មនុស្សជាច្រើនប្រហែលជាធ្លាប់លេបគ្រាប់ផ្លែឈើចូលពោះដោយមិនបានតាំងចិត្ត តាំងពីគ្រាប់តូចៗ ដូចជាគ្រាប់ផ្លែក្រូចពោធិ៍សាត់ គ្រាប់ក្រូចឆ្មារ គ្រាប់ត្របែក ឬគ្រាប់ដែលធំៗជាងនោះ ដូចជាគ្រាប់អម្ពិល គ្រាប់ទៀប គ្រាប់ផ្លែបំពេញរាជ្យ ឬគ្រាប់ផ្លែគុយ ជាដើមមិនខាន ទើបបណ្ដាលឱ្យមានចម្ងល់មួយឡើងថា ការពិតទៅការច្រឡំលេបគ្រាប់ផ្លែឈើចូលទៅក្នុងពោះនេះ មានគ្រោះថ្នាក់ច្រើន-តិចប៉ុនណា និងបើជ្រុលលេបចូលទៅហើយ គួរធ្វើយ៉ាងណា?
លេបគ្រាប់ផ្លែឈើចូលពោះ មានគ្រោះថ្នាក់យ៉ាងណា?
គ្រោះថ្នាក់ចំពោះផ្លូវដង្ហើម
មុននឹងជ្រៅចូលទៅដល់ប្រអប់ពោះ គ្រាប់ផ្លែឈើទាំងនោះមានភាពប្រថុយប្រថាននឹងការស្លាក់ក្នុងបំពង់ក បិទផ្លូវដង្ហើម រហូតធ្វើឱ្យដកដង្ហើមមិនរួច(ក្នុងករណីនេះអាចប្រថុយប្រថាននឹងការស្លាប់បានក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ បើមិនអាចយកគ្រាប់ផ្លែឈើដែលស្លាក់ជាប់នៅក្នុងនោះចេញមកបានទាន់ពេលវេលាទេនោះ) ជាពិសេសគ្រាប់ដែលមានទំហំធំ និងរឹង អាចរឹតតែមានគ្រោះដល់ជីវិតបានយ៉ាងឆាប់រហ័ស។ ក្នុងករណីដែលស្លាក់ជាប់នៅក្នុងបំពង់ផ្លូវដង្ហើម តែមិនបានបិទជិតរហូតដល់ដកដង្ហើមមិនរួចនោះ អាចធ្វើឱ្យបំពង់ផ្លូវដង្ហើមឆ្លងមេរោគ រលាកក្លាយ និងក្អកមានឈាម ឬខ្ទុះចេញមកជាដើម។
គ្រោះថ្នាក់ចំពោះបំពង់អាហារ
ក្នុងករណីដែលឆ្លងផុតបំពង់ដង្ហើមហើយ តែក៏អាចមិនមែនមានន័យថា វត្ថុចម្លែកដូចជាគ្រាប់ផ្លែឈើទាំងនោះនឹងហូររអិលធ្លាក់ចុះទៅដល់ក្រពះ ពោះវៀនធំ រហូតបន្ទោបង់ចេញមកក្រៅរាងកាយវិញបានសម្រេចជានិច្ចនោះដែរ បើជាគ្រាប់ដែលមានទំហំធំ ឬមានផ្នែកមុតស្រួចដែលអាចជាប់នៅក្នុងបរិវេណបំពង់អាហារក្នុងរយៈពេលយូរដោយមិនព្រមរបូតធ្លាក់ចេញ អាចធ្វើឱ្យសាច់ភ្នាសបរិវេណនោះមានអាការរលាកក្លាយជាដំបៅ អាចដល់ថ្នាក់ធ្លុះបំពង់អាហារនៅត្រង់នោះបាន។
គ្រោះថ្នាក់ចំពោះពោះវៀន
