ជាមួយនឹងប្រសិទ្ធភាពទប់ស្កាត់ឡើងដល់90% បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរបាន1សប្ដាហ៍ វ៉ាក់សាំងរបស់ Pfizer បាននាំមកនូវក្ដីសង្ឃឹមថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19។
ការប្រកាសព័ត៌មានកាលពីថ្ងៃទី9វិច្ឆិការបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូ BioNTech បានឱ្យដឹងថា នេះគឺជា “ថ្ងៃមួយដ៏អស្ចារ្យរបស់វិទ្យាសាស្ត្រ និងមនុស្សជាតិ”។
94នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង43,500នាក់ ដែលបានចូលរួមក្នុងការពិសោធវ៉ាក់សាំងដំណាក់កាលទីបី ត្រូវបានចែកជា2ក្រុម៖ ចាក់វ៉ាក់សាំង និងប្រើថ្នាំ placebo (ថ្នាំដែលមិនមែនជាថ្នាំ)។ ក្រុមអ្នកជំនាញមកពីគណៈកម្មការតាមដានទិន្នន័យ ដែលមិនស្ថិតក្នុងក្រុមស្រាវជ្រាវ ធ្វើការវិភាគទៅលើលទ្ធផលដែលទទួលបាន។
វ៉ាក់សាំងមានប្រសិទ្ធភាពទប់ស្កាត់វីរុសដល់ទៅ90% ក្នុងចំណោមអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធ។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ បានកើតឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីពីរ។ និយាយរួម វ៉ាក់សាំងរបស់ Pfizer ចាប់ផ្ដើមការពាររាងកាយមនុស្សក្រោយរយៈពេល28ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីមួយ។
លទ្ធផលចុងក្រោយស្ដីអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer អាចផ្លាស់ប្ដូរ នៅពេលក្រុមអ្នកវិទ្យាសាស្ត្របន្តប្រមូលបានទិន្នន័យថ្មីៗនាពេលខាងមុខ។
ប្រធាន និងជានាយកប្រតិបត្តិរបស់ Pfizer បណ្ឌិត Albert Bourla អះអាងថា៖ “ខ្ញុំគិតថា ចុងក្រោយយើងក៏បានមើលឃើញពន្លឺនៅខាងចុងផ្លូវរូង។ សន្និដ្ឋានដំបូងពីការពិសោធវ៉ាក់សាំងប្រឆាំងCovid-19 ដំណាក់កាលទីបី បាននាំមកនូវភ័ស្ដុតាងដំបូងបង្ហាញអំពីលទ្ធភាពទប់ស្កាត់Covid-19 របស់វ៉ាក់សាំង Pfizer”។
យោងតាម Bourla វ៉ាក់សាំង Pfizer កំពុងតែឆ្ពោះទៅកាន់ដំណាក់កាលសំខាន់នៅក្នុងកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ក្នុងគ្រាដែលពិភពលោកកំពុងត្រូវការវ៉ាក់សាំងជាទីបំផុត។ ជាមួយនឹងអត្រាប្រសិទ្ធភាពជាង90% មនុស្សជាតិកំពុងតែធ្វើដំណើរជិតដល់ដំណាក់កាលដែលត្រូវបញ្ចប់វិបត្តិសុខភាពនៅទូទាំងពិភពលោក។
William Gruber ដែលជាអនុប្រធានជាន់ខ្ពស់ គ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងរបស់ Pfizer យល់ថា លទ្ធផលនេះគឺជា “ដំណឹងល្អបំផុតសម្រាប់ពិភពលោក ក៏ដូចជាសហរដ្ឋអាមេរិក និងវិស័យសុខាភិបាលសាធារណៈ” ដែលនេះបានលើសពីប្រការល្អបំផុតដែលលោកធ្លាប់បានសង្ឃឹម។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BioNTech លោក Ugur Sahin ឱ្យដឹងថា “វីរុស Covid-19 នឹងត្រូវបានគ្រប់គ្រង។ នេះគឺជាជ័យជំនះរបស់ក្រុមអ្នកវិទ្យាសាស្ត្រ”។
