ខណៈដែលប្រទេសយើងកំពុងប្រឈមនឹងសភាវអាកាសធាតុដែលក្ដៅហប់ហួតហែងដោយសារតែសីតុណ្ហភាពដែលកើនខ្ពស់ឡើង ដែលអាចធ្វើឱ្យកើតរោគភ័យផ្សេងៗឡើងបាននោះ ជាហេតុធ្វើឱ្យយើងត្រូវមើលថែទាំសុខភាពរបស់អ្នកដែលស្ថិតនៅក្នុងក្រុមប្រថុយនឹងការកើតរោគភ័យផ្សេងៗ ដូចជា អ្នកមានជំងឺប្រចាំកាយ កូនក្មេង ស្រ្តីមានគភ៌ និងជាពិសេសមនុស្សចាស់ សុទ្ធតែជាក្រុមដែលត្រូវផ្ដល់ភាពសំខាន់ជាពិសេស ដោយសារតែជាក្រុមមនុស្សដែលមានសុខភាពរាងកាយមិនសូវរឹងមាំ ងាយនឹងឈឺថ្កាត់ជាងមនុស្សក្នុងវ័យកំលោះក្រមុំបើសិនជាត្រូវប្រឈមនឹងធាតុអាកាសក្ដៅយូរៗទៅ។
លោកគ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់ជរា បានឱ្យដឹងថា ក្នុងអំឡុងពេលដែលប្រទេសយើងត្រូវប្រឈមនឹងសភាវធាតុអាកាសក្ដៅហប់ហួតហែងដូចសព្វថ្ងៃនេះ ជំងឺដែលមនុស្សចាស់ត្រូវប្រយ័ត្នប្រយែង និងជួបប្រទះញឹកញាប់នោះមានដូចជា៖
1 . ជំងឺខ្យល់គដោយសារកម្ដៅ ឬហ៊ីតស្រ្តូក(Heat Stroke)
ជំងឺខ្យល់គដោយសារកម្ដៅ បណ្ដាលមកពីការដែលមនុស្សចាស់ស្ថិតនៅក្នុងសភាពបរិស្ថានដែលមានសីតុណ្ហភាពខ្ពស់ និងបានទទួលកម្ដៅខ្លាំងជ្រុលពេក បណ្ដាលឱ្យការធ្វើការងាររបស់ប្រព័ន្ធឈាមរត់ និងប្រព័ន្ធខួរក្បាលខុសប្រក្រតី ដែលសញ្ញាដាស់តឿនដ៏សំខាន់របស់ជំងឺហ៊ីតស្រ្តូកនេះគឺ គ្មានចេញញើស មុខឡើងក្រហម ខ្លួនប្រាណក្ដៅឡើងជារឿយៗ មានអារម្មណ៍ស្រេកទឹកខ្លាំអ វិលមុខ ឈឺក្បាល ក្អួតចង្អោរ ដកដង្ហើមដង្ហក់ សាច់ដុំឡើងរឹង ភាំងៗ ប្រស្រីភ្នែករីកធំ អារម្មណ៍ដឹងខ្លួនថយចុះ អាចប្រកាច់ និងបាត់ស្មារតី។ បើមិនបានទទួលការជួយសង្រ្គោះយ៉ាងត្រឹមត្រូវទាន់ពេលវេលាទេនោះ បេះដូងអាចនឹងឈប់ធ្វើការ និងអាចបណ្ដាលឱ្យស្លាប់បាន។
សម្រាប់ការការពារ និងមើលថែទាំមនុស្សចាស់ គឺមិនគួរបណ្ដោយឱ្យស្ថិតនៅក្រោមកម្ដៅថ្ងៃនាពេលថ្ងៃត្រង់ ឬចៀសវាងពីធ្វើកិច្ចការងារនៅកណ្ដាលវាលក្នុងអំឡុងពេលរសៀលរហូតដល់ម៉ោង 4ល្ងាច តែបើមានភាពចាំបាច់ចៀសមិនរួចដែលត្រូវតែប៉ះពាល់នឹងកម្ដៅថ្ងៃនោះ គួរប្រើកន្សែងពោះគោជ្រលក់ទឹកជូតខ្លួនដម្បីបន្ថយកម្ដៅក្នុងខ្លួន