វ៉ាក់សាំងទប់ស្កាត់វីរុសCOVID-19 ដែលផលិតដោយប្រទេសរុស្ស៊ី តាមគម្រោងនឹងមានតម្លៃទាបជាង បើធៀបនឹងវ៉ាក់សាំងដែលផលិតដោយបណ្ដាប្រទេសនៅអឺរ៉ុប។
Igor Artemyev មេដឹកនាំនៃអង្គភាពទប់ស្កាត់ពាណិជ្ជកម្មផ្ដាច់មុខរបស់រុស្ស៊ី (FAS) បានបង្ហើបឱ្យដឹងថា វ៉ាក់សាំងប្រឆាំង COVID-19 របស់រុស្ស៊ី នឹងមានតម្លៃទាបជាង1,000រូប (ប្រហែល13ដុល្លារអាមេរិក)។ បើទោះ វាមានតម្លៃថ្លៃជាងស្ដង់ដារបស់អឺរ៉ុប ប៉ុន្តែ FAS យល់ថា តម្លៃបច្ចុប្បន្នរបស់វ៉ាក់សាំងរុស្ស៊ីនេះ នៅតែខ្ពស់នៅឡើយ។
មេដឹកនាំ FAS ឱ្យដងឹងថា៖ “យើងយល់ថា តម្លៃ (វ៉ាក់សាំងរុស្ស៊ី) បច្ចុប្បន្ននៅតែខ្ពស់។ វ៉ាក់សាំងថ្មីត្រូវបានផលិតឈុតតូចៗម្ដង1ឈុតៗ ហើយពួកគេត្រូវការទុនដើម្បីបង្កើនចង្វាក់ផលិតកម្ម”។
យោងតាម FAS តម្លៃរបស់វ៉ាក់សាំងនេះនឹងថយចុះនៅពេលផលិតផលបានកើនឡើង។ ពេលនោះ វ៉ាក់សាំងនេះនឹងត្រូវបានប្រើប្រាស់ទូលំទូលាយ។ រុស្ស៊ីក៏នឹងពិនិត្យទៅលើតម្លៃវ៉ាក់សាំងរបស់ខ្លួនឡើងវិញ នៅពេលប្រទេសផ្សេងៗ អាចផលិតវ៉ាក់សាំងផ្ទាល់ខ្លួន។
វ៉ាក់សាំងCOVID-19 របស់រុស្ស៊ី ត្រូវបានគេជឿថា មានតម្លៃទាបជាងវ៉ាក់សាំងរបស់លោកខាងលិច។ កាលពីខែសីហា Moderna ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ មានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុននេះនឹងមានតម្លៃចាប់ពី32-37ដុល្លារក្នុង1អំពូល។ ចំណែក វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer មានតម្លៃប្រហែល20ដុល្លារ។
កាលពីថ្ងៃទី11សីហា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដោយបានចុះឈ្មោះវ៉ាក់សាំងCOVID-19 ដែលមានឈ្មោះថា Sputnik-V។ នេះគឺជាវ៉ាក់សាំងដែលត្រូវបានស្រាវជ្រាវ និងអាភិវឌ្ឍដោយមជ្ឈមណ្ឌលស្រាវជ្រាវរោគឆ្លង និងមីក្រូជីវសាស្ត្ររបស់ប្រទេសរុស្ស៊ី។
បើទោះជាមិនទាន់ឆ្លងផុតដំណាក់កាលនៃការប្រើប្រាស់សាកល្បងលើកទីបី ប៉ុន្តែ រុស្ស៊ីបានអះអាងថា វ៉ាក់សាំងរបស់ប្រទេសនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។ លោក Putin បានថ្លែងថា កូនស្រីរបស់លោក បានចាក់វ៉ាក់សាំងនេះរួចហើយ និងនៅតែមានសុខភាពល្អ មាំមួន។
ក្រុមមន្ត្រីរុស្ស៊ីបានឱ្យដឹងថា ប្រទេសនេះទទួលបានការស្នើទិញវ៉ាក់សាំងទប់ស្កាត់ COVID-19 ប្រមាណជា1.2ពាន់លានអំពូល ពីប្រទេសនានា ព្រមទាំងកំពុងចរចាជាមួយប្រទេសជាង10នៅមជ្ឈិមបូព៌ា អាមេរិកកណ្ដាល និងនៅអាស៊ីផងដែរ។
រុស្ស៊ីមានគោលដៅផលិតវ៉ាក់សាំង Sputnik V ឱ្យបាន30លានអំពូលនៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេស។
ក្រៅពី Sputnik-V វ៉ាក់សាំងប្រឆាំង COVID-19 ទីពីររបស់រុស្ស៊ី ដែលអភិវឌ្ឍដោយវិទ្យាស្ថាន Vector តាមគម្រោងនឹងត្រូវបានចុះឈ្មោះនៅពាក់កណ្ដាលខែតុលានេះ។ តម្លៃដែលខ្ពស់បំផុតរបស់វ៉ាក់សាំងនេះ គឺប្រហែល1,000រូប៕
ប្រភព៖ RT