Nicholas Luna ជាជំនួយការផ្ទាល់ម្នាក់ដែលតែងធ្វើការនៅក្បែរប្រធានាធិបតី Donald Trump បានលទ្ធផលវិជ្ជាមានជាមួយនឹងCOVID-19 ក្រោយពីបានធ្វើតេស្តរកមេរោគ ដែលដំណឹងនេះ ត្រូវបានមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN។
លោក Nicholas Luna គឺជាជំនួយការជិតស្និទ្ធម្នាក់របស់លោក Donald Trump ដែលតែងតែអមដំណើរលោកទាំងថ្ងៃ ទាំងយប់។ ភារកិច្ចរបស់លោក Nicholas Luna មានច្រើន រាប់ចាប់ពីត្រួតពិនិត្យឯកសារ ការពិនិត្យទៅលើសុន្ទរកថានានារបស់លោក Trump ការសង្ខេបដំណឹងពីសារព័ត៌មាននិងសៀវភៅសម្រាប់ម្ចាស់សេតវិមាន ឬត្រៀមប៊ិកសម្រាប់លោក Trump ចុះហត្ថលេខា។ល។
ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី1តុលា បានប្រកាសថា លោកនិងលោកស្រី Melania វិជ្ជមានជាមួយនឹង COVID-19 ហើយក្រោយមកក៏បានចូលពេទ្យនៅ Maryland ដើម្បីព្យាបាលជំងឺ។
លោក Sean Conley ដែលជាវេជ្ជបណ្ឌិតរបស់លោក Trump បានឱ្យដឹងថា ប្រធានាធិបតី “នៅមានសុខភាពល្អ និងបានធូរស្រាលជាងមុន”។ លោក Conley បន្តថា លោក Trump មិនមានអាការក្រៅខ្លួន ហើយក៏មិនត្រូវការអ៊ុកស៊ីហ្សែនបន្ថែមនោះដែរ។ បើទោះជា Conley បញ្ជាក់ថា លោក Trump “មិនទាន់ឆ្លងផុតគ្រោះថ្នាក់” ប៉ុន្តែក្រុមគ្រូពេទ្យនៅតែសង្ឃឹមចំពោះស្ថានភាពសុខភាពរបស់លោក។
នៅក្នុងវីដេអូពីមន្ទីរពេទ្យយោធា Walter Reed ជាកន្លែងដែលលោក Trump កំពុងទទួលការព្យាបាលជំងឺCOVID-19 ប្រធានាធិបតីរូបនេះបានឱ្យដឹងថា លោកមានអារម្មណ៍ថាបានប្រសើរជាងមុន ទន្ទឹមនឹងនេះ លោកក៏បានប្រកាសថា “នឹងត្រឡប់មកវិញ” ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ CNN