និងគួរក្រេបទឹកបរិសុទ្ធឱ្យបានញឹកញាប់បំផុតក្នុងថ្ងៃដែលធាតុអាកាសក្ដៅខ្លាំង ពាក់វ៉ែនតាការពារពន្លឺថ្ងៃ និងបាំងឆត្រមុនពេលចេញពីផ្ទះ គួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលៗ ធំទូលាយ ស្ដើងៗស្រាលៗ និងអាចបំភាយកម្ដៅ និងការពារកម្ដៅថ្ងៃបាន។
2 . ជំងឺរាករូស
ក្នុងអំឡុងអាកាសធាតុក្ដៅៗបែបនេះ មេរោគផ្សេងៗនឹងរីកធំធាត់យ៉ាងល្អ ជាពិសេសចំណីអាហារនឹងឆាប់ជូរផ្អូមជាងប្រក្រតី ដែលបើសិនញ៉ាំចំណីអាហារមិនស្អាត អាការរាករូសនឹងកើតឡើងបានយ៉ាងងាយ។ ឯវិធីការពារគឺ គួរប្រកាន់ខ្ជាប់គោលការណ៍ញ៉ាំអាហារក្ដៅៗ មានស្លាបព្រាសម្រាប់ដួសម្ហូបដោយឡែក លាងសម្អាតដៃដើម្បីកាត់បន្ថយការឆ្លងមេរោគ និងមិនញ៉ាំអាហារដែលទុកចោលយូរ ឬបើទទួលទានមិនអស់ គួររក្សាទុកនៅក្នុងទូទឹកកក ដើម្បីកុំឱ្យអាហារនោះជូរផ្អូម។
3 . ជំងឺស្បែកឈឺក្រហាយផ្សា ក្រហម ឡើងកន្ទួល
ជំងឺស្បែកកើតឡើងពីការប៉ះពាល់នឹងកម្ដៅថ្ងៃរយៈពេលយូរដោយគ្មានវត្ថុការពារ នឹងធ្វើឱ្យស្បែករបស់មនុស្សចាស់កើតអាការក្ដៅខ្លោច ក្រហាយផ្សា និងឡើងកន្ទួល ដូច្នេះគួរទទួលទានទឹកឱ្យបានច្រើនជាងប្រក្រតី ដើម្បីសាងភាពស្រស់ថ្លា និងសំណើមដល់ស្បែក និងលាបឃ្រីមការពារកម្ដៅថ្ងៃមុនចេញទៅប៉ះពន្លឺថ្ងៃប្រមាណ 20នាទី និងគួរលាបថែមទៀតរៀងរាល់ 2 – 4ម៉ោងម្ដង ដើម្បីការពារស្បែកពីកម្ដៅថ្ងៃ។
ទាំងអស់នេះការមើលថែទាំមនុស្សចាស់គួរយកចិត្តទុកដាក់លើរឿងសុខភាពគ្រប់ផ្នែកដោយការរៀបចំទីកន្លែងឱ្យមានខ្យល់អាកាសចេញចូលស័ក្តិសមសម្រាប់មនុស្សចាស់ ចៀសវាងភាពសើមផ្អាប់ ព្រោះអាចជាប្រភពបណ្ដុះមេរោគ និងធ្វើឱ្យមិនស្រួលខ្លួន ក្រៅពីនេះ ត្រូវមើលថែទាំសភាវខាងអារម្មណ៍របស់មនុស្សចាស់ ដោយត្រូវមើលថែយ៉ាងចិត្តត្រជាក់ រួមទាំងសាងបរិយាកាសឱ្យស្រស់ថ្លារីករាយជាប់ជានិច្ច និងបើសង្កេតឃើញមានអាការខុសប្រក្រតីណាមួយរបស់មនុស្សចាស់ដែលបង្កដោយជំងឺអ្វីម្យ៉ាងនោះ គួរប្រញាប់នាំទៅជួបគ្រូពេទ្យដើម្បីព្យាបាល និងរិះរកវិធីការពាររួមគ្នា៕