សេចក្ដីស្រឡាញ់ធ្វើឱ្យពិភពលោកភ្លឺថ្លាស្រស់ស្រាយ និងកាន់តែគួរឱ្យចង់រស់នៅខ្លាំងឡើង តែ តើទស្សនៈពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់របស់កូនតូចរបស់យើងវិញ យ៉ាងណាដែរទៅហ្ន៎?…ក្មេងវ័យតេះតះនៅមិនទាន់ស្គាល់សេចក្ដីស្រឡាញ់ទេ គេដឹងតែត្រឹមថា ប៉ា និងម៉ាក់ គឺជារបស់ផស់គេ គឺបើគេត្រូវការនៅពេលណា ឬយ៉ាងណានោះ ប៉ាម៉ាក់ត្រូវតែជាអ្នកតបស្នងឱ្យគេភ្លាម មិនថាតែការឱបថើប លួងលោម របស់លេង ឬចំណីអាហារនោះឡើយ គេត្រូវតែបានវាមកតាមដែលគេត្រូវការ។
ដូច្នេះ យើងនាំគ្នាមកបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់កូនយើងទាំងអស់គ្នា និងបើកចិត្តឱ្យទូលាយដើម្បីមេរៀនជីវិតរបស់កូន…
បេះដូងសំខាន់របស់ការបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តកូនឱ្យបានសម្រេចគឺ អាណាព្យាបាលត្រូវមានក្ដីមេត្តាករុណាចំពោះកូនតូចរបស់លោកអ្នកជាមុនសិន ព្រោះក្មេងតូចៗតែងតែធ្វើរឿងខុសឆ្គងជាប់ជានិច្ច និងត្រូវរឭកដឹងជាប់ជានិច្ចថា កំហុសឆ្គងដែលកើតឡើងពីភាពមិនដឹងក្ដីរបស់កូននោះ គឺជាមេរៀនជីវិតរបស់កូន ដូច្នេះឪពុកម្ដាយត្រូវចិត្តត្រជាក់ៗ តាំងសតិស្មារតី មិនគួរស្រែកគំហក ក្រេវក្រោធ ឬដាក់ទោសកូនហាក់ដូចជាថា រឿងរ៉ាវដែលកើតឡើងនោះជាកំហុសដ៏ធំធេង ព្រោះរឹតតែលោកអ្នកដាក់ទោស និងប្រើកំហឹងដាក់កូនខ្លាំងប៉ុនណា នឹងរឹតតែទៅបាំងរារាំងបេះដូងតូចមួយរបស់កូនលែងឱ្យហ៊ានក្នុងការរៀនយល់ដឹង មិនហ៊ានក្នុងការហាមាត់សួរ ឬលែងហ៊ាននិយាយស្ដីជាមួយម្ដាយរបស់ខ្លួនទៀតផង។ នៅពេលទៅជាដូច្នេះ វាក៏ប្រហែលជាការលំបាកណាស់ដែលគ្រាប់ពូជនៃសេចក្ដីស្រឡាញ់ក្នុងចិត្តរបស់កូននឹងរីកចម្រើនធំធាត់ចេញផ្កា ចេញផ្លែដើម្បីអ្នកដទៃជាបន្តនោះ។
រឿងល្អៗក្នុងសង្គម ចាប់ផ្ដើមពីគ្រួសារ
កូនតូចគួរបានរៀនយល់ដឹងថា ការជួយគ្នាបន្តិចបន្តួចនោះ គឺជារឿងដែលគ្រួសារត្រូវការ ដោយសារតែគេជាចំណែកមួយរបស់គ្រួសារ ព្រោះយើងសុទ្ធតែអាស្រ័យនៅក្រោមដំបូលតែមួយជាមួយគ្នា និងចុងក្រោយបំផុតទៅគឺ ព្រោះវាជារឿងដែលត្រឹមត្រូវមួយដែលគួរធ្វើ ដូចជា បង្រៀនឱ្យកូនចេះរៀបចំទុកដាក់កន្លែងគេងដោយខ្លួនឯងក្រោយភ្ញាក់ពីគេង ឬប្រមូលទុកដាក់របស់លេងរៀងរាល់ពេលលេងរួច ដោយអាណាព្យាបាលអាចធ្វើជាតារាងតួនាទីការទទួលខុសត្រូវរបស់កូនបិទនៅលើកន្លែងណាដែលងាយមើលឃើញ។ នៅពេលកូនធ្វើតាមតួនាទីក្នុងមួយថ្ងៃបានសម្រេចហើយ ក៏គួរតែមានរង្វាន់ ឬពាក្យសរសើរបន្តិចបន្តួច ដើម្បីឱ្យកូនមានមោទនភាពចំពោះអ្វីដែលគេមានចំណែកធ្វើនោះផង។
យកចិត្តទុកដាក់ បារម្ភ និងអនុគ្រោះ សណ្ដោសមេត្តាគ្នាទៅវិញទៅមក
