បើលោកឪពុកអ្នកម្ដាយមើលឃើញថា កូនសម្លាញ់របស់យើងកំពុងធ្លាក់ក្នុងភាពសោកសៅខូចចិត្ត មិនថាតែមានមូលហេតុដែលបណ្ដាលមកពីការប្រឡងធ្លាក់ ការរៀនសូត្រ ឬសូម្បីតែកំពុងតែអស់សង្ឃឹមក្នុងរឿងអ្វីម្យ៉ាងក៏ដោយនោះ អ្នកគ្រូ ឆវីសូមណែនាំឱ្យលោកឪពុកអ្នកម្ដាយបង្ហាញពីការយល់ចិត្តអាណិតអាសូរឱ្យកូនបានឃើញថា អ្នកកំពុងដឹងថា កូនកំពុងតែមានអារម្មណ៍យ៉ាងម៉េច និងកំពុងតែខូចចិត្តខ្លាំងប៉ុនណា បន្ទាប់ពីនោះសឹមនិយាយជាមួយកូនសន្សឹមៗថា អ្វីដែលកូនបានធ្វើនោះ គឺល្អ និងត្រឹមត្រូវហើយ គ្មានអ្វីដែលត្រូវកង្វល់ឡើយ អាចនឹងមានខកបំណងខ្លះ តែយ៉ាងហោចណាស់ក៏កូនមិនបាននៅតែម្នាក់ឯងដែរ «យើងនឹងដើរឆ្លងអារម្មណ៍លំបាកនេះទៅជាមួយគ្នា ណា៎កូនសម្លាញ់ណា៎»
“កូនពូកែណាស់…” ៈ មិនថាកូនទទួលបាននិទ្ទេសមិនល្អ ប្រឡងមិនជាប់ ឬមិនបានជាប់លេខ1ក្ដី តែទាំងអស់នោះមិនបានមានន័យថា ជីវិតទាំងមូលរបស់កូននឹងត្រូវចប់នៅត្រឹមប៉ុណ្ណឹងទេ មែនទេ? បើអ៊ីចឹងហេតុអីបានយើងត្រូវទៅតវ៉ាថាឱ្យកូនធ្វើអី? ម្យ៉ាងទៀតកាលពីសម័យមុនយើងអាចនឹងធ្វើមិនបានល្អប៉ុនកូនផង…ដូច្នេះ ជំនួសឱ្យការបន្ថែមក្ដីអស់សង្ឃឹមទៅកូន ហេតុអីយើងមិនប្ដូរមកជាកោតសរសើរកូនវិញ វាមិនល្អជាងឬ?
“បំពេញតួនាទីរបស់យើងឱ្យល្អបំផុត រឿងល្អៗនឹងកើតឡើងដោយឯកឯង” ៈ បើសិនកូនអស់សង្ឃឹម លែងមានកម្លាំងចិត្ត និងមានអារម្មណ៍ថាអ្នកដទៃធ្វើបានល្អជាងខ្លួននោះ ជំនួសឱ្យការដែលឪពុកម្ដាយចង់ស្ដីបន្ទោសបន្ថែមដោយការយកកូនទៅប្រៀបធៀបជាមួយអ្នកដទៃនោះ ចូរសាកល្បងប្ដូរមកជានិយាយជាមួយកូនក្នុងជ្រុងដែលថា មនុស្សម្នាក់ៗមានសមត្ថភាពដោយឡែកពីគ្នា កូនមិនចាំបាច់ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះទេ ព្រោះមិនថាយ៉ាងណាក៏ដោយ បើយើងបានបំពេញតួនាទីរបស់យើងបានល្អបំផុតហើយនោះ ពេលនោះរឿងល្អៗដែលយើងចង់បាន និងកំពុងរង់ចាំនោះ នឹងមករកយើងដោយឯកឯង។
