ក . នែ បើយើងខ្វះវីតាមីន D ត្រូវធ្វើយ៉ាងម៉េចទៅ?
ខ . ខ្វះវីតាមីនអី ក៏ទិញវីតាមីនហ្នឹងមកញ៉ាំទៅ មានលក់ម៉ាគំនរ
គ . ធ្លាប់ឮគេប្រាប់ថា ជំងឺពុកឆ្អឹងពាក់ព័ន្ធនឹងវីតាមីន D ណា៎…
ខ . មែនហ្អេ៎? វាអត់ពាក់ព័ន្ធនឹងកាល់ស្យូមសោះ…
គ . វិតាមីន Dហ្អេ៎? វាមាននៅក្នុងពន្លឺថ្ងៃហ្នឹងណា៎…
ខ . ស្រុកយើងថ្ងៃក្ដៅយ៉ាងហ្នឹង មិនខ្វះវីតាមីន D ទេ
តាមរយៈបទសន្ទនាខាងលើ វេជ្ជបណ្ឌិតជំនាញ និងជាអ្នកធ្វើការវិភាគរឿងវីតាមីន D បានប្រាប់ថា មនុស្សជាច្រើនខ្វះចំណេះដឹងពាក់ព័ន្ធនឹងវីតាមីន D ឬបើទោះជាដឹង និងដឹងយ៉ាងច្បាស់ពីភាពសំខាន់របស់វីតាមីន Dមែន តែបែរជាយល់ច្រឡំថា យើងរស់នៅក្នុងប្រទេសក្ដៅ នឹងបានទទួលពន្លឺថ្ងៃយ៉ាងបរិបូណ៍សម្រាប់រាងកាយក្នុងការសាងវីតាមីន Dយ៉ាងគ្រប់គ្រាន់ហើយ។
តាមរយៈការស្រាវជ្រាវបានរកឃើញថា ប្រជាជនដែលរស់នៅក្នុងតំបន់ទីក្រុងមានសភាវខ្វះវីតាមីន D ច្រើនណាស់ ដោយមនុស្សចាស់អាយុ 60ឆ្នាំឡើងខ្វះវីតាមីន D មានប្រមាណជា 65% ក្រុមមនុស្សក្នុងវ័យលែងមានបុត្រ 60% ក្រុមស្រ្តីដែលអស់វដ្តរដូវមានច្រើនដល់ទៅ 80% ជាហេតុធ្វើឱ្យក្រុមមនុស្សទាំងនោះកើតមានភាពប្រថុយប្រថានក្នុងការកើតជំងឺពុកឆ្អឹងនាពេលអនាគត។
វីតាមីន D នឹង “រោគពុកឆ្អឹង”
វីតាមីន D ជាវីតាមីនដែលមានភាពចាំបាច់ចំពោះរាងកាយមនុស្ស ដោយវានឹងទៅជួយទប់ស្កាត់ការបញ្ចេញអ័រម៉ូន ប៉ារ៉ាថៃរ៉យដ៍(Parathyroid)ជាអ័រម៉ូនគ្រោះថ្នាក់ ដែលនឹងទៅបំផ្លាញកាលស្យូមចេញពីឆ្អឹង។ ក្រៅពីនេះវីតាមីន D នៅជួយសាងសារធាតុ អូស្តេអូខាល់ស៊ីន(Osteocalcin)ជួយទាញកាល់ស្យូមចូមក្នុងឆ្អឹង និងជួយសាងសាច់ដុំឱ្យរឹងមាំ។ ជាការការពាររោគពុកឆ្អឹងបានមួយផ្លូវ និងថែមទាំងជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការដួលរបស់មនុស្សចាស់បានទៀតផង។
វីតាមីន D នឹង “ពន្លឺថ្ងៃ”
មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ស្រេចហើយថា វីតាមីន D ពាក់ព័ន្ធនឹងពន្លឺថ្ងៃ តែ…ពាក់ព័ន្ធយ៉ាងណានោះ យើងអាចអធិប្បាយបានយ៉ាងងាយបំផុតគឺ នៅពេលរាងកាយបានទទួលពន្លឺថ្ងៃ រាងកាយប្រៀបដូចជា “គ្រឿងបំប្លែង” ដែលអាចបំប្លែងពន្លឺថ្ងៃដែលទទួលបាននោះឱ្យក្លាយទៅជាវីតាមីន D បានដោយឯកឯងជាស្វ័យប្រវត្តិ។ វីតាមីន D ដែលកើតឡើងនោះនឹងចាកចេញពីស្បែកឆ្ពោះទៅសរសៃឈាមតូចៗខាងក្រោមស្បែក ដោយធ្វើប្រតិកម្មជាមួយប្រូតេអ៊ីនចាប់វីតាមីន D ចូលទៅក្នុងក្រសែឈាម និងឆ្ពោះទៅរកអវយវៈផ្សេងៗជាបន្ត ដូចជាថ្លើម ក្រលៀន ពោះវៀន ឆ្អឹង ដើម្បីបឺតជ្រាបយកកាល់ស្យូមធ្វើឱ្យឆ្អឹងរឹងមាំហ្នឹងឯង។
ទទួលបានពន្លឺថ្ងៃយ៉ាងម៉េច ទើបគ្រប់គ្រាន់
នៅពេលនិយាយថា ត្រូវទទួលពន្លឺថ្ងៃ នារីៗច្បាស់ថ្ងូររហ៊ឹសជាមិនខាន ព្រោះកម្ដៅដ៏ក្ដៅរបស់ព្រះអាទិត្យនៅស្រុកយើងនេះពិបាកនឹងទ្រាំទ្របានណាស់ តែវេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា អំឡុងពេលដែលស័ក្តិសមក្នុងការទទួលយកពន្លឺថ្ងៃ គឺម៉ោង06.00 – 09.00 និងម៉ោង15.00 – 17.00 ជាអំឡុងពេលដែលពន្លឺថ្ងៃមិនក្ដៅខ្លាំង និងមិនបង្កអន្តរាយដល់ស្បែកមនុស្សខ្លាំងពេកទេ ដោយរយៈពេលត្រឹមតែ 30នាទីដែលស្បែកបើកទទួលយកពន្លឺថ្ងៃចូលមកក្នុងរាងកាយនេះនឹងអាចសាងវីតាមីន Dដល់រាងកាយបានដល់ទៅ 1,000យូនីតឯណោះ។
ញ៉ាំផ្សិត ជម្រើសមួយទៀតក្នុងការទទួលបាន “វីតាមីន D”
រុក្ខជាតិដែលមានវីតាមីន D ខ្ពស់បំផុតគឺ ផ្សិត។ ទាំងវាស្ថិតនៅក្នុងទីម្លប់ និងសើម តែបែរជាមានសារធាតុដែលជាតួផ្ដើមកំណើតឱ្យវីតាមីន Dខ្ពស់បំផុតនៅពេលដែលសារធាតុត្រូវពន្លឺថ្ងៃផ្លាស់ប្ដូរក្លាយជាវីតាមីន D ដូច្នេះបើយើងបេះផ្សិតបានមក ត្រូវយកផ្សិតនោះទៅដាក់ហាលថ្ងៃប្រមាណជាកន្លះម៉ោង ទៅមួយម៉ោង រួចសឹមយកមករក្សាទុកក្នុងទូទឹកកក ហើយទាំងអស់នេះ ផ្សិតដែលហាលថ្ងៃរួចអាចយកទៅរក្សាទុកក្នុងទូទឹកកកបានយូររហូតដល់ទៅ 14ថ្ងៃ។ ក្រៅពីផ្សិតហើយ គេនៅអាចរកវីតាមីន D បានពី សាច់ត្រី ថ្រៅត៍ ត្រីប្លាធូ និងគ្រំអយស្ទ័របានផងដែរ។
ឡារ៉ែនសង្ឃឹមថា មិត្តអ្នកអានប្រហែលជាបានទទួលចំណេះដឹងល្អៗពាក់ព័ន្ធនឹងវីតាមីន D ដែលជាប្រយោជន៍ល្មមសមគួរហើយ ជាពិសេសនារីៗដែលខ្លាចពន្លឺថ្ងៃ ចូរងាកមកផ្ដល់ភាពសំខាន់ជាមួយវីតាមីន D ព្រមជាមួយការមើលថែទាំសុខភាពលើផ្នែកផ្សេងៗទៀតដើម្បីឱ្យបានស្អាត សង្ហា សុខភាពរឹងមាំ ចាកឆ្ងាយជំងឺទាំងអស់គ្នា៕