តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?។ ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ…ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនរូចបៅដោះបានតាមប្រក្រតី។
ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមសនឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេលកូនបៅទឹកដោះម្ដាយចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។
ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិល ដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡាក៏អាចឱ្យកូនតូចបៅដោះបានតាមប្រក្រតី គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិលទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។
តែបើសិនជាឈឺធ្ងន់រហូតដល់អាចត្រូវញ៉ាំថ្នាំ អ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើម្បីព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗ ដូចជាផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក់ដល់ម្ដាយ និងកូនតូចឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន( Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញកូនតូចឡើងពណ៌លឿង។
ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយគ្មានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូន។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