ក្រោយពីកំណត់បានតំបន់ឆ្លងវីរុស អាជ្ញាធរនៅប្រទេសចិន នឹងចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការបិទទ្វារ ឬដាក់បំរាមគោចរ ធ្វើតេស្តរកវីរុស និងសម្អាតមេរោគគ្រប់កន្លែង ដែលទាំងនេះគឺជាកត្តាលេចធ្លោដែលនាំឱ្យចិនអាចគ្រប់គ្រងស្ថានភាព Covid-19 បានប្រសើរជាងបណ្ដាប្រទេសនៅលោកខាងលិច។
ក្នុងគ្រាដែលប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិក កំពុងប្រឈមនឹងរលកនៃការឆ្លងវីរុសCovid-19 បន្ទាប់ និងត្រូវបិទទ្វារប្រទេស ឬដាក់បំរាមគោចរឡើងវិញ នៅឯតំបន់អាស៊ីខាងកើតវិញ បែរជាអាចគ្រប់គ្រងស្ថានភាពជំងឺបានល្អ ពិសេសគឺប្រទេសចិន។
កាលពីដើមសប្ដាហ៍នេះ ប្រទេសចិនបានប្រកាសអំពីកំណើនសេដ្ឋកិច្ចវិជ្ជមាននៅក្នុងត្រីមាសទីពីរជាបន្តទៀត ដែលនេះបញ្ជាក់ថា សេដ្ឋកិច្ចរបស់មហាយក្សទីពីរនៃពិភពលោក បានងើបឡើងវិញយ៉ាងឆាប់រហ័សដល់កម្រិតណា។ ដូច្នេះ តើធ្វើយ៉ាងណាទើបប្រទេសចិននៅតែអាចគ្រប់គ្រងស្ថានការណ៍ Covid-19 បានយ៉ាងល្អបែបនេះ បើទោះជាបានបើកដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញ?
ក្រោយការផ្ទុះឆ្លងវីរុសដំបូងនៅទីក្រុង Wuhan មនុស្សជាច្រើននៅតែគិតថា វិធានការសំខាន់របស់ចិនគឺការដាក់បំរាមគោចរឱ្យទាន់ពេល។ ប៉ុន្តែ នេះគ្រាន់តែជាជំហានដំបូងនៅក្នុងចំណោមវិធីសាស្ត្ររាប់មិនអស់ដែលប្រទេសនេះបាន និងកំពុងប្រើប្រាស់។
ជោគជ័យរបស់ចិន គឺយោងទៅលើសមត្ថភាពនៃការតាមដាន និងស្រាវជ្រាវករណីឆ្លងនីមួយៗយ៉ាងល្អិតល្អន់នៅទូទាំងប្រទេស។ វិធីសាស្ត្រនេះ រួមមានទាំងការប្រើប្រាស់ប្រព័ន្ធ “កូដសុខភាព” តាមលំដាប់ពណ៌ និងកូដ QR ដែលអាចតាមដានការធ្វើដំណើររបស់ពលរដ្ឋ ដែលជួយឱ្យការស្វែងរកប្រភពចម្លងវីរុសបានងាយស្រួលជាងមុន។
ក្រោយពីកំណត់បានតំបន់ឆ្លងវីរុស អាជ្ញាធរនៅប្រទេសចិន នឹងចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការបិទទ្វារ ឬដាក់បំរាមគោចរ ធ្វើតេស្តរកវីរុស និងសម្អាតមេរោគគ្រប់កន្លែង។ ជាក់ស្ដែង នៅក្នុងរលកនៃការឆ្លងថ្មីមួយនៅក្នុងទីក្រុង Qingdao កាលពីដើមខែនេះ មនុស្សជាង10លាននាក់ត្រូវបានធ្វើតេស្តដោយប្រើពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការឆ្លងវីរុសចំនួន12ករណី។
ក្រៅពីនេះ ការដែលពលរដ្ឋមានការយល់ដឹងច្រើន និងការគោរពតាមវិធានការរបស់អាជ្ញាធរ ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ផងដែរ ដែលបានជួយឱ្យវិធានការទប់ស្កាត់វីរុសទទួលបានលទ្ធផលគាប់ប្រសើរ។
ពីទីក្រុង Qingdao លោក Wei បាននិយាយថា៖ “សាធារណជននៅក្នុងទីក្រុង ធ្វើសកម្មភាពទប់ស្កាត់ និងគ្រប់គ្រងវីរុសបានយ៉ាងល្អ។ គ្រប់គ្នានៅតែមានអារម្មណ៍ថាមានសុវត្ថិភាព សូម្បីតែនៅពេលមានការរកឃើញករណីវិជ្ជមាន”។
អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ ក៏បានឱ្យដឹងថា បណ្ដាប្រទេសនៅអាស៊ីខាងកើត ក្នុងនោះមានប្រទេសចិនជាដើម បានធ្វើការយ៉ាងល្អនៅក្នុងការទប់ស្កាត់ការឆ្លងរបស់វីរុស ព្រមទាំងបានណែនាំបណ្ដាប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើងជាដើម ឱ្យរៀនសូត្រតាមគំរូនេះ។
លោក Michael Ryan នាយកគ្រប់គ្រងកម្មវិធីបន្ទាន់ផ្នែកសុខាភិបាលរបស់អង្គការ WHO បានថ្លែងថា៖ “ប្រជាជននៅអាស៊ីខាងកើត មានការជឿជាក់ និងអនុវត្តតាមវិធានការរបស់រដ្ឋអំណាចបានខ្ពស់ជាង ពួកគេក៏តែងតែរក្សាវិធានការទប់ស្កាត់វីរុសបានយូរជាង” បើធៀបនឹងនៅអឺរ៉ុប។
ក្នុងចំណោមវិធានការខាងលើរបស់ចិន ការពាក់ម៉ាស់គឺជាកត្តាសំខាន់ជាងគេក្នុងការទប់ស្កាត់វីរុស។ សកម្មភាពនេះត្រូវបានពលរដ្ឋក្នុងបណ្ដាប្រទេសនៅអាស៊ី ពិសេសគឺចិន អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន៕
ប្រភព៖ RT, CB, BI