បង្ហាញឱ្យកូនឃើញថា លោកអ្នកមានក្ដីអាណិតមេត្តាចំពោះបុគ្គលជុំវិញខ្លួន ដោយការយកចិត្តទុកដាក់ និងកង្វល់បារម្ភពីជីវិតរបស់គ្នាទៅវិញទៅមក។ ចាបផ្ដើមយ៉ាងងាយៗពីមនុស្សក្នុងក្រុមគ្រួសារ ដូចជា បើសិនលោកតា លោកយាយឈឺថ្កាត់ លោកអ្នកអាចនឹងបបួលកូនទៅសួរសុខទុក្ខគាត់ដល់ផ្ទះ ដោយមានទិញរបស់ផ្ញើជាប់ដៃទៅជាមួយផង ឬបបួលកូនចូលចង្រ្កានដើម្បីធ្វើម្ហូបអាហារឆ្ងាញ់ៗយកទៅផ្ញើគាត់ក៏បាន។ ការបង្ហាញពីភាពមានទឹកចិត្តល្អ កង្វល់បារម្ភរកគ្នាទៅវិញទៅមកបែបនេះឱ្យកូនៗបានឃើញរហូតក្លាយជារឿងធម្មតា ទម្លាប់ល្អៗទាំងនេះក៏នឹងជ្រួតជ្រាបជាសន្សឹមៗទៅក្នុងដួងចិត្តរបស់កូន និងបញ្ជូនបន្តទៅក្នុងសង្គមដោយស្វ័យប្រវត្តិនៅពេលដែលគេធំឡើង។
ចែករំលែកសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក
រឿងងាយៗដែលគ្រប់ក្រុមគ្រួសារអាចធ្វើបាន តែច្រើនតែមើលរំលងនោះគឺ ការបរិច្ចាគវត្ថុរបស់របរទៅឱ្យអ្នកដែលខ្វះឱកាស។ បើទូដាក់សៀវភៅនៅក្នុងផ្ទះចាប់ផ្ដើមពេញ ឬរាងកាយរបស់កូនចាប់ផ្ដើមធំធាត់រហូតស្លៀកពាក់ខោអាវពីមុនលែងត្រូវ សាកល្បងរៀបចំវត្ថុទាំងនោះ ឬវត្ថុណាដែលលែងត្រូវការប្រើប្រាស់ហើយដាក់ចូលក្នុងឡាំង ហើយបបួលកូនទៅចែករំលែកវត្ថុទាំងនោះដល់អ្នកដទៃ។ រឿងនេះគឺជាមេរៀននៃការចែករំលែកដំបូងគេដែលអាណាព្យាបាលអាចធ្វើបានជាមួយកូនៗ រួមទាំងការធ្វើឱ្យកូនៗមើលឃើញថា លោកអ្នកបានធ្វើនូវរឿងដែលក្រៅពីមុខនាទីរបស់លោកអ្នក ដូចជារីករាយស្វាគមន៍ បើអ្នកជិតខាងផ្ទះត្រូវការជំនួយ ឬផ្ដាំផ្ញើមើលថែទាំសត្វសុនខខណៈដែលពួកគេទៅខរ្តឆ្ងាយ ឬបបួលកូនទៅអានសៀវភៅឱ្យមនុស្សពិការភ្នែកស្ដាប់ ជាដើម។ ការដែលលោកអ្នកលះបង់ពេលវេលារបស់ខ្លួនទៅធ្វើរឿងផ្សេងៗដើម្បីអ្នកដទៃយ៉ាងស្ម័គ្រចិត្ត និងមានសេចក្ដីសុខនេះ មិនត្រឹមតែកូនៗនឹងមានមោទនភាពលើរូបអ្នកប៉ុណ្ណោះទេ តែគេនៅមើលឃើញលោកអ្នកថា ជាគំរូក្នុងការធ្វើអំពើល្អទៀតផង។
សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន
ក្នុងពិភពនៃព័ត៌មាន និងការប្រកួតប្រជែងគ្នាដូចសព្វថ្ងៃនេះ វាអាចទៅរួចខ្លាំងណាស់ដែលកូនៗនឹងមានអារម្មណ៍ថា ពិភពលោកជុំវិញខ្លួនគេពិតជាអាក្រក់ និងមានគ្រោះថ្នាក់ណាស់ ដូច្នេះអាណាព្យាបាលគួរតែដឹកនាំឱ្យកូនសម្លឹងមើលរឿងល្អៗរបស់ពិភពលោកមួយនេះ ឱ្យកូនមានអារម្មណ៍ថា ក្នុងពិភពលោកមួយនេះនៅមានរឿងរ៉ាវជាច្រើនទៀត មិនមែនមានតែភាពអាក្រក់ៗដែលយើងបានឮតាមរយៈព័ត៌មានប៉ុណ្ណោះទេ។
យ៉ាងណាក៏ដោយ ការដែលលោកអ្នកចង់បង្រៀនឱ្យកូនសម្លឹងពិភពលោកក្នុងន័យវិជ្ជមានបាននោះ ឪពុកម្ដាយក៏ត្រូវតែសម្លឹងពិភពលោកក្នុងន័យវិជ្ជមានដូចគ្នា។ អ្វីដែលសំខាន់នោះគឺ បើលោកអ្នកចង់ឱ្យកូនធំឡើងក្លាយជាមនុស្សបែបណា លោកអ្នកក៏ត្រូវធ្វើជាគំរូបែបនោះឱ្យទៅកូន ព្រោះទីបំផុតទៅ រូបកូនហ្នឹងឯងដែលនឹងក្លាយជាផ្ទាំងកញ្ចក់ឆ្លុះបង្ហាញពីរូបពិតប្រាកដរបស់លោកអ្នកចេញមក…។ ដូច្នេះ តើលោកអ្នកចង់ឱ្យកូនធំឡើងក្លាយជាមនុស្សបែបណា???៕