ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី20តុលានេះថា កម្ពុជាបានរកឃើញអ្នកវិជ្ជមានជាមួយនឹង Covid-19 ចំនួន2ករណីបន្ថែមទៀត នេះឱ្យតួលេខនៃអ្នកជំងឺ Covid-19 ដែលត្រូវបានរកឃើញនៅកម្ពុជា កើនឡើងដល់285នាក់។
ករណីថ្មីនេះត្រូវបានរកឃើញកាលពីម្សិលមិញ (19តុលា) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅរាជធានីភ្នំពេញ។ អ្នកជំងឺថ្មីទាំង2ករណីនេះគឺជាប្ដីប្រពន្ធនឹងគ្នា និងមានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពួកគេបានធ្វើដំណើរពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី18តុលា2020។
អ្នកដំណើរចំនួន106នាក់ផ្សេងទៀតដែលធ្វើដំណើរតាមយន្តហោះជាមួយនឹងអ្នកជំងឺខាងលើ ក៏កំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុប ចំនួន285នាក់ ក្នុងនោះមាន280នាក់បានជាសះស្បើយ និង5នាក់កំពុងទទួលការព្យាបាល។ ក្នុងចំណោមអ្នកជំងឺទាំង5នាក់ដែលកំពុងសម្រាកព្យាបាលនេះ មានជនជាតិខ្មែរ3នាក់ និងជនបរទេសចំនួន2នាក់។
នៅទូទាំងពិភពលោក ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកផ្ទុកវីរុសថ្មីចំនួន12,266នាក់ ដែលនេះឱ្យអ្នកបានឆ្លងវីរុសCovid-19 កើនឡើងដល់40,647,566នាក់ ក្នុងនោះមាន1,122,984នាក់បានស្លាប់ និង30,352,918នាក់បានជាសះស្បើយ៕
ប្រភព៖ ក្រសួងព័ត៌មាន, Worldometers