មហាសេដ្ឋី Bill Gates បានថ្លែងថា បណ្ដាប្រទេសអភិវឌ្ឍ អាចត្រលប់មករកភាពដើមវិញនៅចុងឆ្នាំ2021 បើសិនជាវ៉ាក់សាំងប្រឆាំងCOVID-19 ត្រូវបានចែកចាយក្នុងទ្រង់ទ្រាយធំ និងប្រើប្រាស់ទូលំទូលាយ។
“នៅចុងឆ្នាំក្រោយនេះ គ្រប់យ៉ាងនឹងអាចត្រលប់មករកស្ថានភាពដើមទាំងស្រុងវិញបានហើយ។ នោះគឺជាករណីល្អបំផុត” លោក Bill Gates បានប្រាប់សារព័ត៌មាន The Wall Street Journal ដូច្នេះ។
សហស្ថាបនិករបស់ Microsoft រូបនេះ ឱ្យដឹងថា៖ “បច្ចុប្បន្ន យើងមិនទាន់ដឹងថា ពេលណាទើបការអភិវឌ្ឍវ៉ាក់សាំងទទួលបានជោគជ័យនោះទេ។ ការផលិតក្នុងបរិមាណច្រើន ក៏ទាមទារឱ្យមានការចំណាយពេលច្រើនផងដែរ”។
នៅតំបន់អឺរ៉ុប វ៉ាក់សាំងចំនួន2ប្រភេទដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer/BioNTech និង AstraZeneca/សាកលវិទ្យាល័យ Oxford គឺជាបេក្ខភាពកំពូលក្នុងការប្រជែងគ្នាដើម្បីផលិតវ៉ាក់សាំងទប់ស្កាត់COVID-19។
បច្ចុប្បន្ន ប្រទេសរុស្ស៊ី និងចិន សុទ្ធតែបានផ្ដល់អាជ្ញាបណ្ណដល់វ៉ាក់សាំងCOVID-19 បើទោះជាកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទីបីក៏ដោយ។
កាលពីដើមឆ្នាំនេះ មូលនិធីមនុស្សធម៌របស់គ្រួសារលោក Bill Gates បានប្រកាសអំពីខ្ទង់ជំនួយបន្ថែមដែលមានតម្លៃ150លានដុល្លារសម្រាប់កិច្ចប្រឹងប្រែងក្នុងការទប់ទល់នឹងCOVID-19 ក្នុងនោះ ការជំរុញលើកទឹកចិត្តដល់គម្រោងផលិតវ៉ាក់សាំងគឺជាបញ្ហាអាទិភាព។
អំពីយន្តការនៃការចែកចាយវ៉ាក់សាំង បច្ចុប្បន្នមានប្រទេសអ្នកមានជាង70 បានសន្យាចូលរួមអនុវត្តគម្រោងចែកចាយវ៉ាក់សាំងCOVID-19 នៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក ក្នុងបំណងជួយដល់ការទិញ និងចែកចាយវ៉ាក់សាំងប្រកបដោយយុត្តិធម៌។
លោក Seth Berkley នាយកប្រតិបត្តិរបស់សម្ព័ន្ធវ៉ាក់សាំងសកល Gavi បានឱ្យដឹង បច្ចុប្បន្ន ប្រទេសជប៉ុន អាល្លឺម៉ង់ ន័រវេស និងប្រទេសជាង70ផ្សេងទៀងបានចូលរួមក្នុងយន្តការ COVAX ដែលយល់ព្រមចំពោះគោលការណ៍ទិញវ៉ាក់សាំងCOVID-19 តាមរយៈគម្រោងចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោក។
COVAX ត្រូវបានសហការដឹកនាំដោយ Gavi អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធប្ដូរផ្លាស់សម្រាប់ការទប់ទល់នឹងអាសន្នរោគ (CEPI)។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តឱ្យបណ្ដារដ្ឋាភិបាលជំរុញការអភិវឌ្ឍវ៉ាក់សាំងCOVID-19 ការផ្ដោតទៅលើការចាក់វ៉ាក់សាំងទៅឱ្យក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅគ្រប់ប្រទេស រួមចំណែកជួយផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យម។ COVAX នឹងជួយឱ្យពលរដ្ឋក្នុងពិភពលោក អាចទទួលបានការចាក់វ៉ាក់សាំងដោយការចំណាយប្រាក់តិចជាងធម្មតា។
តាមរយៈ COVAX រួមនឹងកត្តាជាច្រើនទៀតដែលទាក់ទងនឹងការដោះស្រាយបញ្ហាសុខាភិបាល មហារោគរាតត្បាតCOVID-19 ដែលបានសម្លាប់មនុស្សជាង1លាននាក់នេះ នឹងត្រូវបានលប់បំបាត់នាពេលខាងមុខ៕
ប្រភព៖ Dailymail