ក្នុងអំឡុងខែទី 7នេះ ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌នឹងមានប្រមាណ 1,200ក្រាម សភាវចម្រើនធំធាត់របស់ទារកក្នុងគភ៌ចាប់ផ្ដើមមានខ្លាញ់នៅក្រោមស្រទាប់ស្បែកហើយ។ ទារកនៅក្នុងគភ៌ចាប់ផ្ដើមចេះជញ្ជក់ម្រាមដៃខ្លួនឯង ចេះយំ ដឹងរសជាតិប្រៃ ជូរ ផ្អែម និងថែមទាំងទទួលយកការជំរុញផ្សេងៗបានយ៉ាងល្អ ជាពិសេសការឈឺចាប់ និងពន្លឺភ្លឺៗ ដែលបើសិនជាស្រ្តីមានគភ៌ចាំបាច់ត្រូវប្រសូតនៅក្នុងខែនេះ(ប្រសូតមុនកំណត់) ឱកាសដែលទារកនឹងរស់រានមានជីវិតនឹងមានអត្រាខ្ពស់។
ក្នុងខែទី 7 នៃការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ ៈ
. ទារករើបម្រះកាន់តែខ្លាំងឡើង និងជាប់លាប់ជាងមុនច្រើន។
. មានធ្លាក់-សច្រើនឡើង។
. មានអារម្មណ៍ថាឈឺរាងធ្ងន់ធ្លាក់ទៅក្រោមនៅម្ដុំក្រោមផ្ចិត។
. ទល់លាមកកាន់តែខ្លាំងឡើង។
. ចុក ណែន ឆ្អល់ ដោយសារតែអាហារមិនរំលាយ និងហើមពោះ។
. ឈឺក្បាលម្ដងម្កាល ស្រេះាំងភ្នែក និងអាចខ្យល់គមិនស្រួលខ្លួនញឹកញាប់។
. តឹងច្រមុះ អាចមានឈាមហូរចេញមកតាមរន្ធច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។
. មានឈាមចេញនៅតាមជើងធ្មេញយ៉ាងងាយ ពេលដុសសម្អាតធ្មេញ។
. រមួលក្រពើនៅលើជើង។
. ហើមមុខ ជើង ភ្នែកគោល និងដៃ។
. រមាស់នៅលើស្បែកក្បាលពោះ។
. ឈឺខ្នង។
. សរសៃឈាមត្បៀតនៅលើជើង។
. អាចកើតអាការឫសដូងបាតញឹកញាប់ ឬងាយកើតជាងប្រក្រតី។
. ពិបាកដកដង្ហើម ឬដកដង្ហើមមិនបានវែង។
. គេងមិនលក់ ឬគេងលក់ តែលក់មិនស្កប់។
. ស្បូននឹងបង្រួញខ្លួនញឹកញាប់ ទេមិនមានការឈឺចាប់អ្វីទេ។
. អ៊ីកអ៊ាក និងប្រថុយប្រថាននឹងការដួល ដូច្នេះត្រូវប្រយ័ត្នប្រយែងឱ្យមែនទែន។
. អាចមានទឹកដោះពណ៌លឿងៗហូរចេញមកពីក្បាលសុដន់។
. ភ្លេចភ្លាំងច្រើន អារម្មណ៍មិននឹងនរ សមាធិខ្លី។
. វិតក្កកង្វល់ច្រើន។
. មានការចាប់អារម្មណ៍លើភាពជាម្ដាយគេ និងមានការនឹកស្រមៃពាក់ព័ន្ធនឹងកូនកាន់តែច្រើនឡើង។
រឿងដែលគ្រូពេទ្យអ្នកមើលថែទាំគភ៌ ចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…ៈ
1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
2 . ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។
3 . ស្ដាប់សំឡេងបេះដូងលោតរបស់កូននៅក្នុងគភ៌។
4 . ពិនិត្យមើលទំហំ និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។
5 . ពិនិត្យមើលកម្ពស់របស់ស្បូន។
6 . ពិនិត្យ និងតាមដានអាការហើមនៅលើដៃ និងជើង និងសរសៃឈាមត្បៀតនៅលើជើង។
7 . ពិនិត្យមើលក្រែងមានអាការខុសប្រក្រតីផ្សេងៗ។
និងរឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងតាំងគភ៌ខែទី 7នេះគឺ ការប្រសូតមុនកំណត់៕