វេជ្ជបណ្ឌិត Sean Conley បានឱ្យដឹងថា ការធ្វើតេស្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញថា លោកអវិជ្ជមានជាមួយនឹងវីរុសCOVID-19 អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ និងបានបញ្ជាក់ថា “មិនអាចចម្លងទៅអ្នកផ្សេងបានទេ”។
“ខ្ញុំចង់និយាយថា លោក (Trump) បានទទួលលទ្ធផលអវិជ្ជមានអស់រយៈពេលច្រើនថ្ងៃជាបន្តបន្ទាប់ នៅពេលធ្វើតេស្តដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស Abbot BinaxNOW” វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley បានឱ្យដឹងដូច្នេះនៅក្នុងកំណត់ហេតុមួយដែលត្រូវបានប្រកាសប្រាប់សារព័ត៌មានកាលពីថ្ងៃទី12តុលា ខណៈដែលលោក Trump ធ្វើដំណើរទៅកាន់រដ្ឋ Florida ដើម្បីបន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ក្រុមមន្ត្រីនៅសេតវិមានមិនបានឱ្យដឹងលម្អិតអំពីពេលវេលាជាក់លាក់នោះទេ ប៉ុន្តែបានអះអាងថា ទិន្នន័យនៃការធ្វើតេស្ត អនុញ្ញាតឱ្យក្រុមវេជ្ជបណ្ឌិតប្រចាំសេតវិមាន អាចសន្មតបានថា “ប្រធានាធិបតីលែងមានហានិភ័យក្នុងការចម្លងវីរុសទៅអ្នកដទៃទៀតហើយ”។
តាមបទពិសោធន៍កន្លងមក ក្រុមអ្នកវេជ្ជសាស្ត្រផ្នែករោគឆ្លងឱ្យដឹងថា អ្នកដែលបានឆ្លងវីរុសCOVID-19 អាចមិនមានរោគសញ្ញា ឬមិនមានហានិភ័យក្នុងការចម្លងវីរុសទៅអ្នកផ្សេង ប៉ុន្តែពួកគេនៅតែមានផ្ទុកវីរុសនៅក្នុងរាងកាយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី11តុលាបានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកថា លោក “ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានទាំងស្រុង” ជាមួយនឹងCOVID-19។
សូមរំឭកថា កាលពីថ្ងៃទី2តុលា លោក Trump បានប្រកាសថា លោក និងភរិយា បានឆ្លងវីរុសCOVID-19 ហើយបន្ទាប់មកក៏បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធា Walter Reed ដើម្បីទទួលការព្យាបាល។ លោក Trump បានចេញពីមន្ទីរពេទ្យ និងត្រលប់មកសេតវិមានកាលពីថ្ងៃទី5តុលាដើម្បីបន្តធ្វើការនៅក្នុងការិយាល័យបណ្ដោះអាសន្នដែលស្ថិតនៅក្រោមដីដែលជាប់នឹងបន្ទប់សុខាភិបាល ដើម្បីអាចតាមដាន និងពិនិត្យសុខភាពបានភ្លាមនៅពេលមានអាការរោគណាមួយកើតឡើង។ ថ្ងៃទី7តុលា លោក Trump ក៏បានត្រលប់ចូលធ្វើការក្នុងបន្ទប់រាងពងក្រពើ (The Oval Office)។ ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសឈប់ប្រើប្រាស់ថ្នាំព្យាបាលCOVID-19 ចាប់ពីថ្ងៃទី9តុលា៕
ប្រភព៖ Reuters