“ឪពុក-ម្ដាយ” ព្រឹកឡើងត្រូវត្រៀមខ្លួនទៅធ្វើការ និងក្រៅពីត្រូវត្រៀមរឿងរបស់ខ្លួនឯងហើយ មុនអ្វីៗទាំងអស់ គឺត្រូវបែងពេលវេលាមើលថែកូនៗ…ដាស់ឱ្យក្រោកពីគេង ដុសសម្អាតធ្មេញ ងូតទឹក ញ៉ាំអាហារ ត្រៀមខ្លួនទៅសាលារៀន។ រៀងរាល់ព្រឹក ជីវិតនឹងរវល់វីវក់ជាមួយនឹងភារកិច្ចទាំងនេះ។
នៅពេលកូនចាប់ផ្ដើមធំឡើង ការចិញ្ចឹមមើលថែក៏នឹងត្រូវកែសម្រួលទៅតាមវ័យរបស់កូនផងដែរ។ ពេលមើលត្រឡប់ទៅក្រោយវិញ មនុស្សដែលជាម្ដាយដូចរូបយើង មានអារម្មណ៍ថា អំឡុងពេលដែលល្អបំផុត និងសប្បាយបំផុតគឺ អំឡុងពេលដែលកូននៅតូចក្នុងវ័យតេះតះ ព្រោះកូនត្រូវការត្រឹមតែសេចក្ដីស្រឡាញ់ និងអាហារប៉ុណ្ណោះ…អ្វីដែលសំខាន់គឺ កូននៅមិនទាន់ចេះតបតមកវិញ មិនទាន់មានពាក្យសម្ដី ដូច្នេះយើងគ្រាន់តែនឿយកាយ បានគេងសម្រាកហើយក៏ស្រួលខ្លួនឡើងវិញ និងទោះជានឿយប៉ុនណា ដើម្បីកូន ម្ដាយធ្វើបាន…។
តើលោកអ្នកធ្លាប់សង្កេតដែរឬទេ? ទោះជាក្មេងស្ថិតនៅក្នុងសភាពបរិស្ថានតែមួយដូចគ្នា ឪពុកម្ដាយផ្ដល់នូវការចិញ្ចឹមមើលថែដូចគ្នា តែហេតុអីលទ្ធផលចេញមកខុសគ្នា? តើអ្វីដែលមានផលដល់ទង្វើរបស់ក្មេង និងមានផលដល់ផ្នត់គំនិតរបស់គេ? ប្រាកដណាស់ថា ធម្មជាតិរបស់ក្មេងម្នាក់ៗមានភាពខុសប្លែកផ្សេងពីគ្នា លក្ខណៈចរិតនិស្ស័យ ចំណង់ចំណូលចិត្ត និងមើលឱ្យជ្រៅទៅដល់រឿងរបស់ចិត្តគំនិតក៏មិនដូចគ្នា…ព្រោះគ្រប់គ្នាមានភាពខុសប្លែកពីគ្នា។
យើងមិនចាំបាច់ត្រូវធ្វើឱ្យគ្រប់គ្នាដូចគ្នានោះទេ…គិតតែត្រឹមថា តើយើងនឹងរស់នៅរួមគ្នាយ៉ាងណាឱ្យមានសេចក្ដីសុខ?
ឫសគល់សំខាន់ដែលគួរឱ្យដល់កូនតាំងពីនៅតូច
“ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”
អ្នកគ្រូម្នាក់ដែលនាងខ្ញុំគោរព អ្នកគ្រូបានរៀបរាប់ប្រាប់តាមរយៈការឱ្យរៀនយល់ដឹងដោយការសង្កេតអំពីវិធីការបង្ហាត់បង្រៀនរបស់កសិករដែលធ្វើចម្ការដូង ដែលយកសត្វស្វាមកចិញ្ចឹម និងបង្ហាត់ឱ្យចេះរហូតអាចប្រើឱ្យឡើងបេះផ្លែដូងបាន។ គោលការណ៍ក៏គឺ “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”” នាងខ្ញុំមានអារម្មណ៍ថា រឿងនេះគឺជារឿងត្រឹមត្រូវណាស់ ព្រោះខ្នាតសត្វស្វាដែលជាសត្វព្រៃម៉េច យើងនៅយកមកបង្ហាត់បង្រៀនបាន ចុះទម្រាំមនុស្ស តើយើងបង្ហាត់បង្រៀនមិនបានឬ? មែនអត់?
(សូមរង់ចាំអាននៅលេខបន្ត)