“ចូរមានមោទនភាពចំពោះខ្លួនឯងឱ្យបានច្រើន” ៈ បង្រៀនកូន ប្រាប់ពួកគេឱ្យយល់ថា មនុស្សយើងគ្រប់ៗគ្នា ទម្រាំនឹងចាប់ផ្ដើមធ្វើអ្វីបានម្យ៉ាងនោះ ត្រូវតែយកឈ្នះភាពភ័យខ្លាចនៅក្នុងចិត្តខ្លួនឯងឱ្យបានជាមុនសិន ដូច្នេះ រឿងដែលកូនកំពុងធ្វើនោះ មិនមែនជារឿងងាយស្រួលទេ។ ទោះជាថ្ងៃនេះនៅមិនទាន់ទទួលបានជោគជ័យមែន តែក៏មិនបានមានន័យថា យើងនឹងត្រូវមើលងាយខ្លួនឯងដែរ ព្រោះអ្នកដែលយកឈ្នះចិត្តខ្លួនឯងបាន គឺជាអ្នកដែលពូកែបំផុត ណា៎កូន។
“កុំនិយាយថា មិនបាន បើមិនទាន់គិតចាប់ផ្ដើមធ្វើ” ៈ ក្មេងៗភាគច្រើនៗតែមានពាក្យនិយាយរត់មាត់ថា “កូនធ្វើមិនបានទេ” ដែលពាក្យសម្ដីនេះ បើសិនជាឪពុកម្ដាយបណ្ដោយឱ្យកូនចេះតែនិយាយទៅជារឿយៗនោះ វាប្រៀបដូចជា ការបណ្ដុះគំនិតរបស់កូនថា ពួកគេមិនអាចធ្វើបាន ហើយវាក៏នឹងក្លាយជាបែបនោះមែន។ ដូច្នេះពាក្យសម្ដីផ្ដល់កម្លាំងចិត្តកូនក្នុងស្ថានការណ៍នេះគឺ “កូនសម្លាញ់ កុំនិយាយថា យើងធ្វើមិនបាន គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ គ្រប់យ៉ាងស្ថិតលើការចាប់ផ្ដើម និងការហ្វឹកហាត់ដូចគ្នាទាំងអស់”។
“ម៉ាក់ជឿថា កូនធ្វើបាន” ៈ ពេលណាក៏ដោយដែលកូនមានអារម្មណ៍មិនប្រាកដក្នុងចិត្តថា ពួកគេនឹងធ្វើបាននោះ ឪពុកម្ដាយតែងមានគំនិតមួយថា បើយើងរឹតតែមើលងាយកូន បន្ទោសកូនដដែលៗនោះ ពួកគេអាចនឹងមានកម្លាំងចិត្តខំប្រឹងឡើង រហូតធ្វើបានសម្រេចយ៉ាងពិតប្រាកដ…តែនេះអាចមិនមែនជាគំនិតដែលស័ក្តិសមសម្រាប់ក្មេងគ្រប់រូបនោះទេ ដូច្នេះជំនួសឱ្យការដែលយើងនឹងធ្វើបែបនោះ ហេតុអ្វីយើងមិនសាកល្បងប្ដូរមកជា បង្ហាញនូវភាពជឿជាក់លើខ្លួនកូនជំនួសវិញ ពិសេសបំផុតជាមួយនឹងពាក្យថា “ម៉ាក់ជឿថា…កូនធ្វើបាន”។ ខ្លីៗត្រឹមតែប៉ុណ្ណឹង កូនក៏នឹងមានកម្លាំងក្នុងការឈានឆ្លងឧបសគ្គដែលនៅពីមុខនោះបានបាត់ទៅហើយ។
