណៃត្រៃត៍ ដែរ”។
តែយ៉ាងណាអ្នកវិទ្យាសាស្រ្តជំនាញបានបញ្ជាក់ថា បើសិនជាចង់ប្រើវិធីដាំទឹកឱ្យពុះមុនយកមកញ៉ាំ ឬចម្អិនអាហារនោះ អ្នកខាងចំណីអាហារ និងថ្នាំ បានណែនាំដូចតទៅនេះ ៖
“ការប្រើឆ្នាំង ឬកំសៀវដាំទឹកម៉ាស៊ីន បើមានការប្ដូរទឹក(មិនដាំទឹកដែលធ្លាប់ពុះម្ដងហើយ) និងលាងសម្អាតឆ្នាំង ឬកំសៀវជាប់ជាប្រចាំ នឹងធ្វើឱ្យយើងប្រាកដក្នុងចិត្តបានថា នឹងមិនកើតមានការប្រមូលសន្សំកំណកកកររបស់វត្ថុកខ្វក់ដែលអាចនឹងប្រឡូកប្រឡាក់មកនៅក្នុងទឹកនោះបានឡើយ”។
ដាំទឹកឱ្យពុះច្រើនៗដង មានគ្រោះថ្នាក់ឬទេ?
ទោះជាមិនបានមានជាតិពុលពី ស៊ីលវើរណៃត្រៃត៍ ក៏ពិតមែន តែការដាំទឹកពុះ រួចទុកចោលរហូតដល់ត្រជាក់ ហើយដាំតទៀតជាច្រើនដង ដូចអ្នកដែលប្រើកំសៀវដាំទឹកដើម្បីឆុងតែ ឬកាហ្វេនោះ វេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា ៖
“បើទឹកដែលលោកអ្នកយកមកដាំនោះជាទឹកធម្មជាតិ ដូចជា ទឹកអណ្ដូង ទឹកស្ទឹងទន្លេ ឬទឹកម៉ាស៊ីនដែលមានជាតិអាស៊ីតក្នុងឆ្នាំង ឬកំសៀវលោហៈនោះ បើសិនជាដាំច្រើនៗដង ក៏នឹងរឹតតែធ្វើឱ្យទឹកនោះរម្ងាស់ខ្លាំង និងកើតជាដុំរឹងៗតូចៗតោងជាប់នៅក្នុងកំសៀវ ឬហៅថា កំណកកំបោរធ្លាក់លាយឡំមកក្នុងទឹកច្រើនឡើង រួមទាំង “ទឹករ៉ែ” បែបដែលអ្នកមានលុយចូលចិត្តនាំគ្នាញ៉ាំ ព្រោះគិតថាស្អាតបរិសុទ្ធនោះ ក៏ត្រូវតែប្រយ័ត្នដែរ ព្រោះដាំយូរៗទៅ ក៏នឹងបានកំណកកំបោរដូចគ្នា”
“ដូច្នេះហើយទើបយើងមិនគួរញ៉ាំទឹកដែលដាំពុះច្រើនដងនោះទេ។ វិធីដែលល្អ គួរដាំទឹកក្នុងម្ដងៗឱ្យល្មមតែសម្រាប់ញ៉ាំបានហើយ និងចាំបាច់ត្រូវចាក់ទឹកចាស់ចោល និងប្ដូរទឹកថ្មីគ្រប់ពេល បើត្រូវការដាំទឹកឱ្យពុះជាថ្មី។ សម្រាប់កំសៀវដាំទឹកដើម្បីឆុងកាហ្វេ ក៏មិនគួរដាក់ចោលនៅលើភ្លើងឱ្យទឹកពុះជាប់រហូតដែរ ព្រោះអាចធ្វើឱ្យសារធាតុកំណកដែករលាយធ្លាក់ចូលមកក្នុងទឹកបាន និងឧស្សាហ៍បើកគម្របកំសៀវមើលផង បើឃើញមានកំណកកំបោរ គួរលាងសម្អាតចេញភ្លាម”៕