នៅពេលដែលដឹងខ្លួនថាតាំងគភ៌ហើយ មានរឿងចាំបាច់ច្រើនយ៉ាងណាស់ដែលស្រ្តីត្រូវរៀនយល់ដឹង និងធ្វើដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ថ្ងៃនេះឡារ៉ែនមានរឿងក្បែរខ្លួនដែលសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ដែលត្រូវប្រតិបត្តិមកជម្រាបជូនដូចខាងក្រោម។
ការសម្រាក ៈ ស្រ្តីមានគភ៌ត្រូវការគេងក្នុងអំឡុងពេលយប់ពី 8 – 10ម៉ោង ឬគេងឱ្យបានច្រើនរហូតទាល់តែអ្នកមានអារម្មណ៍ថា ស្រួលកាយសប្បាយខ្លួន មិននឿយល្វើយ និងខណៈពេលគេង ស្រ្តីមានគភ៌គួរគេងផ្អៀងខាងឆ្វេង ព្រមទាំងអង្កុញជង្គង់បន្តិច ដើម្បីចៀសវាងមិនឱ្យស្បូនដែលមានទំហំធំនោះទៅសង្កត់លើសរសៃឈាម ដែលជាហេតុបណ្ដាលឱ្យ ឈាមហូរមកចិញ្ចឹមទងសុកមិនបានល្អ។ ការគេងមួយស្រឡេតនៅពេលថ្ងៃរសៀលនឹងជួយដល់ស្រ្តីមានគភ៌បានច្រើនណាស់ និងទោះជាការគេងនោះមិនលក់ក៏ដោយ តែការគេង និងការសម្រាកបន្ធូរសាច់ដុំ គឺជារឿងល្អសម្រាប់ស្រ្តីមានគភ៌។
ការស្លៀកសម្លៀកបំពាក់ និងស្បែកជើង ៈ ស្រ្តីមានគភ៌អាចត្រូវការទិញសម្លៀកបំពាក់ស្លៀកក្នុងអំឡុងពេលមានគភ៌ រឿងសំខាន់ដែលស្រ្តីមានគភ៌មិនគួរភ្លេច ក៏គឺសម្លៀកបំពាក់ទាំងនោះត្រូវធ្វើឱ្យខ្លួនមានអារម្មណ៍សប្បាយស្រួលខណៈស្លៀក។ អាវឈុតគ្របផ្ទៃពោះគួរតែជាសម្លៀកបំពាក់ដែលស្លៀកសប្បាយស្រួលខ្លួន និងងាយស្រួលថែរក្សា រួមទាំងអាវទ្រនាប់ផង គួរប្រើអាវសម្រាប់ស្រ្តីមានគភ៌ ឬបំបៅដោះកូន ខណៈពេលជាមួយគ្នា គួរពាក់ស្បែកជើងកែងទាប ព្រោះខណៈពេលតាំងគភ៌ ការទប់លំនឹងខ្លួនរបស់ស្រ្តីមានគភ៌នឹងមិនល្អដូចប្រក្រតីនោះទេ។ ការពាក់ស្បែកជើងកែងខ្ពស់ៗអាចធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងឈឺខ្នង រួមទាំងងាយនឹងកើតឧប្បត្តិហេតុទៀតផង ជាពិសេសនៅពេលអាយុគភ៌ចាប់ពី 7ខែឡើងទៅ ។
ការមើលថែទាំរក្សាសុខភាពធ្មេញ និងប្រអប់មាត់ ៈ ស្រ្តីមានគភ៌គួរផ្ដល់ការចាប់អារម្មណ៍លើសុខភាពធ្មេញ និងប្រអប់មាត់របស់ខ្លួនជាពិសេស ដោយសារតែក្នុងចន្លោះពេលនេះ ស្រ្តីមានគភ៌ច្រើនតែទទួលទានអាហារញឹកញាប់ ឬចង់ញ៉ាំអាហារផ្អែមខ្លាំងជាងប្រក្រតី។ អ័រម៉ូនដែលប្រែប្រួលក្នុងអំឡុងការតាំងគភ៌ច្រើនតែធ្វើឱ្យអញ្ចាញធ្មេញរបស់ស្រ្តីមានគភ៌ងាយក្នុងការរលាកឆ្លងមេរោគ និងការក្អួតចង្អោរក្នុងអំឡុងពេលចាញ់កូនដែលច្រើនតែមានអាស៊ីតពីក្រពះចេញមកច្រើនជាដើម ទាំងអស់ដែលរៀបរាប់មកនេះ នឹងធ្វើឱ្យធ្មេញរបស់ស្រ្តីមានគភ៌ងាយនឹងពុកខូចជាងប្រក្រតី ដូច្នេះស្រ្តីមានគភ៌ត្រូវឧស្សាហ៍មើលថែទាំ និងរក្សាអនាម័យសុខភាពមាត់-ធ្មេញដោយការសម្អាតអញ្ចាញធ្មេញ ធ្មេញ និងប្រអប់មាត់ឱ្យបានជាប់ជាប្រចាំ៕