ភាគីខាង Pfizer និង BioNTech បានបញ្ជាក់ថា 42% នៃអ្នកស្ម័គ្រចិត្តនៅក្នុងការពិសោធរបស់ពួកគេនៅទូទាំងពិភពលោករបស់ គឺជាការពិសោធចម្រុះជាតិសាសន៍ ហើយមិនទាន់មានបញ្ហាធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នៅឡើយ។
វ៉ាក់សាំងCovid-19 របស់ Pfizer ប្រើប្រាស់បច្ចេកវិទ្យាវត្ថុតំណពូជ ដែលប្រើ Messenger RNA (mRNA) ផ្ដល់ព័ត៌មាន និង “ណែនាំ” ឱ្យប្រព័ន្ធការពាររបស់រាងកាយ ប្រតិកម្មប្រឆាំងនឹងមេរោគ។
ក្រុមហ៊ុនឱសថខាងលើកំពុងតែរៀបគម្រោងដាក់ពាក្យសុំលិខិតអនុញ្ញាតក្នុងការប្រើប្រាស់វ៉ាក់សាំងនេះជាបន្ទាន់ នៅពេលបានប្រមូលទិន្នន័យគ្រប់គ្រាន់នៅក្នុងសប្ដាហ៍ទីបីនៃខែវិច្ឆិកានេះ។
តាមគម្រោង Pfizer និង BioNTech នឹងផលិតវ៉ាក់សាំងនេះចំនួន50លានអំពូលនៅក្នុងឆ្នាំ2020 និង1.3ពាន់លានអំពូលនៅក្នុងឆ្នាំ2021។
ក្រុមមន្ត្រី និងក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកសង្ឃឹមថា វ៉ាក់សាំងនេះអាចត្រូវបានចែកចាយចាប់ពីពាក់កណ្ដាលដើមឆ្នាំ2021ខាងមុខ។ បើសិនជាគ្រប់យ៉ាងដំណើរការរលូនទៅតាមផែនការ វ៉ាក់សាំងរបស់ Pfizer និងក្លាយជាវ៉ាក់សាំងដែលចំណាយពេលខ្លីបំផុតនៅក្នុងការផលិត (12-18ខែ បន្ទាប់ពីCovid-19 ត្រូវបានរកឃើញដំបូងនៅប្រទេសចិន)។ រហូតមកដល់បច្ចុប្បន្ន វ៉ាក់សាំងប្រឆាំងនឹងជំងឺស្រឡទែន Mumps គឺជាវ៉ាក់សាំងដែលប្រើប្រាស់ពេលវេលាអភិវឌ្ឍលឿនបំផុត ដែលត្រូវបានផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់កាលពីឆ្នាំ1967 បន្ទាប់ពីបានសិក្សាស្រាវជ្រាវអស់រយៈពេល4ឆ្នាំ។
មកទល់នឹងបច្ចុប្បន្ន ពិភពលោកបានរកឃើញវ៉ាក់សាំងប្រឆាំងCovid-19 ចំនួន11ប្រភេទ ដែលបានឈានដល់ការសាកល្បងដំណាក់កាលទីបី ខណៈដែលវ៉ាក់សាំងចំនួន43ប្រភេទផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលទីមួយ និងទីពីរ។ បណ្ដាវ៉ាក់សាំងដែលត្រូវបានគេវាយតម្លៃថា មានសក្ដានុពលបំផុត គឺជាវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងចិន ដែលត្រូវបានអភិវឌ្ឍដោយប្រើបច្ចេកវិទ្យាចំនួនបីប្រភេទ គឺបច្ចេកវិទ្យា virus vector បច្ចេកវិទ្យា inactivated virus និងបច្ចេកវិទ្យាហ្សែន (genetic technology)។
គិតមកដល់ពេលនេះ វីរុសCovid-19 បានសម្លាប់មនុស្សជាង 1.269.000នាក់ ក្នុងចំណោមអ្នកជំងឺជាង 51,239,000នាក់នៅទូទាំងពិភពលោក៕
ប្រភព៖ Bloomberg/Worldometers/CNBC