ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម?
ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ?
1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ
ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ
- ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង
- មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល
- កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច
- ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក
- ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន
- ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន
តើកូននឹងក្លាយជាមនុស្សយ៉ាងណា?
- គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
- បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។
- ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។
- ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។
- ខ្វះជំនាញក្នុងការចូលសង្គម គ្មានបដិសម្ព័ន្ធជាមួយអ្នកដទៃ ខ្វះចំណេះដឹងតាមវ័យ។
- កែបញ្ហាលំបាកលំបិនក្នុងជីវិតមិនបាន ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ ព្រោះកន្លងមកឪពុក-ម្ដាយចាត់ការឱ្យទាំងអស់។
2 . ឪពុក-ម្ដាយដែលចិញ្ចឹមកូនដោយការយកចិត្តទុកដាក់
ពេលខ្លះគេហៅការចិញ្ចឹមមើលថែកូនបែបនេះថា “ប្រជាធិបតេយ្យ”។ វិធីការនេះគឺ ការដែលឪពុក-ម្ដាយ និងកូនគ្រប់គ្នាប្រើច្បាប់រួមគ្នា ប្រណិបត្តិដាក់គ្នាដោយក្ដីគោរព និងស្ដាប់ហេតុផលរវាងគ្នាទៅវិញទៅមក មានភាពបត់បែនដោយឪពុក-ម្ដាយនៅចាំផ្ដល់ការគាំទ្រកូនតាមវ័យរបស់ក្មេង អនុញ្ញាតឱ្យកូនមានឥស្សរភាព តែខណៈជាមួយគ្នាក៏នៅចាំកំណត់ព្រំដែននៃទង្វើរបស់កូនដូចតទៅនេះផងដែរ ៈ
- កំណត់ឱ្យកូនស្ដាប់បង្គាប់ និងប្រតិបត្តិតាមគន្លងផ្លូវដែលឪពុក-ម្ដាយបានកំណត់ទុកយ៉ាងមានហេតុផល។
- ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងយកចិត្តទុកដាក់កូនជានិច្ច។
- បើកឱកាសឱ្យកូនធ្វើជាខ្លួនរបស់ខ្លួនឯង(មិនបង្ខំ)។
- ស្ដាប់ហេតុផលអំពីកូន។
- គាំទ្រឱ្យកូនមានចំណែករួមក្នុងការគិត និងសម្រេចចិត្តក្នុងរឿងផ្សេងៗរបស់គ្រួសារ។
កូននឹងក្លាយជាមនុស្សបែបណា?
- កូននឹងមានសេចក្ដីសុខ និងធំឡើងជាមនុស្សធំដែលមានសេចក្ដីសុខ។
- ជាមនុស្សដែលមានចិត្តគំនិតល្អ សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន ព្រោះមានគ្រឹះអារម្មណ៍ដែលល្អ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
- មានជំនាញខាងការចូលសង្គមល្អ ចេះសម្របសម្រួលខ្លួននឹងស្ថានការណ៍ផ្សេងៗបាន។
- ជឿជាក់លើខ្លួនឯង ព្រោះដឹងថាខ្លួនឯងមានគុណតម្លៃ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ មានគំនិតចេះច្នៃប្រឌិត។
- មានរបៀបវិន័យ មានភាពអត់ធន់ស៊ូទ្រាំ មានភាពទទួលខុសត្រូវ មានការចេះគិតពិចារណាខ្ពស់។
3 . ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការបណ្ដោយតាមចិត្តកូន(Permissive)
ការចិញ្ចឹមកូនដោយការបណ្ដោយឱ្យកូនធ្វើនូវអ្វីផ្សេងៗតាមសេចក្ដីត្រូវការរបស់កូន ដោយគ្មានការកំណត់ព្រំដែន នឹងធ្វើឱ្យកូនអាចប្រើប្រាស់ឥស្សរៈសេរីភាពបានយ៉ាងពេញទំហឹង បញ្ចេញអារម្មណ៍ និងចេតនាបានយ៉ាងបើកចំហ ដោយឪពុកម្ដាយនឹង…ៈ
- ដាក់ទោសកូនតិចបំផុត
- មិនទាមទារ ឬគ្រប់គ្រងទង្វើរបស់កូនឡើយ
- ឪពុកម្ដាយនឹងឱ្យដំបូន្មានដោយក្ដីទន់ភ្លន់ និងបន្ទន់តាមចិត្តកូន
- ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងតបស្នងតម្រូវការរបស់កូនជានិច្ច
- ចៀសពីការឈ្លោះទាស់ទែង ព្រោះជឿថា ក្មេងៗនឹងរៀនយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួនឯង និងព្យាយាមប្រើហេតុផលជាមួយកូនជានិច្ច។
កូននឹងក្លាយជាមនុស្សបែបណា?
