ឪពុកម្ដាយមួយចំនួនចង់ឱ្យកូនតូចៗពូកែភាសាអង់គ្លេស(ឬភាសាផ្សេងទៀត)មួយទៀត តែក៏នឹកភ័យបារម្ភ(គិតតែខ្លួនឯង)ថា តិចលោនិយាយអង់គ្លេសផង និយាយខ្មែរផង នឹងធ្វើឱ្យកូនវិលវល់យល់ច្រឡំ និងក្លាយជាការក្រចេះនិយាយ ឬមិនយល់ពីភាសា ជាដើម-ល- តែ ឡារ៉ែនសូមឱ្យលោកឪពុកអ្នកម្ដាយទាំងអស់យល់ដឹងជាថ្មីឡើងវិញថា ទារកចាប់ពីពេលកើតដំបូងរហូតដល់អាយុ 3ឆ្នាំនឹងមានការសាងកោសិកាខួរក្បាល និងវិវឌ្ឍនាការផ្នែកខួរក្បាលឆាប់រហ័សណាស់ ដូច្នេះបើយើងចង់បង្ហាត់កូន ក៏ត្រូវតែបង្ហាត់ក្នុងអំឡុងពេលនេះ ព្រោះនឹងងាយស្រួលបង្ហាត់ និងឆាប់មើលឃើញលទ្ធផលបំផុត។
តើកូនស្រីប្រើប្រាស់ភាសាបានល្អជាងកូនប្រុសមែនឬ?
ជាទូទៅ ក្មេងស្រីនឹងប្រើប្រាស់ភាសាបានល្អ និងចំណានជាងក្មេងប្រុស(បើប្រៀបធៀបអាយុប៉ុនគ្នា) ដោយសារតែថា ខួរក្បាលផ្នែកឆ្វេង(ដែលមានតួនាទីគ្រប់គ្រងលើការប្រើភាសា)របស់ក្មេងស្រីនឹងចាប់ផ្ដើមធ្វើការបានលឿនជាងក្មេងប្រុស ធ្វើឱ្យកូនស្រីច្រើនតែនិយាយបានលឿនជាងកូនប្រុស តែទាំងអស់នេះមិនមែនមានន័យថា យើងនឹងមិនអាចចិញ្ចឹមកូនប្រុសឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)បាននោះឡើយ គ្រាន់តែឪពុកម្ដាយត្រូវយល់ដឹងលើផ្នែកនេះផងតែប៉ុណ្ណោះ។
ចិញ្ចឹមកូនឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង) ឪពុកម្ដាយត្រូវធ្វើយ៉ាងណា?
នៅពេលឪពុកម្ដាយតាំងចិត្តឱ្យកូនពូកែ 2ភាសា(ឬច្រើនជាងនោះ)ហើយ គួរតែចាប់ផ្ដើមភ្លាមតែម្ដង ដោយចាប់ផ្ដើមតាំងពីអំឡុងពេលកើតដំបូងរហូតដល់អាយុ 3ឆ្នាំ ដោយឪពុក និងម្ដាយគួរតែឯកភាពគ្នាជាមុនសិនថា នឹងឱ្យអ្នកណានិយាយភាសាមួយណា ដូចជាឪពុកនិយាយភាសាខ្មែរ ម្ដាយនិយាយភាសាអង់គ្លេសជាដើម។ ពេលចិញ្ចឹមកូនក៏គួរតែនិយាយជាមួយកូនតាមភាសាដែលខ្លួនឯងបានឯកភាពគ្នារួចហើយនោះ។ បន្ទាប់ពីនោះ គួរត្រៀមវត្ថុផ្សេងៗដែលបង្ហាញពី 2ភាសា ដូចជាសៀវភៅដែលនឹងអានឱ្យកូនស្ដាប់ របស់លេងផ្សេងៗដែលមានទាំងអក្សរខ្មែរ និងអង់គ្លេសជាដើម។ល។ ការរស់នៅបច្ចុប្បន្នក៏នៅតែដំណើការទៅមុខ តែរឿងដែលសំខាន់បំផុតនោះគឺ ការជជែកនិយាយជាមួយកូនដោយភាសាដែលបានឯកភាពគ្នានោះ ឪពុកម្ដាយមិនគួរនឹកកង្វល់ថា តើកូននឹងយល់ពីអ្វីដែលខ្លួនឯងកំពុងទំនាក់ទំនងជាមួយកូនឬក៏អត់?នោះទេ តែរឿងដែលគួរផ្ដល់ភាពសំខាន់នោះគឺ ភាពច្បាស់លាស់របស់ពាក្យ និងសំនៀងសូរស័ព្ទដែលនិយាយចេញទៅ ព្រោះកូននឹងចងចាំពីអ្វីដែលគេបានឮនោះឯង។
ការចង់ជំរុញឱ្យកូនមានជំនាញផ្នែកភាសា មិនមែនត្រឹមតែការចាក់បទចម្រៀង ឬខ្សែភាពយន្តភាសាអង់គ្លេសឱ្យកូនមើលនោះទេ តែអ្វីដែលបានផលល្អខ្លាំងជាងគឺ ការជជែកនិយាយ ការឆ្លើយឆ្លងទៅមកផ្សេងៗ ព្រោះជាការទំនាក់ទំនងបែប 2ផ្លូវ។ ក្មេងនឹងអាចរៀនយល់ដឹង និងអភិវឌ្ឍជំនាញផ្នែកភាសាបានលឿនជាងការទំនាក់ទំនងតែមួយផ្លូវ(ស្ដាប់បទចម្រៀង មើលកុន អាចរាប់បានថាជាការទំនាក់ទំនងតែមួយផ្លូវ)។
ការនឹងចិញ្ចឹមកូនឱ្យពូកែច្រើនភាសា ឪពុកម្ដាយត្រូវប្រើភាពអត់ធន់ខ្ពស់បន្តិច ព្រោះថា បើឪពុកម្ដាយមិនមែនជាម្ចាស់ភាសានោះពិតប្រាកដ(ជនបរទេស) ដូចជា ឪពុកម្ដាយជាជនជាតិខ្មែរទាំងពីរនាក់ តែមានម្នាក់ត្រូវនិយាយភាសាបរទេសនោះ គឺអាចជារឿងមួយដែលទាមទារឱ្យទាំងពីរនាក់អត់ធន់គួរសមដែរ៕