ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី10តុលានេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1នាក់បន្ថែមទៀត ដែលករណីនេះកើតឡើងចំពោះស្ត្រីជនជាតិបារាំង។
ករណីវិជ្ជមានថ្មីនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី9តុលា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកជំងឺបានស្នាក់នៅក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ បន្ទាប់ពីបានធ្វើដំណើរពីប្រទេសបារាំង និងឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី8តុលា។ បច្ចុប្បន្ន អ្នកជំងឺនេះកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងទទួលការព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពជាបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុប 283នាក់ ក្នុងនោះមាន277នាក់បានជាសះស្បើយ និង6នាក់កំពុងទទួលការព្យាបាល។
ដោយឡែក នៅទូទាំងពិភពលោក មកដល់ពេលនេះ បានរកឃើញអ្នកផ្ទុកCOVID-19 សរុបឡើងដល់37,098,805នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន1,072,569នាក់ អ្នកបានជាសះស្បើយមានចំនួន27,890,353នាក់ និងអ្នកកំពុងព្យាបាលមានចំនួន8,135,880នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers