បន្ទាប់ពីបណ្ដោយឱ្យពេញចិត្តនឹងធាតុអាកាសបែបរងាត្រជាក់កាយពេញមួយអំឡុងពេលចុងឆ្នាំកន្លងមកហើយនោះ ពេលនេះក៏ដល់វេលានៃការឈានចូលរដូវក្ដៅជាផ្លូវការហើយ។ ខែមេសានេះមើលទៅហាក់ដូចជាក្ដៅហប់មិនមែនធម្មតាឡើយ ព្រោះគ្រាន់តែចុងខែមីនាកន្លងទៅ ក៏ក្ដៅស្ទើរតែទ្រាំលែងបានទៅហើយ។ ដូច្នេះលេខនេះ ឡារ៉ែនមានគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំសុខភាពខ្លួនឯងក្នុងអំឡុងរដូវក្ដៅមកជម្រាបជូន ដើម្បីឱ្យមិត្តអ្នកអានមិនចាំបាច់ទៅដើរស្រូបយកខ្យល់ត្រជាក់ៗនៅតាមហាងផ្សារទំនើប និងបើសិនជានឹងគេងនៅផ្ទះបើកម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃវិញនោះ អាចនឹងត្រូវលំបាកចិត្តដោយសាររឿងថ្លៃភ្លើងដែលកើនច្រើនឡើងក៏អាចថាបានដែរ ដូច្នេះចូរងាកមកកែសម្រួលស្ថានភាពជុំវិញខ្លួន និងបន្ថែមការមើលថែទាំខ្លួនឯងវិញ វានឹងងាយស្រួលជាង។
ក្នុងរដូវក្ដៅសម្រាប់ស្រុកយើង គេចមិនផុតពីការដែលត្រូវជួបនឹងកម្ដៅថ្ងៃដុតកម្លោច និងសភាពធាតុអាកាសដែលក្ដៅខ្លាំងឡើងៗ ហុចផលឱ្យរាងកាយនឿយល្វើយតាមរយៈការខ្វះជាតិទឹក ដោយសារត្រូវបាត់បង់ជាតិទឹកក្នុងសភាពជាញើសពេញមួយថ្ងៃនោះឡើយ។ ក្រៅពីនេះធាតុអាកាសក្ដៅខ្លាំងៗក៏នឹងធ្វើឱ្យឆាប់មួម៉ៅ និងមានអារម្មណ៍ធុញថប់តានតឹងពីភាពមិនសប្បាយស្រួលខ្លួន ហើយនិងរឿងដែលតែងតែជាបញ្ហាតាមមកជានិច្ចនោះគឺ រឿងម្ហូបអាហារការហូបចុកដែលអាចនឹងឆាប់ខូច ឆាប់ផ្អូមកាន់តែលឿន ច្រឡំទទួលទានចូលទៅ ក្រពះពោះវៀននឹងមានបញ្ហាបានយ៉ាងងាយទៀតផង។
ដូច្នេះចូរមើលថែទាំខ្លួនឯងដូចតទៅនេះ ៈ
- ញ៉ាំទឹកស្អាតឱ្យបានច្រើនជាងប្រក្រតីដើម្បីជំនួសឱ្យញើសដែលបាត់បង់ទៅ។ ធាតុអាកាសក្ដៅ និងរាងកាយដែលខ្វះជាតិទឹកនឹងធ្វើឱ្យកើតអាការនឿយល្វើយបានយ៉ាងងាយ ដូច្នេះបើត្រូវចេញទៅកណ្ដាលវាលក្នុងអំឡុងពេលនេះ គួរដាក់ទឹកបរិសុទ្ធសម្រាប់ញ៉ាំទៅជាមួយផងរឹតតែប្រសើរ។
- គួរចៀសវាងការញ៉ាំទឹកដែលមានរសជាតិផ្អែមៗ ឬទឹកភេសជ្ជៈកំប៉ុង ព្រោះរឹតតែញ៉ាំនឹងរឹតតែធ្វើឱ្យស្រេកទឹកខ្លាំងឡើង និងក៏គួរចៀសវាងការញ៉ាំទឹកដែលត្រជាក់ខ្លាំងដែរ ព្រោះវានឹងហុចផលបន្តធ្វើឱ្យប្រព័ន្ធដុតបំផ្លាញអាហារក្នុងរាងកាយដំណើរការមិនល្អ។
