អនាគតអ្នកម្ដាយជាច្រើនតែងតែមានក្ដីវិតក្កកង្វល់អំពីសុវត្ថិភាពរបស់កូននៅក្នុងផ្ទៃ រួមទាំងការភ័យបារម្ភថា នឹងកើតការរលូត ដែលជាញឹកញាប់ការព្រួយបារម្ភលើរឿងទាំងនេះនឹងធ្វើឱ្យកើតភាពតានតឹងធុញថប់ក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ដែលការពិតទៅ អត្រាការរលូតបុត្រត្រូវបានជួបប្រទះមានត្រឹមតែ 10%នៃការតាំងគភ៌ប៉ុណ្ណោះ ដោយមូលហេតុរបស់ការរលូតបុត្រនេះមានច្រើនយ៉ាងណាស់ តែទាំងអស់នោះ យើងអាចគ្រប់គ្រង និងការពារការរលូតបុត្របាន។
បច្ច័យប្រថុយប្រថានដែលធ្វើឱ្យកើតការរលូតបុត្រ មានដូចជា ៈ
- ធ្លាប់មានប្រវត្តិដាក់កងអនាម័យពន្យារកំណើតដែលមានសភាវជ្រៀតជ្រែកពីជំងឺ។
- ធ្លាប់រលូតបុត្រច្រើនដងរួចមកហើយ។
- មានក្ដីខកបំណង អស់សង្ឃឹម សោកសៅយ៉ាងធ្ងន់ធ្ងរពីបញ្ហាការងារ ឬក្នុងជីវិតផ្ទាល់ខ្លួន។
- បានទទួលរងគ្រោះថ្នាក់ ឬឧប្បត្តិហេតុដោយផ្ទាល់ និងរងការបោកប៉ះរាងកាយយ៉ាងខ្លាំងក្លា។
- ធ្វើការធ្ងន់ ការលើករបស់របរធ្ងន់ៗ ឬការលេងកីឡាដែលត្រូវប្រើកម្លាំងកាយខ្លាំងៗ រួមទាំងការពក្មេងក៏អាចនឹងហុចផលប៉ះពាល់ដូចគ្នាដែរ។
- មានភេទសម្ព័ន្ធក្នុងអំឡុងពេលតាំងគភ៌ ជាពិសេសជាមួយស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់រលូតបុត្រញឹកញាប់។
អាការដែលបង្ហាញថា កើតសភាវរលូតបុត្រ
- មានអាការឈឺនៅត្រង់ថ្ងាសខាងក្រោម(ក្រោមផ្ចិត) មានឈាមស្រស់ៗចេញមកតាមរន្ធស្បូន។ ទោះជាហូរចេញមកតិច ឬច្រើនក៏ដោយ ក៏ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដែរ។
- មានអាការឈឺនៅត្រង់ថ្ងាសខាងក្រោម(ក្រោមផ្ចិត)យ៉ាងខ្លាំង ឬឈឺជាប់ៗគ្នាច្រើនថ្ងៃ។
- មានឈាមហូរចេញមកតាមរន្ធស្បូនដូចមានវដ្តរដូវប្រចាំខែ ឬមានឈាមហូរចេញមកតិចតួចជាប់ៗគ្នាយូរលើស 3ថ្ងៃ។
- មានវត្ថុរាវ ខាប់ធ្លាក់ចេញមកតាមរន្ធស្បូនជាដុំឈាម ឬដុំសាច់ពណ៌ផ្កាឈូក នេះបង្ហាញថា ចាប់ផ្ដើមមានអាការរលូតបុត្រហើយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យដោយខ្ចប់វត្ថុរាវ ខាប់ដែលហូរចេញមកនោះទៅជាមួយផងជាបន្ទាន់ ព្រោះជួនកាលដុំខាប់ៗទាំងនោះអាចជាផ្នែកមួយនៃតួកំណើតដែលត្រូវបានរលូតចេញមក។
ការមើលថែទាំ និងការពារដើម្បីមិនឱ្យកើតការរលូតបុត្រ
- បើសិនធ្លាប់មានប្រវត្តិ ឬមានបច្ច័យប្រថុយប្រថានណាមួយដែលអាចនឹងធ្វើឱ្យកើតអាការរលូតបុត្របាននោះ គួរប្រាប់ទៅគ្រូពេទ្យតាំងពីពេលទៅពិនិត្យគភ៌លើកដំបូង ដើម្បីឱ្យគ្រូពេទ្យជួយមើលថែទាំយ៉ាងដិតដល់។
- ព្យាយាមកុំមានអារម្មណ៍ធុញថប់ មួម៉ៅ ឬតានតឹង។ ត្រូវរកវិធីបន្ធូរអារម្មណ៍ធុញថប់ទាំងនោះយ៉ាងសមរម្យ ដូចជាការស្ដាប់បទចម្រៀងបែបសប្បាយៗ ការធ្វើម៉ាស្សាបន្ធូរអារម្មណ៍ រួមទាំងការគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។
- បើត្រូវជួបនឹងបញ្ហាផ្សេងៗ ទាំងពីកន្លែងធ្វើការ ឬនៅក្នុងផ្ទះ គួរតែរកពេលវេលាសម្រាក ឬបន្ធូរអារម្មណ៍ឱ្យបានច្រើន ដោយអាចនឹងផ្អាកនឹកដល់បញ្ហាទាំងអស់នោះសិន…និងក្រោយពីបាត់ លែងមានអារម្មណ៍ធុញថប់តានតឹងហើយ សឹមងាកមកចាត់ការបញ្ហានោះជាថ្មី ឬក៏ប្រឹក្សាជាមួយមនុស្សជិតដិតណាម្នាក់ដើម្បីសុំការណែនាំផ្ដល់យោបល់ ឬជួយកែបញ្ហាឱ្យយើងក៏បានដែរ។
- ញ៉ាំអាហារដែលមានប្រយោជន៍ឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានកម្លាំងថាមពល និងបានទទួលសារជាតិអាហារដែលគ្រប់គ្រាន់សម្រាប់ការរីកចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ។
- គេចចៀសពីបញ្ហាម្ដងម្កាល កុំលង់ងប់ងល់នៅតែជាមួយបញ្ហា ដូចជាធ្វើការទម្លាយអារម្មណ៍ធុញថប់តានតឹង ឬស្រ្តេសដោយការជជែកនិយាយជាមួយមិត្តភ័ក្តិ ឬស្វាមីអំពីបញ្ហាផ្សេងៗជាដើម ព្រោះការធ្វើបែបនេះក៏អាចនឹងជួយឱ្យយើងបានទម្លាយ និងកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ រួមទាំងអាចនឹងជួយគ្នាដោះស្រាយ កែបញ្ហាទាំងនោះបានផងដែរ។
- មិនគួរព ឬបីក្មេងខណៈខ្លួនឯងកំពុងតាំងគភ៌នោះទេ ព្រោះក្រៅពីមានគ្រោះថ្នាក់ដល់ទារកនៅក្នុងគភ៌ហើយ នៅមានផលប៉ះពាល់ដល់ឆ្អឹងកងខ្នងរបស់ស្រ្តីមានគភ៌ខ្លួនឯងទៀតផង។
- ទៅពិនិត្យគភ៌តាមការណាត់របស់គ្រូពេទ្យយ៉ាងទៀងទាត់ និងម៉ឺងម៉ាត់៕