ពោលពាក្យអរគុណកូន ៈ ក្នុងពេលខ្លះ កូនអាចនឹងមានអារម្មណ៍ចង់ជួយធ្វើនេះធ្វើនោះឪពុកម្ដាយខ្លះដែរ តែដោយភាពជាកូនក្មេង ទើបពួកគេមិនដឹងថា គួរនឹងចាប់ផ្ដើមពីត្រង់ណា និងតែងតែនឹកតូចចិត្តខ្លួនឯងដែលមិនអាចជួយអ្វីបាន ដូច្នេះ អ្វីដែលឪពុកម្ដាយគួរនិយាយ និងធ្វើនោះគឺ ចាប់ផ្ដើមឱ្យកូនបានជួយការងារផ្ទះក្នុងរឿងណាមួយ។ ឧទាហរណ៍ដូចជា លើកចាន រៀបចំតុបាយ ជាដើម និងនៅពេលមើលឃើញថា កូនអាចធ្វើបានសម្រេចហើយ ទោះជារឿងតូចតាចក៏ដោយ ឪពុកម្ដាយគួរតែពោលពាក្យអរគុណកូន ព្រមទាំងកោតសរសើរថា “នេះបើមិនបានកូនជួយទេ ប៉ា និងម៉ាក់ប្រហែលជាមិនអាចធ្វើបានសម្រេចទេ អរគុណណា៎កូនណា៎”។
លើកឧទាហរណ៍ជាស្ថានការណ៍ឱ្យកូនបានឃើញទិដ្ឋភាពដែលកាន់តែងាយយល់ឡើង ៈ ឧទាហរណ៍ដូចជា កូនមានការភ័យខ្លាចក្នុងការត្រូវនៅតែម្នាក់ឯងក្នុងបន្ទប់ងងឹតៗ។ ជំនួសឱ្យការដែលឪពុកម្ដាយចង់និយាយថា “ខ្លាចស្អី!? រឿងស្រួលៗប៉ុណ្ណឹងសោះ ខ្លាចស្អី! ធំឡើងធ្វើការរកស៊ីស្អីកើតទៅ?!”…តែលោកឪពុកអ្នកម្ដាយគួរតែនិយាយនូវប្រយោគដែលមានប្រយោជន៍ ដូចជាថា កូនឃើញទ្វារនៅត្រង់នោះទេ តើកូនដឹងទេថាមានអ្វីនៅខាងក្រោយហ្នឹង? បើមិនដឹង និងមិនដែលឃើញមានអ្វីទេនោះ ហេតុអីកូនត្រូវខ្លាច? ព្រោះថា បើកូននៅតែកើតមានក្ដីភ័យខ្លាចបែបនេះ កូននឹងត្រូវស្ថិតនៅតែត្រង់ហ្នឹង នៅតែក្នុងទីកន្លែងដដែលៗ កូននឹងគ្មានឱកាសបានដឹង ឬបានឃើញពន្លឺភ្លឺដែលនៅពីក្រោយទ្វារនោះឡើយ ដូច្នេះបើកូនចង់ឃើញ កូនត្រូវតែឈានឆ្លងឱ្យផុតក្ដីភ័យខ្លាចនេះទៅឱ្យបាន។
“កូនកំពុងគិតអីហ្នឹង?” ៈ បើកូនកំពុងតែសោកសៅ ស្រងូតស្រងាត់ អង្គុយរលីងរលោងទឹកភ្នែកតែម្នាក់ឯង បើលោកអ្នកឃើញបែបនោះ សូមកុំដើរគេចចេញពីកូនជាដាច់ខាត។ ចូរលោកឪពុកអ្នកម្ដាយសម្ដែងចេញដោយការចូលទៅនិយាយជាមួយ និងសួររកការពិតពីកូនយ៉ាងសន្សឹមៗថា តើគេកំពុងតែគិតពីអ្វី? ខ្លាចអ្វីម្យ៉ាង ឬមិនមែនទេ? បើមែន ចូរលោកឪពុកអ្នកម្ដាយលួងលោមសួរកូន ព្រមជាមួយសាកល្បងធ្វើតាមពាក្យណែនាំតាមចំណុចផ្សេងៗរបស់អត្ថបទនេះលមើល៍ ជួនកាលអាចនឹងរកឃើញចំណុចដែលត្រូវដូចចិត្ត និងអាចប្រើជាពាក្យសម្ដីដើម្បីលើកទឹកចិត្តកូនក៏អាចថាបានដែរ។
