ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី27តុាលានេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCovid-19 ចំនួន1ករណីបន្ថែមទៀត ដែលនេះបានកើតឡើងចំពោះស្ត្រីជនជាតិបារាំង។
តាមរយៈទំព័រ Facebook និងគេហទំព័ររបស់ខ្លួន ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺថ្មីខាងលើនេះ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបានធ្វើដំណើរពីប្រទេសបារាំង ឆ្លងកាត់ប្រទេសសឹង្ហបុរី មុនពេលមកដល់កម្ពុជានៅថ្ងៃទី25តុលា2020។ បច្ចុប្បន្ន ស្ត្រីអ្នកជំងឺនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប288នាក់ ក្នុងនោះមាន283នាក់បានជាសះស្បើយ និង5នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលក្នុងនោះដែរ មានជនជាតិខ្មែរ2នាក់ និងបរទេស3នាក់៕