នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិកាំង (FDA) បានផ្ដល់អាជ្ញាប័ណ្ណរួចហើយចំពោះ Remdesivir ដែលជាថ្នាំមួយប្រភេទត្រូវបានក្រុមវេជ្ជបណ្ឌិតប្រើសម្រាប់ករណីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបើកផ្លូវឱ្យមានការព្យាបាលទូលំទូលាយទៅលើអ្នកជំងឺ Covid-19។
ក្រុមហ៊ុនផលិតថ្នាំពេទ្យ Gilead Sciences កាលពីថ្ងៃទី22តុលាបានឱ្យដឹងថា ថ្នាំប្រឆាំងនឹងវីរុស Remdesivir ដែលនឹងត្រូវបានលក់ដោយប្រើឈ្មោះ Veklury ទទួលបានការយល់ព្រមឱ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់កាលពីខែឧសភា។ Remdesivir ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្នដើម្បីព្យាបាលជំងឺ Covid-19 នៅក្នុងប្រទេសប្រមាណ50 នៅក្នុងពិភពលោក។
នៅសហរដ្ឋអាមេរិក ថ្នាំ Veklury ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ព្យាបាលមនុស្សពេញវ័យ និងក្មេងដែលមានអាយុចាប់ពី12ឡើងទៅ និងមានទម្ងន់យ៉ាងតិចចាប់ពី40គីឡូក្រាម ដើម្បីព្យាបាល Covid-19 ក្នុងករណីត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។ Veklury គួរត្រូវបានប្រើនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខាភិបាលដែលមានលទ្ធភាពប្រហាក់ប្រហែលនឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យ” នេះបើតាមក្រុមហ៊ុនផលិតឱសថ Gilead Sciences។
បច្ចុប្បន្ន ថ្នាំ Rembesivir គឺជាមធ្យោបាយព្យាបាលជំងឺ Covid-19 ដំបូងគេបង្អស់ និងតែមួយគត់ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញនៅសហរដ្ឋអាមេរិក។ មូលបត្ររបស់ Gilead បានកើនឡើង5% ក្រោយពីព័ត៌មានខាងលើត្រូវបានប្រកាស។
Daniel O’Day នាយកប្រតិបត្តិរបស់ Gilead បាននិយាយថា៖ “ពិតជាមិនគួរឱ្យជឿ ក្នុងរយៈពេលមិនដល់មួយឆ្នាំ រាប់ចាប់ពីពេលបានរកឃើញករណីឆ្លងដំបូង វិធីសាស្ត្រព្យាបាលមួយត្រូវបាន FDA អនុញ្ញាតឱ្យប្រើប្រាស់”។ លោក Daniel O’Day បន្តថា ថ្នាំ Rembesivir នេះ មានគ្រប់គ្រាន់សម្រាប់អ្នកជំងឺគ្រប់រូបដែលមានតម្រូវការ។
កាលពីដើមខែតុលានេះ ការសិក្សាស្រាវជ្រាវទូទាំងពិភពលោកដែលទទួលបានជំនួយពីអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ថ្នាំ Remdesivir មិនបានជួយឱ្យអ្នកជំងឺផុតពីការស្លាប់ ឬជាសះស្បើយបានលឿននោះទេ ប៉ុន្តែ ការសិក្សាស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ថ្នាំនេះជួយកាត់បន្ថយពេលវេលាបាន1/3 នៅក្នុងការព្យាបាលរហូតដល់ជាសះស្បើយនៅលើអ្នកជំងឺមួយចំនួន។
ការយល់ព្រមឱ្យប្រើប្រាស់ថ្នាំខាងលើនេះពីសំណាក់ FDA គឺយោងទៅលើទិន្នន័យដែលត្រូវបានក្រុមហ៊ុន Gilead Sciences ដាក់ជូនសម្រាប់ពិនិត្យនិងអនុម័តនៅមុនពេលផ្ដល់អាជ្ញាប័ណ្ណ។ លទ្ធផលនៃការស្រាវជ្រាវរបស់ Gilead Sciences ត្រូវបានប្រកាសនៅលើទស្សនាវដ្ដី New England បានបង្ហាញថា ថ្នាំនេះ កាត់បន្ថយពេលវេលានៃការផ្ទុកវីរុសCovid-19 ពីមធ្យមភាគ15ថ្ងៃ ចុះមកនៅត្រឹមប្រមាណ11ថ្ងៃ នៅក្នុងករណីអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
នាយកដ្ឋាន FDA ក៏បានពិនិត្យទៅលើលទ្ធផលនៃការស្រាវជ្រាវចំនួនពីរផ្សេងទៀត ក្នុងនោះមានលទ្ធផលមួយបង្ហាញថា ថ្នាំ Rembesivir មានប្រយោជន៍ខ្លះៗ និងលទ្ធផលមួយទៀតឱ្យដឹងថា ថ្នាំនេះមិនបានធ្វើឱ្យមានការប្រែប្រួលច្រើននោះឡើយ។
បណ្ឌិត Stephen Hahn ប្រធាន FDA បានឱ្យដឹងថា៖ “ការអនុម័តយល់ព្រម ត្រូវបានយោងទៅតាមទិន្នន័យដែលបានមកពីលទ្ធផលនៃការព្យាបាលសាកល្បងជាច្រើនដែលអង្គភាពនេះបានវាយតម្លៃយ៉ាងម៉ត់ចត់ និងបង្ហាញអំពីដំណាក់កាលសំខាន់នៃវិទ្យាសាស្ត្រនៅក្នុងសម័យ Covid-19”។
ថ្នាំខាងលើនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងពេលដែលសហរដ្ឋអាមេរិកបានរកឃើញអ្នកផ្ទុកវីរុសCovid-19 ជាង8.6លាននាក់ ក្នុងនោះមានអ្នកជំងឺជាង228,000នាក់បានបាត់បង់ជីវិត។ Remdesivir គឺជាថ្នាំដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺCovid-19 របស់លោក Donald Trump ពេលដែលលោកបានឆ្លងវីរុសនេះកាលពីដើមខែតុលា។ ក្រៅពីនេះ លោក Trump ក៏បានប្រើប្រាស់ថ្នាំសាកល្បង REGN-COV2 និងបន្ថែមថ្នាំស័ង្កសី វីតាមីន D ថ្នាំ famotidine រួមនឹងថ្នាំ melatonin និងថ្នាំ aspirin ផងដែរ៕
ប្រភព៖ CNN, CNBC