Hope Hicks ដែលជាទីប្រឹក្សា និងជាជំនួយការផ្ទាល់ម្នាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសCOVID-19 បន្ទាប់ពីបានធ្វើដំណើរជាញឹកញាប់ជាមួយលោក Donald Trump កាលពីពេលថ្មីៗនេះ។
Hope Hicks ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 កាលពីថ្ងៃទី1តុលា បន្ទាប់ពីបានធ្វើទៅដំណើរជាមួយលោក Trump ទៅកាន់កន្លែងឃោសនាបោះឆ្នោតមួយចំនួននៅក្នុងរដ្ឋ Minnesota។ នេះបើតាមការឱ្យដឹងពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។
Hope Hicks បានអមដំណើរលោក Trump ក្នុងការធ្វើដំណើរជាច្រើនលើកទៅកាន់កន្លែងផ្សេងៗកាលពីពេលថ្មីៗនេះ ក្នុងនោះក៏មានព្រឹត្តិការណ៍ជជែកតតាំងគ្នាលើកដំបូងរវាងបេក្ខភាពប្រធានាធិបតី Joe Biden និង Donald Trump នៅ Cleveland កាលពីថ្ងៃទី29កញ្ញាផងដែរ។ Hicks ត្រូវបានគេមើលឃើញនៅលើឧទ្ធម្ភាគចក្រ Marine ONe រួមជាមួយនឹងលោក Trump ដែលធ្វើដំណើរទៅកាន់កន្លែងឃោសនារកសំឡេងឆ្នោតនានានៅក្នុងរដ្ឋ Minnesota។ ទីប្រឹក្សាកំពូលៗរបស់ប្រធានាធិបតី ដូចជា Stephen Miller, Dan Scavino និង Jared Kushner ជាដើម បានដើរក្បែរ Hope Hicks ដោយពុំមាននរណាម្នាក់ពាក់ម៉ាស់នោះទេ។
យ៉ាងណាក៏ដោយ សេតវិមានមិនបាននិយាយដល់ឈ្មោះ Hicks ឬទទួលស្គាល់ថា នាងបានឆ្លងCOVID-19 នោះទេ ប៉ុន្តែអ្នកនាំពាក្យរបស់សេតវិមាន លោក Judd Deere បានអះអាងថា សេតវិមានបានសហការជាមួយក្រុមវេជ្ជបណ្ឌិតរបស់លោក Trump ដើម្បីធានាឱ្យប្រាកដថា គ្រប់យ៉ាងប្រព្រឹត្តទៅតាមការណែនាំរបស់ស្ថាប័នសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងCOVID-19 នៅក្នុងក្រុមប្រតិភូរបស់លោក Trump ដោយរួមទាំងការចេញទៅបំពេញបេសកកម្មនៅខាងក្រៅ ទាំងនៅក្នុងសេតវិមាន។
នៅមុនករណីរបស់ Hicks បុគ្គលិកជាច្រើនរូបនៅសេតវិមាន ក៏បានឆ្លងវីរុសCOVID-19 ក្នុងនោះមាន Katie Miller ដែលជាជំនួយការផ្នែកសារព័ត៌មានរបស់អនុប្រធានាធិបតី Mike Pence និងបុគ្គលិកការពារសន្តិសុខរបស់លោក Trump ផងដែរ៕
ប្រភព៖ Fox News