“អាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីនដែលល្អ ជួយកាត់បន្ថយភាពឃ្លានអាហារនៅចន្លោះពេលថ្ងៃបាន” សម្រង់ពីរបាយកាណ៍ការសិក្សាស្រាវជ្រាវរបស់ Journal of Diary Science កាលពីខែតុលា ឆ្នាំ2018កន្លងទៅ។
ក្រុមអ្នកស្រាវជ្រាវបានឱ្យមនុស្សធំរាងកាយរឹងមាំប្រក្រតីទទួលទានអាហារពេលព្រឹក 2ចំណែក។ ចំណែកដំបូង ជាអាហារស៊ីរៀលដែលមានកាបូហាយដ្រេតខ្ពស់ មួយចំណែកទៀតជាទឹកដោះគោ 1កែវដែលមានប្រូតេអ៊ីន 12.4ក្រាម រួចហើយពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមម្ដង។ បន្ទាប់ពីអាហារពេលព្រឹក 2 – 3ម៉ោង គ្រប់គ្នាបានទទួលទានអាហារថ្ងៃត្រង់ដែលមានកាបូហាយដ្រេតខ្ពស់ និងពិនិត្យកម្រិតជាតិស្ករក្នុងឈាមម្ដងទៀត បន្ទាប់ពីនោះអ្នកស្រាវជ្រាវនឹងចាប់ផ្ដើមសួរនាំអំពីកម្រិតភាពឃ្លានអាហារយ៉ាងលម្អិត។
អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលទទួលទានប្រូតេអ៊ីនច្រើនជាងអ្នកឯទៀតក្នុងអាហារពេលព្រឹក មានកម្រិតជាតិស្ករក្នុងឈាមទាបចុះ និងកម្រិតភាពឃ្លានអាហារថយចុះផងដែរក្នុងថ្ងៃតែមួយ។
មូលហេតុព្រោះ ប្រូតេអ៊ីនប្រើពេលរំលាយយូរជាងកាបូហាយដ្រេត ទើបវាជាប្រភពកំណើតនៃភាពឃ្លានអាហារដែលថយចុះទៅដែរ តែការស្រាវជ្រាវនេះបានណែនាំថា រឹតតែទទួលទានប្រូតេអ៊ីនច្រើនឡើង ពេលវេលានៃការរំលាយអាហារក៏រឹតតែយូរឡើងដែរ ដូច្នេះហើយទើបការទទួលទានប្រូតេអ៊ីនឱ្យច្រើនឡើងហុចផលល្អដល់អ្នកដែលត្រូវធ្វើកិច្ចការងារជាប់ ឬធ្វើការក្នុងអំឡុងពេលថ្ងៃយូរដែលមានពេលទទួលទានអាហារតិច ឬតែមួយដង រួមទាំងអ្នកដែលត្រូវការសម្រកទម្ងន់ទៀតផង តែកុំទទួលទានប្រូតេអ៊ីនច្រើនជ្រុលពេកក្នុងអំឡុងពេលមុនចូលគេង ព្រោះអាចហុចផលឱ្យរាងកាយធ្វើការខ្លាំងដើម្បីរំលាយអាហារក្នុងអំឡុងពេលដែលរាងកាយត្រូវគេងសម្រាក រហូតធ្វើឱ្យយើងគេងមិនលក់។
ទោះជាប្រូតេអ៊ីនដែលប្រើក្នុងការស្រាវជ្រាវនេះជាទឹកដោះគោដែលមានប្រូតេអ៊ីនច្រើន ហើយអ្នកស្រាវជ្រាវប្រាប់ថា ប្រូតេអ៊ីនដែលយើងគួរទទួលទានបន្ថែមនៅពេលព្រឹកជាប្រូតេអ៊ីនប្រភេទណាក៏បានក្ដី តែសុំឱ្យជាប្រូតេអ៊ីនដែលល្អ មានជាតិខ្លាញ់តិចក៏គ្រប់គ្រាន់ហើយ ដែលអាចមានដូចជា សាច់មាន់ ត្រី សណ្ដែកលឿង ឬស៊ុតក៏បាន៕