មកដល់ខែទី 8នេះ វិវឌ្ឍនាការរបស់ទារកនៅក្នុងគភ៌ ខ្លួននឹងវែងឡើងប្រមាណជា 18អ៊ិញ មានទម្ងន់ខ្លួនប្រមាណជា 2,000 – 2,500ក្រាម ក្បាលធំពេញទំហឹងហើយ។ ទារកអាចឮសូរសំឡេង និងមើលឃើញបានហើយ អវយវៈខាងក្នុងពេញលេញឥតខ្ចោះ និងចាប់ផ្ដើមធ្វើការហើយ លើកលែងតែសួតប៉ុណ្ណោះដែលនៅមិនទាន់ពេញលេញល្អ 100%។
ក្នុងខែទី 8នៃការតាំងគភ៌នេះ នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ៖
– ទារកក្នុងគភ៌នឹងរើខ្លាំងឡើង និងទៀងពេលជាប់លាប់។
– អនាគតអ្នកម្ដាយអាចនឹងកើតមានអាការទល់លាមកញឹកញាប់ច្រើនឡើង។
– អាចមានអាការឈឺផ្សារក្នុងក្រពះ អាហារមិនរំលាយ និងហើមពោះ ជាដើម។
– ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចកើតខ្យល់គញឹកញាប់ទៀតផង។
– តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀក។
– ងាយមានឈាមចេញមកតាមជើងធ្មេញជាងប្រក្រតី ពេលដុសសម្អាតធ្មេញ។
– កើតប្រគ្រីវកាច់នៅលើជើងញឹកញាប់។
– ហើមកជើង និងខ្នងជើង អាចមានហើមនៅលើមុខ និងដៃផងដែរ។
– រមាស់នៅលើស្បែកក្បាលពោះ។
– មានអាការឈឺខ្នង។
– មានអាការសរសៃឈាមត្បៀតនៅលើជើង។
– កើតឫសដូងបាតញឹកញាប់ ឬងាយកើតជាងប្រក្រតី។
– ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម។
– គេងមិនលក់ ឬគេងលក់មិនពេញភ្នែក។
– ស្បូននឹងបង្រួញខ្លួនញឹកញាប់ជាងមុន។
– អ៊ីកអ៊ាក និងប្រថុយប្រថាននឹងការរអិលដួល គួរបង្កើនការប្រយ័ត្នប្រយែងឱ្យខ្លាំងជាពិសេស។
– មានទឹកដោះពណ៌លឿងៗហូរចេញមកពីក្បាលសុដន់។
– ឆាប់ភ្លេចច្រើនជាងមុន។
– រំភើប ញាប់ញ័រ និងវិតក្កកង្វល់។
រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា ៈ
- ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
- ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសក្នុងទឹកមូត្រ។
- ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងផ្ទៃ។
- ពិនិត្យមើលទំហំ និងរូបរាងរបស់ស្បូន ដោយការពិនិត្យបរិវេណក្បាលពោះ។
- កម្ពស់របស់ស្បូន។
- អាការហើមនៅលើដៃ និងជើង និងសរសៃឈាមត្បៀតនៅលើជើង។
- អាការខុសប្រក្រតីផ្សេងៗ(បើសិនជាមាន)
រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះគឺ ៈ
- គួរចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីការពារការប្រសូតមុនកាលកំណត់ ឬមិនអាចទំនាក់ទំនងជាមួយគ្រូពេទ្យអ្នកពិនិត្យថែទាំគភ៌បានទាន់ពេលវេលា។ បើសិនចាំបាច់មែនទែន គួរប្រឹក្សាគ្រូពេទ្យ និងសុំលិខិតធានាអំពីគ្រូពេទ្យថា អាចធ្វើដំណើរផ្លូវឆ្ងាយបាន ក្នុងករណីដែលត្រូវធ្វើដំណើរដោយយន្តហោះ និងក្នុងករណីដែលត្រូវធ្វើដំណើរដោយរថយន្ត មិនគួរបើកបរដោយខ្លួនឯងឡើយ។
- ជ្រើសរើសវិធីការប្រសូតបុត្រឱ្យស័ក្តិសមនឹងខ្លួនឯង។
- អាចនឹងកើតការបង្រួញ និងពង្រឹងខ្លួនរបស់ស្បូន ដែលនឹងកើតឡើងក្នុងអំឡុង 2 – 3ខែមុនប្រសូត។ ការពង្រឹងខ្លួនរបស់ស្បូននឹងមិនធ្វើឱ្យឈឺចាប់ខ្លាំងពេកទេ និងនឹងធូរស្រាលទៅវិញនៅទីបំផុត។ ចូរគេងសម្រាក ឬនៅស្ងៀមៗនឹងធ្វើឱ្យអាការឈឺចាប់ថយចុះ។ អាការនេះនឹងកើនខ្លាំងឡើងជារឿយៗរហូតទៅដល់ខែចុងក្រោយនឹងជាការឈឺដាស់តឿន និងនាំឆ្ពោះទៅរកការឈឺមែនទែន ដោយមានការបើកឡើងរបស់ស្បូនរួមជាមួយផងដែរ ដែលចុងក្រោយនឹងនាំទៅរកការប្រសូតជាស្ថាពរ៕