ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា ការឆ្លងវីរុសCOVID-19 គឺជា “ពរជ័យពីព្រះ” ព្រោះថា វាជួយឱ្យលោកក្ដាប់បាននូវកម្រិតនៃប្រសិទ្ធភាពរបស់ថ្នាំដែលកំពុងត្រូវបានប្រើប្រាស់សាកល្បង។
កាលពីថ្ងៃទី7តុលា លោក Trump បានបង្ហោះវីដេអូមួយនៅលើ Twitter បង្ហាញអំពីរូបភាពរបស់លោកនៅក្នុងសួនផ្កាកុលាប(Rose Garden) របស់សេតវិមាន។ ប្រធានាធិបតីអាមេរិក មានស្មារតីល្អ ប៉ុន្តែពេលខ្លះ លោកហាក់ពិបាកដកដង្ហើម ហើយលោកក៏ទំនងជាត្រូវបានគេតុបតែងខ្លួនប្រាណមុខមាត់ឱ្យផងដែរ។
“ខ្ញុំគិតថា នេះគឺជាពរជ័យពីព្រះដែលខ្ញុំមានឱកាសទទួលបាន។ នៅក្នុងហានិភ័យ តែងតែមានឱកាស” លោក Trump ថ្លែងដូច្នេះសំដៅទៅលើការដែលលោកបានប្រើប្រាស់ថ្នាំមួយចំនួនក្នុងការព្យាបាល COVID-19។ លោក Trump បានប្រាប់អំពីប្រសិទ្ធភាពរបស់ថ្នាំដែលកំពុងសាកល្បងរបស់ក្រុមហ៊ុន Regeneron ដោយថ្លែងថា លោកបានស្នើឱ្យក្រុមវេជ្ជបណ្ឌិតប្រើប្រាស់ថ្នាំនេះ និងយល់ថា ការប្រសើរឡើងវិញរបស់លោក ក៏ដោយសារប្រសិទ្ធភាពរបស់ថ្នាំ។
ម្ចាស់សេតវិមានបានសន្យាថា នឹងជំរុញឱ្យមានការផ្ដល់ថ្នាំនេះជូនដល់ពលរដ្ឋអាមេរិកាំងដទៃទៀតផងដែរ។ “ខ្ញុំចង់ឱ្យគ្រប់គ្នាទទួលបានការប្រព្រឹត្តដោយភាពស្មើគ្នាដូចប្រធានាធិបតីរបស់អ្នករាល់គ្នា” លោក Trump បាននិយាយបែបនេះ និងបានបង្ហាញអំពីការជឿជាក់ដែលថា នឹងមានវ៉ាក់សាំងនៅមុនថ្ងៃបោះឆ្នោត។
កាលពីថ្ងៃទី7តុលា ប្រធានាធិបតីអាមេរិកបានវិលមកកាន់បន្ទប់ការិយាល័យរាងពងក្រពើ (The Oval Office) នៅសេតវិមាន ដើម្បីបន្តដឹកនាំប្រទេស ក្រោយពីបានត្រលប់មកពីមន្ទីរពេទ្យយោធា Walter Reed នៅក្នុងរដ្ឋ Maryland។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី7តុលា ក្រុមវេជ្ជបណ្ឌិតរបស់លោក Trump បាននិយាយថា ប្រធានាធិបតីអាមេរិកលែងមានរោគសញ្ញារបស់COVID-19 ទៀតហើយ នៅក្នុងរយៈពេល24ម៉ោង។ ប៉ុន្តែសេចក្ដីប្រកាសនេះមិនបាននិយាយលម្អិតអំពីស្ថានភាពសុខភាព និងការប្រើប្រាស់ថ្នាំរបស់លោក Trump នោះទេ។
នៅឯសេតវិមាន ជំនួយការ និងសមាជិករដ្ឋាភិបាលជាច្រើនរូបរបស់លោក Trump បានឆ្លងវីរុសCOVID-19 ក្នុងនោះមានដូចជា លោក Bill Stepien (ប្រធានយុទ្ធនាការឃោសនាបោះឆ្នោត) លោកស្រី Ronna McDaniel (ប្រធានគណៈកម្មការជាតិរបស់បក្សសាធារណរដ្ឋ) លោកស្រី Kayleigh McEnany (លេខាផ្នែកសារព័ត៌មានរបស់សេតវិមាន) លោកស្រី Hope Hicks (ជំនួយការប្រធានាធិបតី) លោក Stephen Miller (ទីប្រឹក្សាគោលនយោបាយ) រួមនឹងបុគ្គលិកសារព័ត៌មានរបស់សេតវិមានជាច្រើនរូបទៀតក៏បានឆ្លងវីរុសនេះដែរ៕
ប្រភព៖ Reuters, AFP, CNN