តើមិត្តអ្នកអានដឹងឬទេថា ការហូបសាច់មនុស្ស(Cannibalism)ធ្លាប់ត្រូវបានគេចាត់ទុកថាជាវិធីព្យាបាលជំងឺម្យ៉ាងដូចគ្នា។ ក្នុងសម័យសតវត្សរ៍ទី 17 ជនជាតិអឺរ៉ុបច្រើនតែប្រើប្រាស់រាងកាយរបស់ម៉ាំមី(សាកសពមនុស្សក្រៀម)ដែលកិនម៉ដ្ឋហើយមកធ្វើជាឱសថសម្រាប់ព្យាបាលអាការឈឺក្បាល ចំណែកខ្លាញ់ ឈាម និងឆ្អឹងរបស់មនុស្សសុទ្ធតែធ្លាប់ត្រូវនាំយកមកប្រើប្រាស់ក្នុងការព្យាបាលរោគជាច្រើនប្រភេទ ប៉ុន្តែការហូបសាច់មនុស្សនាពេលបច្ចុប្បន្ន ក្រៅពីនឹងខុសច្បាប់ហើយ ថែមទាំងជារឿងដែលមិនមានការពេញនិយមដូចដែលគេធ្លាប់ធ្វើកាលពីយុគសម័យបុរាណនោះឡើយ។
តែបើយើងសាកល្បងលើកជាសំណួរតាមគោលការណ៍វិទ្យាសាស្រ្តមើលថា តើសាច់មនុស្ស កាពិតទៅអាចហូបបានដែរឬទេ? ប្រហែលជាត្រូវឆ្លើយយ៉ាងច្បាស់លាស់ថា មិនបានជាដាច់ខាត! ព្រោះការហូបសាច់មនុស្សនេះ មានគ្រោះថ្នាក់ខ្លាំងក្លាណាស់ និងអាចធ្វើឱ្យអ្នកដែលហូបចូលទៅនោះប្រថុយប្រថានដល់ថ្នាក់ស្លាប់ទៀតផង។
ចំណុចពិតច្បាស់ដំបូងគេគឺ សាច់មនុស្សអាចចាត់ទុកបានថា ជាសាច់ក្រហមដែលបើសិនប្រៀបធៀបនឹងសាច់ក្រហមប្រភេទផ្សេងវិញ អាចរាប់បានថាមានកាឡូរីទាបបំផុត យោងតាមការងារស្រាវជ្រាវមួយបានអះអាងថា សាច់មនុស្សមានកាឡូរីក្នុងកម្រិត 1,300គីឡូកាឡូរីក្នុងសាច់មួយគីឡូក្រាម ដែលអាចនិយាយបានថា តិចជាងសាច់គោ និងប្រៀបធៀបមិនបានតែម្ដងជាមួយសាច់ខ្លាឃ្មុំ និងជ្រូកព្រៃ។
ការពិតទៅ រាងកាយរបស់មនុស្សយើងមានរោគផ្សេងៗជាច្រើនបង្កប់នៅខាងក្នុង ដែលសូមប្រាប់ទៅចុះថា បើសិនជាហូបចូលទៅ លោកអ្នកនឹងត្រូវជួបនឹងមេរោគដែលសែនអាក្រក់ខ្លាំងជាអាហារដែលមានជាតិពុលទៅទៀត។ អ្នកហូបសាច់មនុស្សឆៅៗមានឱកាសខ្ពស់ណាស់ក្នុងការឆ្លងមេរោគ និងវីរុសដែលបង្កប់នៅក្នុងឈាម មិនថាតែវីរុសរលាកថ្លើម មេរោគ HIV និងអ៊ីបូឡា និងទោះជាយើងចម្អិនរហូតឆ្អិនក៏ដោយ ក៏ភាពប្រថុយប្រថានមិនបានថយចុះដែរ។ ករណីនេះធ្លាប់កើតឡើងចំពោះជនកុលសម្ព័ន្ធ ហ្វូរេ( Fore)នៅ ប៉ាពួនីវហ្គីនី ដោយជនកុលសម្ព័ន្ធពួកនេះនឹងហូបខួរក្បាល និងរាងកាយសាច់ញាតិរបស់ពួកគេដែលបានស្លាប់ ព្រោះពួកគេប្រកាន់ថា ជាទំនៀមទម្លាប់ប្រពៃណីមួយដែលត្រូវតែប្រតិបត្តិរបស់កុលសម្ព័ន្ធ។ ប៉ុន្តែទំនៀមទម្លាប់នេះត្រូវបានរំលាយចោលក្រោយពីមានមនុស្សស្លាប់អស់ជាច្រើនក្នុងអំឡុងឆ្នាំ1950 – 1960 ដោយសារជំងឺសភាវខុសប្រក្រតីក្នុងប្រព័ន្ធប្រសាទដ៏កម្រដែលមានឈ្មោះថា KURU ដែលជាលទ្ធផលបណ្ដាលមកពីការហូបខួរក្បាលរបស់អ្នកដែលមានជំងឺនេះ។
