ប្រទេសចិនចាប់ផ្ដើមផ្ដល់វ៉ាក់សាំងប្រភេទសាកល្បងដល់ពលរដ្ឋមួយចំនួននៅក្នុងទីក្រុង Jiaxing នៃខេត្ត Zhejiang ភាគខាងកើតប្រទេសនេះ ក្នុងតម្លៃ60ដុល្លារអាមេរិក។
អាជ្ញាធរទីក្រុង Jiaxing កាលពីថ្ងៃទី15តុលា បានឱ្យដឹងថា ពលរដ្ឋដែលមានវ័យចាប់ពី18ដល់59ឆ្នាំ ដែលមានតម្រូវការចាំបាច់ អាចសុំប្រឹក្សាយោបល់នៅមន្ទីរពេទ្យដើម្បីទិញវ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Sinovac Biotech ដែលអាជ្ញាធរកំពុងផ្ដល់សម្រាប់ក្រុមមនុស្សមួយចំនួន ដូចជាបុគ្គលិកសុខាភិបាលជាដើម។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរោគឆ្លងនៃទីក្រុង Jiaxing មិនបានបញ្ជាក់ថា “តម្រូវការចាំបាច់” គឺជាអ្វីខ្លះនោះទេ។ ចំណែកក្រុមមន្ត្រីក៏មិនបានឱ្យដឹងថា មានមនុស្សប៉ុន្មាននាក់នៅក្នុងទីក្រុងនេះបានចាក់វ៉ាក់សាំងនេះនោះដែរ។ វ៉ាក់សាំងនេះ ត្រូវចាក់ជាពីរលើក និងឃ្លាតពីគ្នា28ថ្ងៃ។ អាជ្ញាធរឱ្យដឹងថា វ៉ាក់សាំងនេះមានតម្លៃ400យុន ប្រហែលនឹង59ដុល្លារអាមេរិក។
យោងតាមអាជ្ញាធរក្រុង Jiaxing ប្រទេសចិនបានផ្ដល់វ៉ាក់សាំងដល់ពលកររាប់សែននាក់នៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជានៅកំពង់ផែ មន្ទីរពេទ្យ និងនៅតាមតំបន់ដែលប្រឈមនឹងហានិភ័យឆ្លងវីរុសខ្ពស់។
ប្រទេសចិន បើទោះជាមានវ៉ាក់សាំងចំនួន11ប្រភេទបានឈានដល់ដំណាក់កាលប្រើប្រាស់សាកល្បង ក្នុងនោះមាន4ប្រភេទស្ថិតក្នុងដំណាក់កាលទីបីក៏ដោយ ប៉ុន្តែមិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានផ្ដល់អាជ្ញាប័ណ្ណដើម្បីអាចដាក់លក់ក្នុងទីផ្សារនៅឡើយ។
ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ប្រភេទវ៉ាក់សាំងមួយចំនួននៅក្នុងករណីចាំបាច់នាពេលកម្លងមក ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ណាមួយបង្ហាញថា មានករណីប្រតិកម្មអាក្រក់ក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។ ទីក្រុងប៉េកាំងបានព្យាករថា ប្រទេសចិននឹងមានការផ្ដល់វ៉ាក់សាំងជាទ្រង់ទ្រាយធំនៅចុងឆ្នាំនេះផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុន ក្រុមមន្ត្រីចិនបានប្រកាសថា ប្រទេសនេះអាចផលិតវ៉ាក់សាំងបានចំនួន610លានអំពូលនៅចុងឆ្នាំ2020 និងបានសង្កត់ធ្ងន់ថា វានឹងមានតម្លៃសមរម្យ។ ចំណែកប្រធានាធិបតីចិន លោក Xi Jinping ក៏ធ្លាប់បានប្រកាសថា វ៉ាក់សាំងចិន នឹងក្លាយជា “ផលិតផលសាធារណៈនៅទូទាំងពិភពលោក”។
សូមបញ្ជាក់ថា ប្រទេសចិនបានចុះឈ្មោះចូលរួមការដេញថ្លៃមួយដែលត្រូវបានដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាឱ្យបានប្រាកដថា វ៉ាក់សាំង Covid-19 នឹងត្រូវបានចែកចាយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនៅក្នុងពិភពលោក។ ទីក្រុងប៉េកាំងមិនបាននិយាយលម្អិតអំពីខ្ទង់ប្រាក់ដែលខ្លួនបានសន្យានៅក្នុងកិច្ចព្រមព្រៀងមួយនេះទេ។ កិច្ចព្រមព្រៀងនេះមានគោលដៅដើម្បីបង្កើតមូលនិធិមួយដែលនឹងមានតម្លៃ2ពាន់លានដុល្លារអាមេរិក ក្នុងបំណងផ្ដល់វ៉ាក់សាំង Covid-19 ទៅឱ្យប្រទេសក្រីក្រចំនួន92 ក្នុងពិភពលោកដែលមានចំណូលទាប និងមធ្យម៕
ប្រភព៖ AFP