ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺដែលទើបត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានេះ មានអាសយដ្ឋានបណ្ដោះអាសន្ននៅក្នុងខេត្តព្រះសីហនុ។
ព្រឹកថ្ងៃទី21តុលានេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCovid-19 ថ្មី ចំនួន1ករណីនៅក្នុងថ្ងៃទី20តុលាកន្លងទៅ។ ករណីនេះកើតឡើងចំពោះបុរសជាជនជាតិប៉ូឡូញម្នាក់ អាយុ47ឆ្នាំ ដែលធ្វើដំណើរពីប៉ូឡូញ ឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជាក្នុងថ្ងៃទី19តុលា។
បុរសខាងលើ បានធ្វើដំណើរតាមជើងហោះហើរមួយដែលមានដឹកអ្នកដំណើរចំនួន54នាក់។ បច្ចុប្បន្ន អ្នកជំងឺថ្មីនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅរាជធានីភ្នំពេញ ខណៈដែលអ្នកដំណើរក្រៅពីនេះ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល14ថ្ងៃនៅឯសណ្ឋគារមួយចំនួននាទីក្រុងភ្នំពេញដើម្បីតាមដានសុខភាព។
គិតមកដល់ថ្ងៃទី21តុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប 286នាក់ ក្នុងនោះមាន280នាក់បានជាសះស្បើយ និង6នាក់កំពុងសម្រាកព្យាបាល។
ដោយឡែក នៅទូទាំងសកលលោកឯណោះវិញ មកដល់បច្ចុប្បន្ន មានមនុស្សចំនួន41,029,279នាក់បានឆ្លងវីរុសCovid-19 ក្នុងនោះមាន អ្នកកំពុងផ្ទុកវីរុសចំនួន9,275,532នាក់ ជាសះស្បើយចំនួន30,624,255នាក់ និងស្លាប់សរុប1,129,492នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ពិភពលោករកឃើញអ្នកជំងឺថ្មី6,130នាក់ និងអ្នកស្លាប់ថ្មី582នាក់ ៕
ក្រសួងសុខាភិបាល, Worldometers