នៅក្នុងផ្នែកច្បាប់វិញ ការហូបសាច់មនុស្សនៅមានភាពមិនច្បាស់លាស់មួយចំនួនដែលជាប់នៅក្នុងតំបន់ពណ៌ប្រផេះ។ ការហូបសាច់មនុស្សក្នុងអត្ថន័យការហូបសាច់ខ្លួនឯងគឺ មិនខុសច្បាប់ទេនៅក្នុងប្រទេសអាមេរិក និងអង់គ្លេស តែដូចដែលថាអ៊ីចឹង ការចង់រកសាច់មនុស្សមកហូបធ្វើជាអាហារពេលល្ងាចបាន ប្រាកដណាស់លោកអ្នកត្រូវតែប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដូចជាការសម្លាប់មនុស្សយកសាច់ ឬលួចសាកសពអ្នកដទៃមកពន្លះយកសាច់ហូប ដែលទាំងនោះគឺជាទង្វើខុសច្បាប់យ៉ាងពិតប្រាកដ!។ ដូច្នេះមានហេតុផលតែមួយគត់ដែលអ្នកអាចហូបសាច់មនុស្សបានដោយមិនជាប់គុកនោះគឺ អ្នកត្រូវហូបសាច់ខ្លួនឯង( Autocannibalism)ដែលកន្លងមកមានការធ្វើបែបនោះពិតប្រាកដមែននៅក្នុងផ្នែកវេជ្ជសាស្រ្ត។ ឧទាហរណ៍គឺ Placentophagy ឬការហូបសុករបស់ខ្លួនឯងចំពោះស្រ្តីដើម្បីស្ដារសុខភាពឡើងវិញក្រោយការប្រសូតបុត្រ ដែលគេនាំគ្នាជឿថា វានឹងជួយបង្កើនកម្លាំងថាមពល និងបន្ថយឱកាសនៃកើតសភាវសោកសៅក្រោយប្រសូតដោយការធ្វើឱ្យកម្រិតអ័រម៉ូនរបស់ស្រ្តីជាម្ដាយនៅនឹងស្មើ។ យ៉ាងណាក៏ដោយ វិទ្យាសាស្រ្តនៅតែមិនទាន់អាចធានាបានថា វិធីបែបបុរាណប្រភេទនេះនឹងមានប្រយោជន៍ចំពោះសុខភាពដូចដែលគិតនោះមែនឬយ៉ាងណានៅឡើយ។
វិធីការខាងវេជ្ជសាស្រ្តដ៏មហាចម្លែកនេះល្បីល្បាញខ្លាំងណាស់នៅក្នុងពិភពតារាហូលីវូដល្បីៗ ដូចជា ឃីម ខាដាសៀន និងអាលីសៀ ស៊ីលវើស្តូន ធ្លាប់បានចេញមកសារភាពថា ពួកនាងបានប្រើវិធីបែបបុរាណនេះដើម្បីស្ដារស្ថានភាពរាងកាយ។ ក្រៅពីនោះ នៅមានក្រុមហ៊ុនជាច្រើនទៀតនៅសហរដ្ឋអាមេរិកដែលបម្រើសេវាកម្មកិនសុករបស់ស្រ្តីទើបឆ្លងទន្លេរួចធ្វើជាម្សៅមុននឹងដាក់ចូលទៅក្នុងគ្រាប់កាប់ស៊ូលថ្នាំដើម្បីញ៉ាំបំប៉នរាងកាយដូចគ្នានឹងគ្រាប់វីតាមីនដែរ។ យ៉ាងណាក៏ដោយ CDC (Centers for Disease Control) អង្គភាពការពារជំងឺឆ្លងរបស់អាមេរិកបានចេញមកប្រកាសដាស់តឿនថា ទោះជាមានការរីកចម្រើនខ្លាំងខាងតិចណូឡូជីវេជ្ជសាស្រ្តក៏ដោយ តែការព្យាបាលដោយវិធីបែបនេះ អាចមិនមែនជាការគិតដែលល្អត្រឹមត្រូវឡើយ។
បើអ្នកណាចូលចិត្តញ៉ាំសាច់ សូមប្រាប់ទៅចុះថា សាច់ជ្រូកហ្នឹងហើយដែលជាសាច់មានសុវត្ថិភាពបំផុត និងរសជាតិថែមទាំងស្រដៀងៗសាច់មនុស្សទៀតផង។ នេះជាការអះអាងពី អ៊ើ…ឃាតកររោគចិត្ត ចា៎ស៕