ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។
3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។
រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។
ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ 6ឆ្នាំ ជាអំឡុងពេលដែលខួរក្បាលសាងកោសិកាប្រសាទចំនួនដ៏ច្រើន ធ្វើឱ្យខួរក្បាលមានទំហំដ៏ធំ និងធំឡើងលឿន។ បន្ទាប់ពីនោះក្នុងអំឡុងអាយុ 6-12ឆ្នាំ ជាអំឡុងវ័យដែលមានការតភ្ជាប់ការធ្វើការងាររបស់ខួរក្បាលឱ្យមានប្រសិទ្ធភាពខ្លាំងឡើង ដោយកម្មវិធីដែលហៅថា Synaptic pruning ឬកម្មវិធីកាត់តុបតែងចរន្តប្រព័ន្ធប្រសាទ។ កោសិកាខួរក្បាលផ្នែកណាបានប្រើ បានត្រូវជំរុញនឹងត្រូវបានរក្សាទុក ផ្នែកដែលមិនបានប្រើក៏នឹងត្រូវកាត់ចោល។ កោសិកាប្រសាទផ្នែកដែលត្រូវបានជ្រើសរើសរក្សាទុក នឹងបានទទួលការអភិវឌ្ឍបន្ត ដូច្នេះ បើខួរក្បាលកុមារមិនបានទទួលការអភិវឌ្ឍ កោសិកាខួរក្បាលដែលគួរមានឱកាសអភិវឌ្ឍ ក៏នឹងចុះខ្សោយបាត់ទៅ ធ្វើឱ្យជំនាញ ឬសមត្ថភាពផ្សេងៗបាត់បង់អស់នៅពេលធំឡើង។ ក្រៅពីនេះ ខួរក្បាលនៅត្រូវការ គ្លុយខូស(ជាតិស្ករ) និងអុកស៊ីហ្ស៊ែនដែលជាថាមពលចម្បងក្នុងការធ្វើការងារ ជាពិសេសអុកស៊ីហ្ស៊ែន ដែលខួរក្បាលត្រូវការច្រើនដល់ទៅ 20%របស់អុកស៊ីហ្ស៊ែនដែលមនុស្សយើងដកដង្ហើមចូលទៅក្នុងរាងកាយ។ រឹតតែមានការរៀនយល់ដឹងច្រើន ខួរក្បាលរឹតតែត្រូវការសារធាតុអាហារ និងអុកស៊ីហ្ស៊ែនច្រើនឡើងដែរ។
តើឪពុកម្ដាយអាចត្រៀមភាពត្រៀមរួចជាស្រេចឱ្យកូនយ៉ាងណាបាន?
- បង្ហាត់ឱ្យកូនចេះជួយខ្លួនឯង : អាចបង្ហាត់បានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសធ្មេញខ្លួនឯង ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនឯងអាចប្រើការបាន ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជានេះដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។
- បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺការងាររបស់កូន : អំឡុងពេលដែលកូនលេង នឹងកើតមានការកំណត់គោលដៅរយៈខ្លីជាលើកៗដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំងដប់ និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ ការលេងដែលជួយជំរុញខួរក្បាលកូន មានដូចជា ការផាត់ពណ៌ សូនរូបដីឥដ្ឋ លេងតម្រៀបរូប តោងឡើង ជាដើម។
- សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមកូនបែបវិជ្ជមាន : ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយបញ្ហាដោយខ្លួនឯង ដែលនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹងដ៏ច្រើនទៀត។ ឯការសម្លុត ទិតៀន ចម្អក ឬដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយខួរក្បាលមិនបានទទួលការអភិវឌ្ឍ។
- យកចិត្តទុកដាក់រឿងភោជនាហារ : ជាពិសេសបំផុត សារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និង ARA សារធាតុដែក អ៊ីយ៉ូដ វីតាមីន A វីតាមីន B12 ដែលអាចធ្វើបានតាំងពីពេលកូនកើតមក ដោយការចិញ្ចឹមកូនដោយទឹកដោះម្ដាយយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលអាហារស័ក្តិសមទៅតាមវ័យ ដូចជា ស៊ុត ត្រីសមុទ្រ ល្ពៅ មើមការ៉ុត បន្លែស្លឹកបៃតង ទឹកស៊ុបដែលមានគុណប្រយោជន៍ ជាដើម។
ជាសរុបទៅគឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីសម័យមុនខ្លះនោះ ចម្លើយក៏គឺ គោលការណ៍ជាមូលដ្ឋានគ្រឹះមិនខុសគ្នាទេ បើខុសក៏ត្រង់រឿថតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការធ្វើឱ្យខ្លួនមានសុវត្ថិភាព និងជំនាញក្នុងការរស់នៅ រួមទាំងយកចិត្តទុកដាក់លើរឿងភោជនាហារដែលមានផលល្អចំពោះខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី 21នេះ៕