ឪពុកម្ដាយថ្មោងថ្មីជាច្រើនៗតែមានក្ដីបារម្ភកង្វល់ ភ័យផង មិនប្រាកដក្នុងចិត្តផងនៅពេលនាំកូនតូចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីប្រសូតរួចនៅឯមន្ទីពេទ្យ ហើយដោយសារតែភាពភ័យផងអរផងនេះឯង ទើបនាំគ្នាទិញរបស់របរប្រើប្រាស់សម្រាប់ទារកមកទុកពេញហ្នឹងទាំងអស់ ជាពិសេសរបស់របរសម្រាប់ទារកគេង មិនថាតែពូកទ្រនាប់ ខ្នើយកើយ ខ្នើយកល់ និងភួយជាដើម ក្រៅពីនេះនៅមានតុក្កតាស្អាតៗដែលគិតថា នឹងយកមកដាក់ឱ្យគេងជិតកូនតូចឱ្យគេមានអារម្មណ៍កក់ក្ដៅគិតថាមានអ្នកនៅក្បែរជានិច្ចទៀតផង…តែ មិនបានដឹងឡើយថា វត្ថុអស់ទាំងនោះអាចជាដើមហេតុដែលធ្វើឱ្យកូនមានគ្រោះថ្នាក់បានដោយអាការ ស្លាប់ទាន់ហន់ភ្លាមៗសម្រាប់ក្មេងទារក ឬ Sudden Infant Death Syndrome (SIDS)។
ព័ត៌មាននៃការស្លាប់បែប SIDS នេះប្រទះឃើញច្រើននៅលើទារកទើបកើត និងក្មេងដែលមានអាយុមិនដល់ 2ខួប។ ឧទាហរណ៍ នៅក្នុងប្រទេសអាមេរិកត្រូវបានរកឃើញថា មានក្មេងទារកដែលស្លាប់ដោយអាការនេះ(SIDS/គ្មានខ្យល់ដកដង្ហើមខណៈពេលគេងលក់)ច្រើនដល់ទៅ 700នាក់ក្នុងមួយឆ្នាំៗ។
ខ្នើយកើយក៏សម្លាប់ជីវិតកូនតូចបានដែរ
ជាច្រើនដងណាស់ដែលឪពុកម្ដាយបានដឹងមកថា តុក្កតា ខ្នើយកើយ ខ្នើយកល់ ឬភួយក៏អាចសម្លាប់កូនតូចក្នុងវ័យទារកបានដែរ ព្រោះជាចង្វាក់ពេលដែលកូនប្រែខ្លួន ផ្ទៃមុខបានទៅផ្ទប់នឹងឧបករណ៍សម្រាប់គេង និងតុក្កតាទាំងនោះក្នុងរយៈពេលយូរ ព្រោះតែទារកដែលកនៅមិនទាន់រឹង គេមិនអាចជួយខ្លួនឯងបាន ទើបធ្វើឱ្យកូនតូចគ្មានខ្យល់ដកដង្ហើម និងស្លាប់នៅទីបំផុត។
ការដាក់ខ្នើយឱ្យកើយចំពោះទារកដែលកនៅមិនទាន់រឹងមាំក៏ដូចគ្នាដែរ បើលោកឪពុកអ្នកម្ដាយដាក់កូនឱ្យគេងផ្កាប់ខណៈពេលដែលកូនគេងលក់ ពេលកូនកម្រើកខ្លួន អាចធ្វើឱ្យផ្ទៃមុខរបស់កូនទៅផ្កាប់ផ្ទប់នឹងខ្នើយតែម្ដង និងបើសិនជាឪពុកម្ដាយមិនមានពេលវេលានៅមើលកូនជាប់រហូត ឬភ្លេចខ្លួនគេងលក់ដែរនោះ អាចធ្វើឱ្យកើតរឿងសោកស្ដាយឡើងបាន។
តើកូនតូចអាចគេងកើយខ្នើយបាននៅពេលណា?
ជម្រើសដែលល្អបំផុត ឡារ៉ែនសូមណែនាំថា គួរឱ្យកូនគេងកើយខ្នើយបាននៅពេលដែលមានអាយុច្រើនជាង 2ខួប ឬនៅពេលដែលករបស់កូនតូចរឹងមាំហើយ ដែលនេះជាការជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមានគ្រោះថ្នាក់យ៉ាងទាន់ហន់ណាមួយចំពោះទារក។ ម្យ៉ាងទៀតដែលសំខាន់ដែរនោះគឺ ដោយសារសរីរៈរបស់ទារកក្នុងផ្នែកក្បាលនៅហាក់ដូចជាធំជាងដងខ្លួននោះ ដូច្នេះការឱ្យទារកបានគេងលើពូក ឬកន្លែងដែលរាបស្មើ កូននឹងមិនមានអារម្មណ៍ថា ក្បាលធ្លាក់ទាប ឬពិបាកគេងអ្វីឡើយ ផ្ទុយទៅវិញ កូននឹងគេងបានស្មើល្មមល្អជាងមានខ្នើយទ្រាប់ពីក្រោម។
ការបង្ហាត់ឱ្យកូនឆាប់រឹងក
រឿងមួយទៀតដែលសំខាន់សម្រាប់អ្នកដែលជាឪពុកម្ដាយថ្មោងថ្មីដែលមានទាំងក្ដីកង្វល់ និងបារម្ភថា តើពេលណាទើបកូនយើងនឹងរឹងក? ហេតុអីបានកូនយើងក្ររឹងកម្លេ៉ះ?នោះ ឡារ៉ែនចង់ប្រាប់ថា ចំណុចនេះមិនចាំបាច់កង្វល់នោះទេ ព្រោះ…លោកឪពុកអ្នកម្ដាយអាចជួយបង្ហាត់កូនតូចបាន ដោយខណៈពេលដែលកូនភ្ញាក់ ចូរដាក់កូនឱ្យគេងផ្កាប់ ហើយយករបស់លេងទៅលេងជាមួយកូនពីខាងមុខ ដើម្បីឱ្យកូនងើបមុខឡើងមើលរបស់លេងនោះ(គួរជារបស់លេងដែលមានសំឡេង ដើម្បីបង្កើនចំណាប់អារម្មណ៍កូន) និងបើរឹតតែជារបស់លេងដែលគេចូលចិត្តផងនោះ រឹតតែល្អខ្លាំងទៅទៀត ព្រោះនឹងបានមើលយូរៗ ដែលនោះមានន័យថា កូនតូចអាចពង្រឹងកបានយូរឡើងហ្នឹងឯង។ បង្ហាត់រាល់ថ្ងៃ អាចនឹងចាប់ផ្ដើមពីមួយថ្ងៃ 5នាទី រួចហើយសឹមថែមទៅជា 10 និង15នាទីរហូតទាល់តែករឹង។
កុំភ្លេចណា៎ បើកូននៅតូច កនៅមិនទាន់រឹងមាំ ឪពុកម្ដាយគួរយកចិត្តទុកដាក់រឿងឧបករណ៍សម្រាប់កូនតូចគេងជាពិសេសតែម្ដង ដូចជាមិនជ្រើសរើសប្រើពូកគេងដែលទន់ជ្រុលពេក រួមទាំងការដាក់របស់របរគេងជុំវិញខ្លួនកូនក៏មិនគួរឱ្យមានច្រើនជ្រុលពេកដែរ ដើម្បីការពារកុំកើតអាការ SIDS៕