- សង្កត់ធ្ងន់លើអាហារដែលចម្អិនឆ្អិន និងចម្អិនថ្មីៗ ព្រោះធាតុអាកាសក្ដៅខ្លាំង មេរោគបាក់តេរីដែលអាចនឹងប្រឡាក់ប្រឡូសមកជាមួយចំណីអាហារនោះនឹងរឹតតែរីកធំធាត់បានល្អណាស់ ជាពិសេសអាហារដែលមានផ្សំដោយខ្ទិះដូង រឹតតែត្រូវប្រយ័ត្ន រួមទាំងទឹកកកដែលឆ្លងកាត់ការផលិតដោយកម្មវិធីដែលមិនស្អាត រឹតតែជាប្រភពបណ្ដុះមេរោគបាក់តេរីយ៉ាងល្អ ដែលគួរឱ្យខ្លាចបំផុតសម្រាប់អ្នកបរិភោគ។
- ជ្រើសរើសស្លៀកសម្លៀកបំពាក់ទូលាយៗ និងស្រាលសប្បាយខ្លួន ដែលមិនសន្សំ ឬនាំកម្ដៅចូលមក ខណៈពេលជាមួយគ្នា ពេលត្រូវចេញទៅខាងក្រៅដែលត្រូវជួបនឹងពន្លឺព្រះអាទិត្យ គួរលាបឡេការពារកម្ដៅថ្ងៃជានិច្ច និងលាបឡើងវិញរៀងរាល់ 2ម៉ោងម្ដង ដើម្បីការពារកាំរស្មី UV។ បើបានពាក់មួក ឬបាំងឆត្រដើម្បីការពារកម្ដៅថ្ងៃទៀតផងនោះ រឹតតែល្អ។
- បើអាចទៅរួច គួរតមធ្វើការធ្ងន់នៅទីកណ្ដាលវាលដែលត្រូវប៉ះនឹងកម្ដៅថ្ងៃខ្លាំង ព្រោះធាតុអាកាសក្ដៅនឹងធ្វើឱ្យសីតុណ្ហភាពរបស់រាងកាយឡើងខ្ពស់ អាចមានផលប៉ះពាល់ធ្វើឱ្យកើតខ្យល់គដោយសារកម្ដៅថ្ងៃ និងអាចដល់ថ្នាក់ស្លាប់បានទៀតផង។
- មិនគួរគេងលក់ដោយបណ្ដោយឱ្យរាងកាយប៉ះនឹងភាពត្រជាក់ពីម៉ាស៊ីនត្រជាក់ដោយត្រង់ក្នុងរយៈពេលយូរ ឬបែរកង្ហារដាក់ចំខ្លួនរហូតពេញមួយយប់នោះទេ ព្រោះទោះជាជួយឱ្យចៀសផុតពីធាតុអាកាសក្ដៅហប់បានមែន តែសភាវរបស់ជំងឺហើមសួតអាចនឹងសួររកមុខ។
- រឿងដែលសំខាន់លើសអ្វីទាំងអស់គឺ គួរគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសាងប្រព័ន្ធប្រឆាំងជំងឺដល់រាងកាយ ព្រោះរាងកាយដែលខ្វះការគេងសម្រាក ច្បាស់ជាទន់ខ្សោយ នៅពេលជួបនឹងសភាពធាតុអាកាសដែលក្ដៅខ្លាំង នឹងរឹតតែឆាប់ឈឺថ្កាត់ទៅតាមនោះដែរមិនខាន។
និងសូមបន្ថែមជាចុងក្រោយថា ធាតុអាកាសក្ដៅខ្លាំងអាចមានផលប៉ះពាល់ធ្វើឱ្យអារម្មណ៍កាន់តែឆាប់មួម៉ៅក្ដៅក្រហាយឡើង ដូច្នេះក្នុងរយៈពេលនេះគួរមើលថែទាំទាំងសុខភាពកាយ និងសុខភាពចិត្តដំណាលគ្នាផង។ កុំភ្លេចថា ធាតុអាកាសគ្រាន់តែជាជាបច្ច័យមួយប៉ុណ្ណោះ…រដូវក្ដៅចូលមកដល់ បន្តិចក៏កន្លងផុតទៅវិញ ដូច្នេះកុំបណ្ដោយឱ្យសភាពបរិស្ថានក្លាយជាអ្នកបំផ្លាញបរិយាកាសក្នុងការធ្វើការងារ និងបរិយាកាសគ្រួសាររបស់យើងឱ្យសោះ មិនដូច្នេះទេ សេចក្ដីសុខដែលគួរមានក្នុងជីវិត នឹងរលាយបាត់អស់ជាមិនខាន៕