តែបើគ្រាប់ផ្លែឈើនោះមានភាពរលោងរអិលខ្លះនោះ អាចនឹងហូរចុះទៅបានឆ្ងាយរហូតទៅដល់ពោះវៀន តែនៅតាមផ្លូវអាចនឹងជាប់នៅត្រង់ផ្នែកណាមួយ ជាពិសេសពោះវៀនធំដែលច្រើនតែជួបប្រទះថា បាំងពោះវៀនរហូតធ្វើឱ្យកើតសភាវស្ទះនៅក្នុងពោះវៀន ឬបើជាគ្រាប់ដែលមានភាពមុតស្រួច ដូចជាគ្រាប់ផ្លែទៀប និងគ្រាប់ផ្លែបំពេញរាជ្យជាដើម នៅពេលឆ្លងផុតក្រពះហើយ សាច់ផ្លែឈើដែលរអិលៗនោះក៏នឹងបាត់អស់ នៅសល់តែគ្រាប់រឹងៗដែលមានភាពមុតស្រួចដែលអាចបង្កឱ្យពោះវៀនធំមានរបួស ឬធ្លុះ ធ្វើឱ្យលាមកលេចជ្រាបចេញមកក្នុងប្រអប់ពោះ នាំឱ្យកើតអាការឆ្លងមេរោគនៅក្នុងក្រសែឈាម រហូតធ្វើឱ្យអាការធ្លាក់ចុះធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់បានដូចគ្នា។
បើភ្លេចខ្លួនច្រឡំលេបគ្រាប់ផ្លែឈើចូលពោះហើយ តើត្រូវធ្វើយ៉ាងណា?
បើជាគ្រាប់តូចៗ ដូចជាគ្រាប់ក្រូចពោធិ៍សាត់ គ្រាប់ផ្លែក្រូចឆ្មារ គ្រាប់ត្របែក ឬគ្រាប់ផ្សេងទៀតដែលមានខ្នាតមិនធំនោះ បើឆ្លងផុតបំពង់ខ្យល់(បំពង់ដង្ហើម) និងបំពង់អាហារទៅដល់ក្រពះហើយ ប្រហែលជាមិនមានអ្វីគួរឱ្យបារម្ភនោះទេ(លើកលែងតែស៊យធំ គ្រាប់នោះធ្លាក់ចូលទៅក្នុងខ្នែងពោះវៀន ធ្វើឱ្យកើតបញ្ហាធំដូចដែល ឡារ៉ែនបានជម្រាបកាលពីលេខ 115 រួចហើយ)។
តែបើជាគ្រាប់ដែលមានទំហំធំបន្តិច ដូចជា គ្រាប់អម្ពិល គ្រាប់ផ្លែទៀប ឬគ្រាប់មង្ឃុតដែលមានភាពរឹង និងមិនសូវជារអិលខ្លាំងប៉ុន្មាននោះ អាចមានភាពប្រថុយប្រថានក្នុងការស្លាក់ជាប់នៅក្នុងបំពង់ខ្យល់ ឬផ្លូវដង្ហើមបាន។ ចូរសង្កេតមើលអាការរបស់ខ្លួនឯងថា អាចដកដង្ហើមចេញចូលបានស្រួលដែរឬទេ និងរង់ចាំសង្កេតមើលអាការ 2 – 3ថ្ងៃ បើគ្មានអាការខុសប្រក្រតីអ្វីទេ ក៏អាចរស់នៅជាប្រក្រតីបាន តែបើសិនជាដកដង្ហើមមិនស្រួល ថប់ៗ ឬចុកពោះ គួរប្រញាប់ទៅពេទ្យជាបន្ទាន់។
និងចុងក្រោយ បើសិនជាគ្រាប់ទំហំធំ និងមានភាពមុតស្រួចនៅខាងក្នុង ដូចជាគ្រាប់ផ្លែបំពេញរាជ្យវិញ អ្នកជំនាញណែនាំឱ្យប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យតាំងពីដំបូងៗ ដោយមិនចាំបាច់រង់ចាំសង្កេតមើលអាការអ្វីឡើយ ព្រោះមានភាពប្រថុយប្រថានខ្ពស់ដែលនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយបានខ្លាំងជាងគ្រាប់ផ្លែឈើតូចៗ៕