ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី11វិច្ឆិកានេះ បានប្រកាសនៅលើទំព័រ Facebook ថា បានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន1ករណីទៀត ដែលនេះបានកើតឡើងលើស្ត្រីជនជាតិអាមេរិកាំង។
អ្នកជំងឺដែលមានអាយុ35ឆ្នាំខាងលើ ស្នាក់នៅក្នុងសណ្ឋាគារមួយនាទីក្រុងភ្នំពេញ បន្ទាប់ពីបានធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី4វិច្ឆិកា។ បច្ចុប្បន្ន ស្ត្រីជនជាតិអាមេរិកាំងរូបនេះ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប 301នាក់ ក្នុងនោះមានអ្នកជំងឺចំនួន13នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង 288នាក់បានជាសះស្បើយ។
ដោយឡែក នៅទូទាំងពិភពលោក គិតមកដល់បច្ចុប្បន្ន មានមនុស្សចំនួន 51,802,767នាក់បានឆ្លងវីរុសCovid-19 ក្នុងនោះមាន1,279,159នាក់បានស្លាប់ និង36,390,908នាក់បានជាសះស្បើយ ខណៈដែល 14,132,700នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ពិភពលោកបានរកឃើញករណីវិជ្ជមានថ្មីជាង6,000នាក់៕