ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។
ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន
តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។
អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។
ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?
អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។
តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។
រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន
- ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
- លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
- ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
- ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
- បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។
5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។
អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…៕