“ទៅរកអីលេង ឬក៏ទៅអានសៀវភៅជាមួយគ្នា ល្អដែរទេកូន?” ៈ ការរស់នៅក្នុងសភាពបរិស្ថានដដែលៗ ក៏អាចបង្កឱ្យកើតភាពធុញថប់តានតឹង និងក្ដីកង្វល់ចិត្តរបស់កូនចាប់ផ្ដើមមានច្រើនឡើងបានដែរ។ ការនិយាយបបួលកូនឱ្យទៅរួមធ្វើកិច្ចការងារផ្សេងៗ ឬសូម្បីតែការនាំកូនចេញមកឱ្យផុតពីចំណុចត្រង់នោះ ក៏អាចជួយធ្វើឱ្យកូនមានអារម្មណ៍ល្អឡើងបានដោយមិនពិបាកដែរ។
“គ្មានអ្នកណាដែលមិនធ្លាប់ដួលនោះទេ” ៈ កូនកំពុងខកបំណង អស់សង្ឃឹម ខូចចិត្តជាមួយនឹងអ្វីដែលពួកគេខំប្រឹងព្យាយាមយ៉ាងពេញទំហឹងហើយ តែមិនបានសម្រេច។ ក្រៅពីការលួងលោមកូនហើយនោះ ចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងប្រាប់ទៅកូនលមើលថា “កូនសម្លាញ់…មនុស្សដែលកូនមើលឃើញថា ពួកគេជាអ្នកមាន ពួកគេទទួលបានជោគជ័យនោះ កូនដឹងទេថា គេត្រូវជួបនឹងសេចក្ដីខកបំណង អស់សង្ឃឹម ខូចចិត្តយ៉ាងច្រើនប៉ុនណា ទម្រាំនឹងឈានមកដល់ចំណុចនេះបាន ដូច្នេះបើយើងចង់ទទួលបានជោគជ័យ ទោះជាដួលរលំទីងណាត់ទីងណែងប៉ុន្មានដងក៏ដោយ បើយើងមានក្ដីពុះពារព្យាយាម ភាពជោគជ័យនឹងស្ថិតនៅក្បែរខ្លួនយើងជានិច្ច”។
“កំហុស គឺជាគ្រូ” ៈ អធិប្បាយពន្យល់ឱ្យកូនបានយល់ថា សេចក្ដីអស់សង្ឃឹម ខកបំណង គឺជាលោកគ្រូដែលនឹងមកជួយបង្ហាត់បង្រៀនយើងឱ្យបានស្គាល់ពីជីវិតកាន់តែច្រើនឡើង។ គ្មានអ្វីដែលនឹងសុខសមបំណងគ្រប់យ៉ាងនោះទេ ដូច្នេះ ចូរត្រេកអរដែលថ្ងៃនេះយើងមានឱកាសបានស្គាល់វា(កំហុសឆ្គង)។ “ជំនួសឱ្យការដែលយើងគិតតែពីបន្ទោសខ្លួនឯង គិតច្រើន តូចចិត្ត និងលង់នៅតែជាមួយរឿងមួយនោះ ហេតុអ្វីបានកូនមិនសាកល្បងយករឿងនោះមកធ្វើជាមេរៀន មកធ្វើជាគ្រូ ដើម្បីកុំឱ្យយើងបានធ្វើខុសក្នុងរឿងដដែលៗទៀត?។
បើសិនជាលោកឪពុកអ្នកម្ដាយអាចនាំយក ប្រយោគលើកទឹកចិត្តទាំង 12 ដែលបានរៀបរាប់មកដូចខាងលើនេះមកកែច្នៃប្រើជាមួយកូនៗនោះ កូនៗច្បាស់ជានឹងលែងមានអារម្មណ៍ភ័យខ្លាច ឬកង្វល់ចិត្តតទៅទៀតជាមិនខាន៕