- គ្មានវិន័យ គ្មានភាពទទួលខុសត្រូវ ព្រោះមិនដែលត្រូវបង្ហាត់។
- យកខ្លួនឯងធ្វើជាចំណុចកណ្ដាលនៃអ្វីៗគ្រប់យ៉ាង។
- មិនជឿជាក់លើខ្លួនឯង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានភាពស្ថិតស្ថេរក្នុងជីវិតទៀតផង ព្រោះព្រោះគ្មានគោលការណ៍ ឬរបៀបវិន័យឱ្យប្រកាន់យក ឬប្រតិបត្តិតាម ជាពិសេសពេលដែលមិនបាននៅជាមួយឪពុកម្ដាយ។
- ច្រងេងច្រងាង គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន មិនជឿ ឬស្ដាប់បង្គាប់អ្នកដទៃ ខ្វះចំណេះដឹង។
- ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ។
- មើលឃើញគុណតម្លៃក្នុងខ្លួនឯងខ្ពស់ មានជំនាញការទំនាក់ទំនងនឹងអ្នកដទៃល្អ តែខ្វះជំនាញផ្សេងទៀតដែលត្រូវប្រើក្នុងការរស់នៅរួមគ្នាជាមួយអ្នកដទៃ ដូចជាការចែករំលែក ការយល់ចិត្តយល់ថ្លើមអ្នកដទៃ ជាដើម ដោយសារតែត្រូវបណ្ដោយតាមចិត្តរហូតធ្លាប់ខ្លួន។
4 . ឪពុកម្ដាយដែលចិញ្ចឹមកូនយ៉ាងបណ្ដែតបណ្ដោយ( Uninvolved)
ការចិញ្ចឹមកូនបែបនេះ អាចហៅបានមួយបែបទៀតថា ជាការចិញ្ចឹមកូនបែបបោះចោល អាចដោយសារតែឪពុកម្ដាយបដិសេធមិនចង់បានកូនតាំងពីដំបូង ឬវីវក់លង់តែក្នុងបញ្ហា និងសម្ពាធក្នុងជីវិតប្រចាំថ្ងៃ រហូតដល់គ្មានពេលវេលាមើលថែទាំយកចិត្តទុកដាក់កូន ធ្វើឱ្យកូនមិនបានទទួលការយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយឪពុកម្ដាយប្រភេទនេះនឹងប្រតិបត្តិដាក់កូនដូចខាងក្រោម…ៈ
- ផ្ដល់ការមើលថែទាំយកចិត្តទុកដាក់ចំពោះកូនតិចបំផុត ឬព្រងើយកន្តើយនឹងកូន
- ឪពុកម្ដាយស្ទើរតែមិនផ្ដល់ការចាប់អារម្មណ៍ ឬឆ្លើយតបតម្រូវការរបស់កូនសោះឡើយ
- មិនទាមទារ ឬដាក់របៀបវិន័យអ្វីៗដល់កូនទាំងអស់
- ឪពុកម្ដាយនឹងថែទាំកូនត្រឹមតែរឿងរាងកាយ ការហូបចុក និងតម្រូវការគោលៗប៉ុណ្ណោះ
កូននឹងក្លាយទៅជាមនុស្សបែបណា?
- ចេះរស់ដោយខ្លួនឯង គឺក្មេងនឹងរៀនយល់ដឹងក្នុងការចេះរស់ដោយខ្លួនឯង មិនពឹងអ្នកដទៃ។
- ជាមនុស្សសម្លឹងមើលពិភពលោកក្នុងន័យអវិជ្ជមាន និងច្រើនតែតតាំងសង្គម។
- មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនឃើញគុណតម្លៃរបស់ខ្លួនឯង ខ្វះភាពជឿជាក់លើខ្លួនឯង។
- ពិបាកគ្រប់គ្រងអារម្មណ៍។
- មិនងាយជឿទុកចិត្តនរណាឡើយ មានអារម្មណ៍មិនជឿជាក់ ឬភ័យខ្លាចនៅពេលត្រូវពឹងពាក់អ្នកដទៃ។
- ខ្វះជំនាញចូលសង្គម សាងសម្ព័ន្ធភាពល្អៗជាមួយអ្នកដទៃមិនបាន ឬពិបាកធ្វើបាន។
- ធំឡើងនឹងក្លាយជាមនុស្សវ័យជំទង់ដែលច្រើនតែមានទង្វើបែបប្រថុយនឹងកំហុស ដូចជា ញៀនគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ជាដើម។
ឪពុកម្ដាយដែលមើលថែទាំកូនយ៉ាងល្អដិតដល់ នឹងធ្វើឱ្យកូន(ជាពិសេស)ក្នុងអំឡុងវ័យជំទង់មានទង្វើ និងការសម្របខ្លួនបានល្អ តែផ្ទុយទៅវិញ បើឪពុកម្ដាយបណ្ដោយតាមចិត្តកូន ឬបណ្ដែតបណ្ដោយ មិនខ្វល់ អាចធ្វើឱ្យកូនក្នុងវ័យកុមារ និងវ័យជំទង់ប្រថុយប្រថាននឹងការប្រតិបត្តិខ្លួនដែលមិនល្អ៕